ព័ត៌មាន

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ២ ឃុំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៥)
213
2492 តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ២ ឃុំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ទោះបីជានាយទាហាន នាយទាហានរង និង ពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប់ បំពេញភារកិច្ចចូលរួមសហការការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ជាពិសេសការជួយដល់ អតីតយុទ្ធ ខេត្តកំពង់ធំក្នុងការសាងសង់ផ្ទះស្នាក់នៅ ការចូលរួមចំណែកជួយដោះស្រាយ ការលំបាក បងប្អូន អតីតយុទ្ធជននិង បងប្អូនប្រជាពលរដ្ឋ ក៏ដោយ ក៏នាយទាហាន នាយទាហានរង និង ពលទាហាន នៅក្នុង តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបន្តចូលរួមអនុវត្តភារកិច្ចថ្មីបន្ថែមមួយទៀត គឺចូលរួមបំពេញ ភារកិច្ចជា ប្រវត្តិសាស្រ្តក្នុងយុទ្ធនាការចាក់វ៉ាកសាំងបង្ការជម្ងឺកូវិដ-១៩ ជូនដល់ ប្រជាពលរដ្ឋក្នុង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងយុទ្ធនាការចាក់វ៉ាកសាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ស្រុកប្រាសាទ បាគង ខេត្តសៀមរាបនេះ គឺអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា និង ការណែចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការ ពារជាតិ និង អនុវត្តិតាមបទបញ្ជារបស់ យោធភូមិភាគទី៤ ដើម្បីចូលរួមកាត់ផ្តាច់ ការឆ្លងរីករាលដាល ជំងឺ កូវីដ-១៩ និងការពារសុខភាពប្រជាពលរដ្ឋ អោយបានល្អ ជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ ។


សូមបញ្ជាក់ថា៖ បន្ទាប់ពី ទទួលបានបទបញ្ជារបស់យោធភូមិភាគទី ៤ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជន នៅឃុំ ត្រពាំងធំ និង ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅ នៅកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយ ឧត្ដម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំទីតាំងចាក់វ៉ាក់សាំង នៅក្នុង បរិវេណ សាលាបឋមសិក្សា និង វិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បី ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនប្រម៉ាណ ជាង ១ម៉ឺន នាក់ ។ លោកអនុសេនីយ៍ឯក យា ប៊ុនលៀង នាយរងផ្នែកសុខាភិបាល តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់អោយដឹងថា៖ដោយអនុវត្តអោយបាន តាមអនុសាសន៍របស់ សម្តេចពិជ័យសេនា ដែលតែងតែ បានក្រើនរំលឹកថា៖ កុំអោយវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំងយើងប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បី បញ្ជ្រៀបចូលក្នុងរាងកាយរបស់មនុស្សយើងទាំងអស់ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបាន ជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ខិតខំបំពេញការបំរើជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ក្នុងនោះក្រុមការងារចាក់វ៉ាក់សាំងក៏បានធ្វើ ការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋាន មានប៉ូលីស កងរាជអាវុធហត្ថ និង ប្រជាការពារ ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធា្នប់ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការ ការពារនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ៣ការពារ និង ៣កុំ ក៏ដូចជាការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចាក់ វ៉ាក់សាំងដល់ប្រជា ពលរដ្ឋអោយមកទទួលវ៉ាក់សាំង ដែលការចាក់វ៉ាក់សាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ទប់ ស្កាត់ និង បង្ការជំងឺកូវីដ-១៩ ព្រមទាំងការពារខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើង អោយបានរួច ចាកផុតពីជំងឺកូវីដ-១៩ នេះ។ លោកអនុសេនីយ៍ឯក បានអោយដឹងទៀតថា៖ ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ បើកយុទ្ធនាការ នៅថ្ងៃទី ១ ចាក់បាន ៦០២ នាក់ ថ្ងៃទី ២ ចាក់បាន ៩៦២ នាក់ ថ្ងៃទី ៣ ចាក់បាន ១២៦០ និង ថ្ងៃទី៤ ចាក់វ៉ាក់សាំង បានចំនួន ជាង ១២០០ នាក់ ។ដើម្បីអោយដំណើរការចាក់វ៉ាក់សាំងនៅ ក្នុងស្រុក ប្រា សាទបាគងនេះទទួលបានលទ្ធផលល្អបន្ថែមទៀតនោះ លោកអនុសេនីយ៍ឯក យា ប៊ុនលៀង បានអះអាង ថា៖ ក្រោយពីបានបញ្ចប់ភារកិច្ចប្រចាំថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជា មួយអាជ្ញាធរដែនដី តែងតែបានប្រជុំត្រួតពិនិត្យវាយតម្លៃការងារ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និង ផ្តល់បទពិសោធន៍ លើកទឹកចិត្ត ដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានកំពុងតែធ្វើសកម្មភាព ចាក់វ៉ាក់សាំងបង្ការជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ។


ប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ សម្តេចតេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត និង សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាគ្រូពេទ្យ កងទ័ពដែលជាយុទ្ធជនអាវសដែលបានជួយសង្រ្គោះអាយុជីវិតរបស់ពួកគាត់សារជាថ្មី ឲ្យបានជៀសផុតពី ការឆ្លងជំងឺកូវីដ-១៩ ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ