កាលពីព្រឹកថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១០-៣០នាទី មាននាវាចម្បាំងអូស្ត្រាលី០១គ្រឿងឈ្មោះ HMAS PERTH ប្រភេទនាវា FFH មានបណ្តោយប្រវែង ១១៨ ម៉ែត្រ‑ទទឹង ១៤.៨ ម៉ែត្រ មាននាយនាវី នាយនាវីរង និងពលនាវិក ចំនួន៦៣នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក អាយ អឹម អិងហាំ (I M Ingham) មកចូលសំចតនៅកំពុងផែស្វយ័តខេត្តព្រះសីហនុ ក្នុងដំណើរមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៥។
ក្នុងឱកាសដែលនាវាចូលចត ត្រូវបានឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង មូលដ្ឋានសមុទ្រនិងសហការី អញ្ជើញទៅទទួលស្វាគមន៍ នៅកំពុងផែស្វយ័តខេត្តព្រះសីហនុ។
ព្រឹកថ្ងៃដដែល វេលាម៉ោង១១-៣០នាទី លោកវរនាវីឯក អាយ អឹម អិងហាំ មេបញ្ជាការនាវា HMAS PERTH រួមដំណើរដោយលោក វរសេនីយ៍ឯក អាន់ឌ្រូ ដាគីន (Andrew Dakin) សេនានុព័ន្ធយោធាអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី បានចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្រ។ ក្នុងឱកាសនោះដែរជួសមុខឱ្យ ឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ប្រតិភូកងនាវាចម្បាំងអូស្ត្រាលី ដោយឯកឧត្តមបានរំលឹកឡើងថា កន្លងមកកងទ័ពជើងទឹកអូស្ត្រាលី បានជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទជាច្រើន ពិសេសនៅមូលដ្ឋានសមុទ្រ មានដូចជាផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ជួយសាងសង់ និងបំពាក់ ឧបករណ៍រោងជាងជួសជុល ជួយឧបត្ថម្ភសម្ភារៈមួយចំនួនសំរាប់បំរើការងារក្នុងការិយាល័យ និងជួយបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសជាដើម។
បន្ទាប់មកលោក វរនាវីឯក អាយ អឹម អិងហាំ មេបញ្ជាការនាវា HMAS PERTH ក៏បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលបានរៀបចំទទួលយ៉ាងរាក់ទាក់កក់ក្តៅបំផុត។ លោកបានបញ្ជាក់ថា គោលបំណងដំណើរទស្សនកិច្ចរបស់នាវា HMAS PERTH នៅព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺដើម្បីជួយគាំទ្រដល់គំរោងការពារជាតិ គំរោងហ្វឹកហ្វឺនផ្នែកភាសាអង់គ្លេសនៅមូលដ្ឋានសមុទ្រ និងជួយការងារដល់សហគមន៍ ដូចដែលធ្លាប់បានអនុវត្តរៀងរាល់ឆ្នាំកន្លងមក។
ឈ្លៀតឱកាសនេះដែក៏មានការរៀបចំលេងកីឡាជាមិត្តភាព រវាង នាវិក មូលដ្ឋានសមុទ្រ ជាមួយ នាវិក របស់នាវា HMAS PERTH ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕