ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ទទួល​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ដាក់​តាំង​នៅ​សារ​មន្ទីរ​វិមាន​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
30
2411 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ទទួល​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ដាក់​តាំង​នៅ​សារ​មន្ទីរ​វិមាន​ឈ្នះ​ឈ្នះ​

        កែវផ្ទុក​តំណក់​ប្រេងលើក​ដំបូង​របស់​កម្ពុជា ដែលជា​សមិទ្ធផល​ នៃនយោបាយ​ឈ្នះ ឈ្នះ ត្រូវបាន​យក​មកដាក់​រក្សាទុក​នៅ​សារមន្ទីរ​មគ្គុ​ទេសន៍​សម្តេច​តេជោ ​វិមាន​ឈ្នះ ឈ្នះ​ នាព្រឹកថ្ងៃ​ទី​០៩​ ខែ​មិថុនា ​ឆ្នាំ​២០២១​ ដើម្បីទុកជា​កេរ​ដំ​ណែល​ប្រវត្តិ​សាស្រ្ត សំរាប់​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ពិធី​ប្រគល់​ និង​ទទួល​ កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូងរបស់ក​ម្ពុ​ជា ដាក់​តាំង​នៅ​សារមន្ទីរ​មគ្គុទេសន៍​សម្តេចតេជោ ​វិមាន​ឈ្នះ ឈ្នះ បានប្រារព្ធ​ធ្វើ​នៅ​ វិមាន​ឈ្នះ ឈ្នះ ស្ថិត​ក្រោម​អធិបតី​ភា​ព សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពា​រជា​តិ ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះឈ្នះ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា ​និង​ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល​។​

        សូម​បញ្ជាក់​ថា៖​ ការ​រក​ឃើញ​ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​ ត្រូវ​បាន​ប្រកាស​ដោយ​ សម្តេ​ច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ២០២០​ ចំ​នឹង​ថ្ងៃខួប​លើក​ទី២២ ​នៃទិវា​នយោបាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​។ ការ​រក​ឃើញ​ដំណក់​ប្រេង​លើក​ដំបូង​នេះ​ គឺស្ថិត​នៅ​តំបន់​ប្លុក A នៃ​ឈូងសមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន គ្រីស ​អេន​ណឺយី (​Kris Energy) ដែល​បានខួ​ង​ប្រេង​ចេញ​ពី​បាត​សមុទ្រ ​ក្នុងខេត្ត​ព្រះ​សីហនុ​។​ រាជ​រដ្ឋាភិបាល ធ្លាប់​បា​នបញ្ជាក់​ថា​៖ ចំណូល​ទទួល​បាន​ពី​វិស័យ​ប្រេង​កាត​នេះ​ នឹង​ត្រូវ​ផ្តល់អាទិភាព ​ទៅ​លើ​វិស័យ​អប់​រំ និង​វិស័យ​សុខាភិបាល​។​

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល


        ឯកឧត្តម ស៊ុយ សែម បាន​មាន​ប្រសាសន៍​ថា​៖ តំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួល​បាន​កាល​ពី​ថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​ គឺ​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ ហើយ​ក៏​ជានិ​មិត្តរូប​ នៃ​ភាព​ជោគ​ជ័យ​របស់​កម្ពុជា​ទាំង​មូល​ ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ទន្ទឹង​រង់​ចាំ​ជា​ច្រើន​ជំនាន់​មក​ហើយ​។​ ក្នុង​នាម​ថ្នាក់​ដឹ​កនាំ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​ ក្រសួង​រ៉ែ ​និង​ថាមពល​,​ ឯកឧត្តម ស៊ុយ សែម បាន​សម្តែង​ការ​អបអរ​សាទរ​ ចំពោះ​សមិទ្ធផល​ថ្មី​ក្រោមម្លប់​នៃ​សន្តិភាព​ពេញ​លេញ ​កើត​ចេញ​ពី​នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖ តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ក្នុងបរិបទ​សេដ្ឋកិច្ច​ពិភព​លោក​ដ៏​លំបាក​ ដែល​គំរាម​គំហែង​ដោយ​រោគ​រាត​ត្បាត​នៃ​ជម្ងឺកូវីដ​-១​៩ ​គឺ​ជា​សក្ខីភាព​នៃការ​ខិតខំ​ប្រឹង​ប្រែង​ អំណត់​ព្យាយាម ​និង​ពុះពារ​សម្រេច​ជោគ​ជ័យ​របស់​រាជ​រដ្ឋភិបាល ​និង​វិនិយោគិន ​ដែលយើង​ទាំង​អស់​គ្នា​សូម​ចូល​រួម​កោត​ស្ញប់​ស្ញែង​។​

សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពា​រជា​តិ ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះឈ្នះ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា 


         សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ថ្លែង​ថា​៖ តាម​រយៈ ​នយោបាយ​ឈ្នះឈ្នះ​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ បាន​ធ្វើ​ឱ្យ​ប្រទេស​​ជា​តិ​មា​ន​​សន្តិភាព​​«ពេញ​លេញ​ឯកភាព​ជាតិ​ ឯកភាព​ទឹក​ដី​ និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ប្រជាជន​មាន​សិទ្ធិ​សេរីភាព​បរិបូណ៍ ​និង​រ​ស់នៅ​យ៉ាង​សុខ​ដុមរមនា ​ការពារ​យ៉ាង​រឹង​មាំ​នូវ​ឯករាជ្យ​អធិប​តេយ្យ​ភាព​ និង​បូរណ​ភាព​ទឹក​ដី​ ហើយ​កំពុង​បន្ត​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា ​សន្តិភាព​ និង​ប្រជាធិប​តេយ្យ ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​តាម​កម្ម​វិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៤ ​ដែល​បាន​ដា​ក់ចេញ​។​

        ក្នុង​រយៈ​ពេល​ ២៣​ឆ្នាំ​ចុង​ក្រោ​យ​នេះ ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​គួរ​ឲ្យ​កត់​សម្គាល់​ ក្នុ​ងនោះ​​វិស័​យ​រ៉ែ ​និង​ថាមពល ​គឺ​ជា​វិស័​យមួយ​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​កា​រជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើ​ន​ថែម​ទៀត។​ ​ជាក់​ស្តែង​ តំណក់​ប្រេង​ដំបូង​រប​ស់កម្ពុជា​ ដែល​ទទួល​បាន​កាល​ពី​ថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ២០២០​ គឺ​ជា​ការចាប់​ផ្ដើម​ជំហាន​ដំបូង​មួយ​ដ៏​សំខាន់​ សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភា​ព​ជាតិ​ និង​ខឿន​ឧស្សាហកម្ម​ប្រេង​កាត​ ឧស្ម័ន​ និង​ថាមព​លនៅ​កម្ពុជា​។​ ផល​ប្រយោជន៍​សំខាន់ៗ ​នៃ​ឧស្សាហកម្ម​ប្រេង​កាត​ ឧស្ម័ន​ និង​ថា​មពល​នេះ ​បាន​នាំ​មក​នូវ​ចំណូល​ថវិកា​ជាតិ​ ហើយ​ផលសេដ្ឋកិច្ច​ទទួល​បាន​ពី​ការ​បង្កើត​នៅ​ពិពិធកម្ម​ ខឿន​ឧស្សាហកម្មក្នុង​វិស័យ​ប្រេង​កាត​ និង​កសាង​សមត្ថភាព​ជាតិ​ក្នុង​វិស័យ​នេះ​ថែម​ទៀត​ផង​។​ សមិទ្ធិផ​លសម្រេច​បាន​ទាំង​អស់​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពី​សមត្ថភាព​ និង​ប្រសិទ្ធភាព​ នៃ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដ៏​ឈ្លាស​វៃ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​ ស្មារតី​សាមគ្គីភាព​ឯកភាព​ផ្ទៃ​ក្នុង​ដ៏​រឹង​មាំ ​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រជាជន​ប្រកប​ដោយ​ភាព​ជាម្ចាស់ ​ក្នុង​ការ​ថែរក្សា​សមិទ្ធផល​ នៃ​សង្គម​ជាតិ​តាម​ទិស​ស្លោក​ អរគុណ​សន្តិភាព ​ស្រឡាញ់​សន្តិភាព​ មាន​សន្តិភាព​ទើប​មាន​ការ​អភិវឌ្ឍ​ និង​មា​នអ្វី​ៗ​ទាំង​អស់​។

       សម្ដេចពិជ័យសេនា ក៏បា​​នអំ​ពាវនាវ​ដ​ល់ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ បន្ត​ចូល​រួម​គាំទ្រ​អភិវឌ្ឍ​សារមន្ទីរ​មគ្គុទ្ទេសក៍​តេ​ជោ​សែន​​យើ​ង​នេះ​ ​​ទៅតាម​តួនាទី ​ភារកិច្ច​រៀងៗ​ខ្លួន​ ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​ តាម​រយៈការ​ផ្ដល់​វត្ថុ​តឹក​តាង​ និង​ឯកសារ​ពាក់​ព័ន្ធ​ដែល​ជា​សមិទ្ធិផល​សំខាន់ៗ​សម្រេច​បាន​ជា​ប្រវត្តិ​សាស្ត្រ​ តាម​រយៈ​នយោ​បាយ​ឈ្នះឈ្នះ ​ដើម្បី​ក្រុម​ការងារ​ តម្កល់​ទុក​ក្នុង​សារមន្ទីរ​វិមាន​ឈ្នះឈ្នះ ​សម្រាប់​ទុក​ជូន​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀន​សូត្រ​ ដូច​ដែល​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រគល់​ជូន​នា​ថ្ងៃ​នេះ​ ជា​សក្ខី​ភាព​ស្រាប់​។​

         នៅ​ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី​ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រគល់​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ជូន​ដល់​ សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះឈ្នះ ​សំរាប់​ដា​ក់តាំង​នៅ​ក្នុង​សារមន្ទីរ​វិមាន​ឈ្នះឈ្នះ​​រួច​មក​  អង្គ​ពិធី​ទាំង​មូល​ក៏​បា​នដង្ហែរ​​កែវ​ផ្ទុ​កតំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ជុំ​វិញ​តំបន់​ ៥​ជ្រុង​ នៃ​វិមានឈ្នះ​ឈ្នះ​ និង​បាន​យ​កទៅ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​មគ្គុទេសន៍​សម្តេច​តេជោ​ វិមាន​ឈ្នះ ឈ្នះ​។ សូម​បញ្ជាក់​ថា៖ ​កែវ​តំណក់​ប្រេង​ដែល​យក​ម​កតម្កល់​​នៅ​ក្នុង​វិមាន​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​ពេល​នេះ​ ត្រូវ​បាន​រៀប​ចំ​​តាម​រចនា​បទ​ខ្មែរ​ និង​មា​នអត្ថន័យ​សំខាន់ៗ​​ដូចជា៖

         ១- កែវ​ដំណ​ក់ប្រេង​មាន​ទម្រង់​ក្រ​ពុំ​ឈូក ​ឬ​ស្លឹក​ពោធិ​តំណាង​ឲ្យ​ភា​ពរុង​រឿង​ បរិសុទ្ធ​ ការ​ចម្រើន​ លូត​លាស់​ ដែល​ជា​កំណប់​ទ្រព្យ​របស់​កម្ពុជា​។​ កែវ​ដំណក់​ប្រេង​មាន​កម្ពស់​ ២៩​សង់​ទី​ម៉ែត ​តំណាង​ឲ្យ​ថ្ងៃ​ទី​២៩​ ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។​

         ២- ជើង​ពាន​ត្របក​ឈូក ​តំណាង​ឲ្យ​សេចក្ដី​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹ​កនាំ​រហូត​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា ​គឺ​ការ​ទទួល​បាន​នូវ​ធន​ធាន​ប្រេង​កាត​សម្រាប់​អភិវឌ្ឍ​ជាតិ​មាតុ​ភូមិ​កម្ពុជា​។​ ជើង​ពាន​ត្របក​ឈូក ​មាន​កម្ពស់​ ១២​សង់​ទី​ម៉ែត្រ​ តំណាង​ឲ្យ​ខែ១​២ ​ឬខែ​ធ្នូ ​ដែល​ទ​ទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។​

         ៣- ពាន​ជើង​សឹង្ហ ​និង​ឋាន​ជើង​បា​ត តំណាង​ឲ្យ​ការ​ជ្រោម​ជ្រែង​របស់​ប្រជាជន​កម្ពុជា​ និង​មន្ត្រីរាជ​ការ​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល ​និង​មន្ត្រី​ពាក់​ព័ន្ធនានា​ ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ទាញ​យក​ភោគ​ផល​ នៃ​ធនធាន​ធម្មជាតិ​ ដើម្បី​យក​មក​អភិវឌ្ឍ​សង្គម​ជាតិ​។ ពាន​ជើង​សឹង្ហ ​និង​ឋាន​ជើង​បា​ត មាន​កម្ពស់​ ២០​សង់​ទី​ម៉ែត្រ​ តំណាង​ឲ្យ​ឆ្នាំ​២០២០​ ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។​

         ៤- ក្បាច់​កញ្ចាំង​ភ្លឺ​ភ្លើង​លម្អ​ដោយ​នាគ​ក្បាល​បី​ តំណាង​ឲ្យ​​តេជៈ ​ភាព​ចម្រុង​ចម្រើន​ សម្បូរ​ សប្បាយ​ និង​តំណាង​ឲ្យ​ឆ្នាំ​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ជា​សម័យ​កាល​ដែល​ទទួល​បាន​នូវ​ដំណក់​ប្រេ​ង​ដំបូង​រប​ស់កម្ពុជា​។​

         ៥- និមិត្តរូប​រួម​នៃ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា៖ ​“បឋម​តេល​ពិន្ទុ​កម្ពុជា​”​។​ បឋម​តេល​ពិន្ទុ​កម្ពុជា​ (ភាសា​បាលី​)​ មក​ពី​ពាក្យ ​បឋម​ ប្រែ​ថា​ដំបូង ​+ តេល ប្រែ​ថា​ប្រេង​ + ​ពិន្ទុ ​ប្រែ​ថា​ដំណក់ ​+ កម្ពុជា​ គឺ​ប្រទេស​កម្ពុជា​។ ប្រែ​ជា​រួម​ថា៖ ​“ដំណក់ប្រេងដំបូងរបស់កម្ពុជា”។

         ក្នុង​ឱកាស​នោះ​ បន្ទាប់​ពី​បាន​ដាក់​តាំង​កែវ​ផ្ទុក​តំណក់​ប្រេង​លើក​ដំបូង​រប​ស់កម្ពុ​ជា ដែល​ជា​សមិទ្ធផ​ល​នៃ​នយោ​បាយ​ឈ្នះ ឈ្នះ​ នៅ​ក្នុង​សារមន្ទីរ​មគ្គុទេសន៍​សម្តេ​ច​តេជោ ​វិមាន​ឈ្នះ ឈ្នះ​រួចម​ក​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​និង​ឯកឧត្តម​ ស៊ុយ​ សែម ​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ចំលាក់​ នៅ​តាម​ជញ្ជាំង​វិមាន​ឈ្នះ ឈ្នះ​ និង​​បានធ្វើ​ការ​ដាប់​ឆ្លាក់ ជា​និមិត្តរូប​ នៃ​រូប​ចំលាក់​កែវ​ផ្ទុក​តំណក់​ប្រេង​លើក​ដំបូង​រប​ស់កម្ពុជា​​ផង​ដែរ​។

         បន្ទាប់​មក​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ និងឯកឧត្តម​ ស៊ុយ ​សែម​ ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​សួន​សមិទ្ធផល​តេជោ ​ក្នុង​វិមា​នឈ្នះ ​ឈ្នះ ​វិញ ​ដែល​មាន​​សួន​ខឿន​ការពារ​ជាតិ​ នៃ​ខ.ភ.ម ​សាង​សង់ ​ដោយ​អគ្គ​បញ្ជាការ ​ខ.ភ.ម, ​សួន​កងកំលាំង​រក្សា​សន្តិភាព​ បោស​សំអាត​មីន​នៅ​កម្ពុជា​ និង​លើ​ឆាក​អន្តរជាតិ​ សាង​សង់​ដោយ ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​ស៊ីម៉ាក់​ និង សួន​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សង្គម​ ​រៀបចំ​កសាង​ដោយ​កង​រាជ​អាវុធ​ហត្ថ​ និង​អគ្គ​ស្នង​ការ​នគ​របាល​ជាតិ​ ដែល​សួន​ទាំង​នេះ​ បាន​បង្ហាញ​ពី​សមិទ្ធ​ផល​នយោ​បាយ​ ឈ្នះ ​ឈ្នះ ​៕