ព័ត៌មាន

​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អនុញ្ញាត​ជូន​ លោក ​ម៉ា​កូស​ ហូវ៉ារ៉ា​ នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ ជម្រាប​លា ​និង​បង្ហាញ​មុខ​អនុព័ន្ធ​យោធា​អាមេរិក​ថ្មី​
នាយកដ្ឋានព័ត៌មាន(៣)
36
2406 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អនុញ្ញាត​ជូន​ នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ ជម្រាប​លា ​និង​បង្ហាញ​មុខ​អនុព័ន្ធ​យោធា​អាមេរិក​ថ្មី​

        នៅ​រសៀល​ថ្ងៃ​ទី​០៧ ​ខែមិ​ថុនា ​ឆ្នាំ​២០២១​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ បាន​អនុញ្ញាត​ជូន​ លោក ​វរសេនីយ៍​ឯក​ ម៉ា​កូស​ ហ្វេ​រ៉ារ៉ា​ នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បញ្ច​ប់អាណត្តិ​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សមជម្រាប​លា ​និង​បង្ហាញ​មុខ​អនុព័ន្ធ​យោធា​ថ្មី​មក​ជំនួស​។​

        សម្តេច​ពិជ័យ​សេនា​ សម្តែង​ការកោត​សរសើ​រចំពោះ​លោក​អនុព័ន្ធ​យោធា ​ដែល​បាន​បំពេញ​បេសក​កម្មការ​ទូត​នៅ​កម្ពុជា​ នៅ​ក្នុង​អាណត្តិ​កន្លង​មក​ទទួល​បាន​លទ្ធផ​លជា​ផ្លែផ្កា​ រក្សា​បាន​ចំណង​ទំនាក់​ទំនង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-អាមេរិក​។​ 

 ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

        សម្តេច​ពិជ័យ​សេនា ​បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​សមាន​ចិត្ត​ និង​សកម្មភាព​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​ ដែល​បា​នជួយ​គាំទ្រ​ដល់កម្ពុជា​នា​ពេល​កន្លង​មក​ ដូច​ជា​ដំណើរ​ស្វែង​រ​កសន្តិភាព​ ការ​ទទួល​នាយ​ទាហាន​ទៅ​បណ្តុះ​បណ្តាល​នៅ​សហរដ្ឋ​អាមេរិក ​ជា​ការ​លើក​កម្ពស់​សមត្ថភាព​ធន​ធាន​មនុស្ស​ក្នុង​កង​ទ័ព​ ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​ និង​ពេល​បញ្ចប់​វគ្គ​សិក្សា​ប្រកប​ដោយ​សមត្ថភាព​។​

          សម្តេច​ពិជ័យ​សេ​នា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សហរដ្ឋ​អាមេរិក​ ជួយ​គាំទ្រ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នា​ពេល​កន្លង​មក​ ដូច​ជា​ ការ​កសាង​សាលា​ហ្វឹក​ហ្វឺន​ពហុសាសន៍​នៅ​ACO ​ការ​រៀប​​ចំ​លំហាត់​ហ្វឹក​ហ្វឺន​ពហុសាសន៍ ​GPOI ​ការ​បញ្ជូន​យោធា​ចារ្យ​ជួយ​ហ្វឹក​ហ្វឺន​ដល់​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​មុខ​មាត់​លើឆាក​អន្តរជាតិ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

         វរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយ​ការិយា​ល័​យ អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិក​ បាន​សម្តែង​អំណរគុណ​ចំពោះ​សម្តេច​ពិជ័យ​សេនា​ ដែល​បាន​អនុញ្ញាត​ឲ្យចូល​ជួប​សំដែង​ការ​គួរ​សម​ ជម្រា​ប​លា និង​បង្ហាញ​មុខ​អនុព័ន្ធ​យោធាថ្មី​នា​ពេល​នេះ។​ ​លោក ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ ​ដែលបាន​គាំទ្រ​សហប្រតិបត្តិការ​ការងារ​បាន​យ៉ា​ងល្អ​ ក្នុង​អាណត្តិ​លោក​​បំពេញ​បេសក​កម្ម​ការ​ទូត​ ជា​នាយ​អនុព័ន្ធ​យោធា​នា​ពេល​កន្លង​មក ​បាន​រួម​ចំណែក​រក្សា​ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-អាមេរិក​។​ វរសេនីយ៍​ឯក​ ម៉ា​កូស​ ហ្វេរ៉ារ៉ា​ បាន​ធ្វើ​ការណែនាំ ​និង​បង្ហាញ​មុខ​លោក​ នាយ​ការិយាល័យ​អនុព័ន្ធ​យោធាថ្មី​ និង​សង្ឃឹម​ថា​ ក្រសួង​ការ​ពា​រជាតិ​ នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​បាន​ល្អ​ ដើម្បីរ​ក្សា​ និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ក​ងទ័​ពប្រទេស​ទាំង​ពី​រ ឲ្យ​កាន់​តែ​មាន​ការរីក​ចម្រើន​ថែម​ទៀត​។​

         សម្តេចពិជ័យ​សេនា​ ជូនពរ​ដល់​លោក ​អនុព័ន្ធ​យោធា​ចាស់​ សូម​ទៅ​បំពេញ​បេសក​កម្ម​ថ្មី​ប្រកប​ដោយ​ជោគ​ជ័យ​ និង​សូម​ស្វា​គមន៍​អបអរ​សាទរ​ចំពោះ​លោក ​អនុព័ន្ធ​យោធា​ថ្មី​ និង​បន្ត​រួមគ្នា​បំពេញ​ការងារ​ ដែលនៅ​សេស​សល់​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​មាន​ភាព​កាន់​តែល្អ​ប្រសើរ​ឡើង ​សំដៅ​ជម្រុញ​ចំណង​មិត្តភាពរវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​អាមេរិក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ