ព័ត៌មាន

រយៈ​ពេល​១៦​ថ្ងៃ ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំប​ន់​ក្រហម ​បាន​ជាង​ ៦៩​ម៉ឺន​នាក់​, ដូស​ទី​២​ ចាក់​បាន​ជាង​ ៣​ម៉ឺន​នា​ក់
នាយកដ្ឋានព័ត៌មាន(៣)
24
2288 រយៈ​ពេល​១៦​ថ្ងៃ ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំប​ន់​ក្រហម ​បាន​ជាង​ ៦៩​ម៉ឺន​នាក់​, ដូស​ទី​២​ ចាក់​បាន​ជាង​ ៣​ម៉ឺន​នា​ក់

       រយៈ​ពេល​១៦ថ្ងៃ​ នៃ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ ក្នុង​ខ័ណ្ឌ​ទាំង​៦​ ដែល​ជា​តំបន់​ប្រឈម​នឹង​ការ​រី​ករាល​ដាល​ជំងឺ​ កូវីដ-១៩​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្រោម​បទ​បញ្ជា​ផ្ទាល់​រប​ស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នោះ​ ក្រុម​ការងារ​ចា​ក់វ៉ាក់​សាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​ សរុប​១៦​ថ្ងៃ ចា​ក់​បាន​ចំនួន ​៦៩៤,២១៣​នាក់​, ស្រី​ ៣៧៥,២៣៤​នាក់​។​ ដោយ​ឡែក​អ្នក​ចាក់​ដូស​ទី២​ ចាក់​បាន​ ៣,៥៩៦​នាក់​។​

        ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឥ​ត សា​រ៉ាត់​ អគ្គមេ​បញ្ជាការ​រ​ង នា​យសេនាធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​នៅ​តំបន់​ក្រហម​ បាន​កត់​សម្គាល់ថា​ ដំណើរ​កា​រចា​ក់វ៉ាក់​សាំង​ដូស​ទី២​ ដែល​ដំណើរកា​រ​នៅ​ថ្ងៃ​ម្សិល​មិញ ​នៅ​តែដំណើរ​កា​រល្អ​ប្រសើរ ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ក្រុម​ការងារ​​​។ បើទោះ​បី​យ៉ាង​ណា​នាយ​ឧត្តមសេនីយ៍​ បន្តក្រើន​រំលឹក​ដល់​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ទាំង​អស់​ ពិនិត្យ​ពិច័យ​ឱ្យ​បាន​ល្អិត​ល្អន់​បំផុត​ ក្នុង​កា​រចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ ​ធ្វើយ៉ាង​ត្រូវ​ប្រាកដ​គម្លាត​ការ​ចាក់​រវាង​ដូស​ទី១​ មក​ដូស​ទី​២ មាន​រយៈ​ពេល ​១៤​ថ្ងៃ និ​ង​ចាក់​ឱ្យត្រឹមត្រូវ​តាម​បច្ចេកទេស ដើ​ម្បី​ធានា​ថា ​ពល​រដ្ឋមាន​វ៉ាក់​សាំង​ក្នុង​ខ្លួន​ការពារ​ជំងឺ​កូវី​ដ​១៩​។​ ជាមួយ​គ្នា នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​ក៏​បាន​បញ្ជាក់ ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ចាក់​វ៉ាក់​សាំង​ដូសទី​២​ ត្រូវ​យក​ឯកសារ​ និង​បំពេញ​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​។ ឯកសារ​ និង​លក្ខខណ្ឌ​ដែល​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី២​នេះ​ រួម​មាន​៖ យក​ឯកសារ​ជា​ទម្រង់​ចាក់​វ៉ាក់​សាំង​ដូសទី១​មក​ជា​មួយ​, ចាក់​ដូស​ទី​១ នៅ​កន្លែង​ណា ​ត្រូវ​ចាក់​ដូស​ទី​២​ នៅ​កន្លែង​ដដែល​នោះ,​ ត្រូវ​ដឹង​ពេល​វេលា​ ដែល​កំណត់​ចាក់​ដូស​ទី​២​ (គ្រប់​១៤​ថ្ងៃ)​ ចៀសវាង​ការ​មក​កកកុញ ​និង​ប៉ះ​ពាល់​ដល់ប្រសិទ្ធភាព​រប​ស់ថ្នាំ។​ ជា​ពិសេស​នោះ ​អ្នក​ដែល​មាន​ជំងឺកូវីដ​១​៩ មិ​ន​អនុញ្ញាត​ឱ្យទៅចាក់​ដូស​ទី២​នោះ​ឡើយ​។​

         ឯកឧត្តម​ ឥត​ សា​រ៉ាត់​ ក៏​បាន​អំពាវនា​វដ​ល់​ប្រជាពលរដ្ឋ​ ដែល​បាន​ចា​ក់វ៉ាក់​សាំង​ដូស​ទី២​រួច​រាល់​ ត្រូវ​រក្សា​ទម្រង់​បណ្ណចាក់​វ៉ាក់​សាំង​បណ្តោះ​អាសន្ន​ឱ្យ​បាន​ត្រឹម​ត្រូវ​ កុំ​ឱ្យ​បាត់​បង់ ឬ​រហែក​ ដើម្បី​ទុក​ប្តូរ​យក​បណ្ណ​ចាក់​វ៉ាក់​សាំ​ង​ ដែល​ក្រុម​ការងារ​កំពុង​ផលិត​។​ ដោយ​ឡែក​អ្នក​ដែល​ទទួល​បា​នបណ្ណចាក់​វ៉ាក់​សាំ​ងហើយ​ក៏​ត្រូវ​ចេះ​ថែ​រក្សាកុំ​អោយ​បាត់​បង់​ ព្រោះ​អាច​មាន​ភាព​ចាំបាច់​ប្រើប្រាស់ទៅ​ថ្ងៃខាង​មុខ​។​ ជាមួយ​គ្នា​នេះ​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ​ក៏​បាន​អំពាវ​នាវ​ដ​ល់ប្រជាពលរដ្ឋ​នៅ​តំប​ន់ក្រហម​ ដែល​មិ​នទា​ន់​បាន​ចាក់​វ៉ាក់​សាំង​ដូស​ទី​១​ នៅ​ឡើយ​នោះ ​ត្រូវ​ទៅ​ចូល​រួម​ចាក់​វ៉ាក់​សាំង​ ព្រោះ​ក្រុម​ការងារ​នៅ​តែ​បន្ត​ចាក់​ដូសទី​១​ជូន​ ហើយ​សូម​ចូលរួម​អនុវត្តន៍​ឱ្យ​បា​នល្អ​ប្រសើរ​ តាម​វិធាន​សុខាភិបាល​នៅ​ពេល​ទៅ​ចាក់​វ៉ាក់​សាំង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ