ខេត្ដបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រស្ថិតក្នុងភូមិសាស្ដ្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ មានរៀបចំពិធីប្រគល់ រថយន្ដសង្គ្រោះ EVICO យោធាមួយគ្រឿងរបស់ក្រសួងការពារជាតិម៉ាស៊ីនដេរប្រើជើងនិងម៉ូទ័រ១២គ្រឿង ម៉ាស៊ីនផុងប្រើជើង និងម៉ូទ័រ៣គ្រឿង ព្រមទាំងសម្ភារសួនកុមារ៥ គ្រឿងមានដូចជា ទោងរំអិល ទោងយោល កៅអីមូលវិលជាអំណោយរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងការពារជាតិ ។
ពិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករងអគ្គនាយកដ្ឋាន ភស្ដុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការ រងបញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការប្រចាំទិសពាយ័ព្យនិងជាប្រធាន គណៈកម្មការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រព្រមទាំងវត្ដមាននាយទាហានជាច្រើនរូបទៀត ។
ឯកឧត្តមឧត្ដមសេនីយ៍ទោទុយ ប៊ុនលី នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆត្របានរាយការណ៍ ពីការកសាងមណ្ឌលអភិវឌ្ឍន៍តេជោភ្នំឆត្រនាឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ដោយកម្លាំងវិស្វកម្មកងទ័ព ជើងគោកមានដូចជាការដោះបំផ្លាញគ្រាប់មីន ជំហានទី១ សាងសង់ផ្ទះស្នាក់នៅលើផ្ទៃដី ៣០០ហិកតា ស្ថាបនា បណ្ដាញផ្លូវក្នុង មណ្ឌល សាងសង់ផ្ទះស្នាក់នៅ២៥០ខ្នង អគារទីចាត់ការ សាលារៀន មណ្ឌល បណ្ដុះបណ្ដាល វិជ្ជាជីវៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតបច្ចុប្បន្នទទួលយោធិនពិការ២៦១នាក់ ព្រមទាំងកូនប្រពន្ធ សរុប១២៨៦នាក់ ។ ក្នុងនោះយើងបានជំរុញការងារអភិវឌ្ឍន៍រស់នៅរបស់យោធិនពិការដោយកសាងជីវភាព រស់នៅសមរម្យតាមគ្រួសារនីមួយៗ ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពេជ្រ ឈឿន តំណាង ឯកឧត្តម អគ្គនាយកអគ្គនាយកដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិបានឱ្យដឹងថា អនុវត្ដតាមបទ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ បានប្រគល់សិទ្ធិឱ្យយើងខ្ញុំរៀប ចំដឹកជញ្ជូនរថយន្ដពេទ្យ ១គ្រឿង ជាការបំពាក់របស់ក្រសួងការពារជាតិរួមនឹងម៉ាស៊ីនដេរ ម៉ាស៊ីនផុង ព្រមទាំងសម្ភារ សួនកុមារជាអំណោយរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិផ្ដល់ជូនចំពោះមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆត្រតាមការស្នើសុំរបស់លោកនាយកមណ្ឌលក្នុងឱកាស ឯកឧត្តម នាយឧត្ដមសេនីយ៍ឧបនាយករដ្ឋមន្ដ្រីចុះសាកសួរសុខទុក្ខបងប្អូនពិការក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ពុទ្ធសក រាជ២៥៥៩កន្លងទៅនេះ។
ក្នុងនោះដែរឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយករងអគ្គនាយកដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិក៏បាន សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹក នាំដែលបានរៀបចំជីវភាពរស់នៅរបស់បងប្អូនយោធិនពិការកាលពីអតីត កាល ។ បច្ចុប្បន្នត្រូវបានប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតសម្ដេច ទាំងទ្វេ ជាអគ្គភស្ដុភារ ជាន់ខ្ពស់តែងតែផ្ដល់នូវកម្លាំងចិត្ដក្ដីនឹករលឹកនិងចែកជូននូវមធ្យោបាយសម្ភារ ដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃក្នុងនោះជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សជាប្រចាំដែលធ្វើឱ្យបងប្អូននិងក្រុមគ្រួសារកាន់តែមាន ជីវភាពរស់នៅបានសមរម្យទ្វេឡើងថែមទៀត ។
បន្ទាប់មកគណៈអធិបតីក៏បានអញ្ជើញ ចុះពិនិត្យគិលានដ្ឋានរបស់មណ្ឌល អភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំ ឆត្រ ព្រមទាំងបានសិក្សាឈ្វេងយល់ពី ការរៀបចំសាងសង់អគារព្យាបាលជំងឺ តាមសំណើរបស់លោកប្រធាន មណ្ឌលដែលឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានសម្រេចផ្ដល់ជូននាពេលកន្លងទៅ តាមគម្រោងស្នើសុំ ដែលបានរៀបចំរួចរាល់ផងដែរ ៕