គណៈកម្មាការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និង ការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាបានរៀបចំធ្វើការប្រជុំកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ដើម្បីពិភាក្សាលើការត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់សាងសង់វិមានឈ្នះ ឈ្នះ ដែលកិច្ចប្រជុំនេះបានប្រ ព្រឹត្តិទៅនៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ព្រមទាំងមានការចូលរួមពីសមាជិកគណៈកម្មការមកពីស្ថាប័នក្រសួងមន្ទីររបស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត ។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា៖ នេះគឺជាលើកទី៤ ដែលគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះ បានជួបប្រជុំគ្នាដើម្បីពិនិត្យការងារនូវរាល់ខ្លឹមសារ ការងារ ដើម្បីឈានទៅដំ ណើរការសាងសង់វិមានឈ្នះឈ្នះនេះ ។ ឯកឧត្តម ទៀ បាញ់ ក៏បានកោតសរសើរដល់ក្រុមការងារសិក្សាគំរោងសាងសង់វិមានឈ្នះឈ្នះ ដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវ ធ្វើគំរូប្លង់វិមានឈ្នះឈ្នះ ខិតខំចងក្រងឯកសារសំខាន់ៗដែលទាក់ទងទៅនឹងទស្សនវិជ្ជា សុខដុមនីយកម្ម និងប្រវត្តិនៃដំណើរការ អនុវត្តនយោបាយឈ្នះ។ នៅក្នុងឪកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារ បានជម្រាបជូនអង្គប្រជុំអំពី សកម្មភាពការងារ ដែលក្រុមការងារសិក្សាគំរោងប្លង់វិមានឈ្នះ ឈ្នះ ដែលបានបំពេញភារកិច្ចរបស់ខ្លួន សម្រេចបានក្នុងរយះពេល២ខែកន្លងមក ក្នុងនោះបានបន្តរៀបចំគោលការណ៍ទស្សនៈទាន កិច្ចការប្រវត្តិ និងខ្លឹមសារសំខាន់ៗដែលទាក់ទងទៅនឹងគំរោងសាងសង់វិមានឈ្នះ ឈ្នះ ដោយឈរលើមូលដ្ឋាននៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោដែលបាននាំមកនូវសន្តិភាពពេញលេញហើយបញ្ចប់ សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ។ នៅក្នុងឪកាសនោះដែរ អង្គប្រជុំក៏បានពិនិត្យមើលនូវគំរូប្លង់ឈ្នះ ឈ្នះ ដែលក្រុមការងារបានគូរដែលសំណង់វិមានឈ្នះឈ្នះនេះបានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាល ជ្រៅ ស្របទៅតាមខ្លឹមសារនៃនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសុខសន្តិភាព ជូនដល់ជាតិមាតុ ភូមិ និងប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ថា៖ វិមានឈ្នះឈ្នះ ដែលគ្រោងរៀបចំសាងសង់នេះ និងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តមួយ ជាសំណង់សម្រាប់មនុស្សជាតិ ជាសំណង់តាក់តាងនូវសន្តិភាព ហើយជាមរតកសម្រាប់មនុស្សជាតិ គ្រប់វិស័យ ៕