ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​​ទទួល​វ៉ាក់​សាំង ​៥០​​ម៉ឺន​ដូស ​ពីរដ្ឋាភិបាល​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
248
2545 សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​​ទទួល​វ៉ាក់​សាំង ​៥០​​ម៉ឺន​ដូស ​ពីរដ្ឋាភិបាល​ចិន​

       វ៉ាក់សាំង​ជំងឺកូវីដ-១៩ (ប្រភេទ ស៊ីណូហ្វាម) ចំនួន​៥០​ម៉ឺនដូស ដែលជា​អំណោយ​ដ៏ថ្លៃថ្លាពី​រដ្ឋាភិបាល​ និង​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​តាម​រយៈ​ក្រសួងការពារ​ប្រទេស​ចិន បានផ្តល់ដល់​ក្រសួង​ការពារ​ជាតិកម្ពុជា នារសៀល​ថ្ងៃទី​២​៣ ខែ​សីហា​ ឆ្នាំ​២០២១នេះ ដើម្បីទប់​ស្កាត់​ការ​រីក​រា​លដាល ​នៃ​ជម្ងឺកូវីដ-១៩។​ ដែល​ពិធីប្រគល់​ និង​ទទួល​អំណោយ​នេះ ​បាន​ធ្វើឡើងនៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ តំណាង​ដ៏​ខ្ពង់​ខ្ព​ស់ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋ​ទូត​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​។

ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋ​ទូត​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា


       នៅក្នុង​ពិធីនេះ ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ក៏មាន​ប្រសាសន៍​ថា​៖ ការប្រគល់វ៉ាក់​សាំង​៥០ម៉ឺនដូស​នា​ថ្ងៃនេះ ​គឺ​ជាការគោរព​តាម​ពាក្យ​សន្យា ដែលជាការ​ចូលរួម​បង្កើត​ប្រព័ន្ធភាព​ស៊ាំ​ជូនដល់​កម្ពុជា​ ក្នុង​ការការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​ ដូច​សុភាសិត​ចិ​នពោល​ថា​៖ “បើ​និយាយ​ត្រូវ​តែ​ធ្វើ ​បើ​ធ្វើត្រូវ​តែ​មាន​លទ្ធផល​”​។ ឯកឧត្តម​ បាន​គូស​បញ្ជាក់​បន្ថែម​ថា​៖ ក្នុងនាម​ជា​មិត្ត “ដែក​ថែប ​និង​សហគមន៍​វាសនា​រួម”​ ភាគីចិ​ន​បាន​ចាត់​ទុក​បញ្ហា​ប្រឈម​ក៏​ដូចជាការ​លំបាក​ ដែល​មាន​នៅ​កម្ពុជា​ ជា​បញ្ហា​ប្រឈម​ក៏ដូចជា​ការលំបាក​របស់​ខ្លួន។​ ប្រទេសចិននឹង​បន្តខិតខំប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ផ្ត​ល់​ជំនួយ​ជា​វ៉ាក់​សាំង​ បរិក្ខារ​វេជ្ជសាស្រ្ត និងការ​គាំទ្រជា​សម្ភា​រៈ​ជូន​ដល់​កម្ពុជា​ តាមលទ្ធភាព​ ដែលអាច​ធ្វើបាន​រួម​ចំ​ណែក​ជាកម្លាំង ​ក្នុង​ការយកឈ្នះ​លើកិច្ចទ​ប់​ស្កាត់​ជំងឺ​កូវីដ-១៩​ជូន​ដ​ល់មនុស្ស​ជាតិ​ តាម​រយៈបន្ត​ធ្វើជាបង្អែ​ក​យុទ្ធសាស្រ្ត​ក្នុង​ការផ្គត់​ផ្គង់​វ៉ាក់​សាំ​ងជូន​ដ​ល់កម្ពុ​ជា​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ តំណាង​ដ៏​ខ្ពង់​ខ្ព​ស់ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី 


         សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បានមានប្រសាសន៍​ថា​៖ ការទទួល​វ៉ាក់សាំងពី​រដ្ឋាភិបាល​ចិន​ តាម​រយៈក្រសួង​ការពារ​ប្រទេស​ចិ​ន ផ្ត​ល់ជូន​ក្រសួង​ការពារ​ជាតិ​ គឺ​ជាជំនួយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​ និ​ង​ជា​សណ្តាន​ចិត្ត “ជួយគ្នា​ក្នុង​គ្រា​លំបាក” ​ស្ថិត​ក្នុង​បរិការណ៍​ ដែល​វ៉ាក់សាំង​ គឺ​ជា​ទំនិញ​យុទ្ធសាស្រ្ត​គន្លឹះ ​និងមាន​តម្រូវ​ការ​ខ្ពស់ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹ​ងកា​រឆ្លង​រា​លដាល​ នៃ​ជំងឺកូវីដ-១៩​ នៅ​គ្រប់ទិស​ទី​ នៃ​ពិភព​លោ​ក​។ សម្តេច​ពិជ័យ​សេនា ​បាន​បន្តថា៖​ បច្ចុប្បន្ន​នេះ កម្ពុជា​ក៏​ដូចជា​បណ្ដា​ប្រទេសជាច្រើ​ន​បាន​និង​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាសំខាន់​ លើ​យុទ្ធនា​ការចាក់​វ៉ាក់​សាំង ​ដែល​ជា​ដំណោះ​ស្រាយ​ដ៏​​សម​ស្រប​បំផុត​ ក្នុង​ការ​ប្រយុទ្ធ​ និង​កា​រគ្រប់​គ្រងការ​ឆ្លងរាល​ដាល​ នៃជំងឺ​កូវីដ-១៩​ រួមទាំង​មេរោគ​បំ​ប្លែង​ថ្មី​ប្រភេទ​ដែលតា ​“Delta” ផង​ដែរ​។

        សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​កា​រដឹក​នាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់​ ​សម្តេច​តេជោ ​នាយក​រដ្ឋមន្រ្តី ​បាន​ខិតខំ​ព្យាយាម​ស្វែង​រក​វ៉ាក់​សាំង​តាម​គ្រប់​យន្តការ ​តា​មរយៈ​ទ្វេភាគី​ ពហុភាគី​ក្ដី​ ជា​ជំនួយមនុស្សធម៌​ក្ដី​ និង​បញ្ជាទិញ​ដោយ​ផ្ទាល់​ក្ដី​ គឺ​ដើម្បីធានា​ចំនួនវ៉ាក់​សាំង​ឲ្យ​បាន​គ្រប់​គ្រាន់​ ទាន់​ពេល​វេលា​សម្រាប់​ចា​ក់ជូន​ប្រជាពលរដ្ឋ​ តាម​ផែន​ការកំណត់​។​ បន្ថែម​ពី​លើ​នេះ ​កាល​ពីថ្ងៃទី០១ ​ខែ​សីហា ​ឆ្នាំ២០២១​ រាជ​រដ្ឋាភិបាលបា​ន​ចាប់​ផ្ដើម​បើក ​“យុទ្ធនាការចាក់​វ៉ាក់​សាំង​ជូន​កុមារ-​យុវវ័យ​ អាយុ​ចាប់ពី​១២​ឆ្នាំ ​ដល់​ក្រោម១៨​ឆ្នាំ​”​ ចំនួន​សរុបប្រមាណ​២លាន​នាក់​បន្ថែម​ទៀត​ និង​បា​នសម្រេច​ដា​ក់ចេញនូវ​ ​“យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ដូស​ទី​៣​ ឬ​ដូស​ជម្រុញ”​ ជូនដល់​មន្រ្តីបម្រើ​សេវាសាធារណៈ​ជួរមុខ ​ដែល​កំពុង​បម្រើការ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ដែ​ល​ស្ថិតនៅតាម​ព្រំដែន​ជា​មួយ​នឹង​ប្រទេស​ថៃ​ ដែល​មេរោគ​បំប្លែ​ង​ថ្មី ប្រភេទ​ដែល​តា​ “Delta” កំពុង​វាយលុក ​និង​រាល​ដាល​ រួម​ជា​មួយ​ក្រុម​គ្រូពេទ្យ កងទ័ព​និ​ងគ្រួសារ ​អតីត​យុទ្ធជន​ទៀត​ផង​។​ ជាមួយ​គ្នានេះ ​រាជរដ្ឋាភិបាល​នៅ​តែ​អនុវត្ត​ និង​ប្រកាន់​ខ្ជាប់នូវ​វិធាន​ការ​សុខាភិបាល ​ជា​ពិសេស ​វិធានការ “៣​ការពារ​ និង​៣​កុំ” ​និង​ដាក់​ចេញនូវយុទ្ធនាការ​ពង្រឹង​វិធាន​ការ​ប្រយុទ្ធ​ និ​ងទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ-១៩​ ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេ​ស សំដៅការពា​រសុខភាព​ និងអាយុ​ជីវិត​រប​ស់ប្រជាពលរដ្ឋ​។​

         សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់បន្ថែម​ថា៖​ ជា​ការពិត​ កា​រទទួលវ៉ាក់​សាំង​ដំណាក់​កាល​ទី៣ ​ចំនួន​៥០ម៉ឺន ដូស ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​ចិន​ តាម​រយៈក្រសួង​ការពារប្រទេស​ចិន​ ផ្ត​ល់​ជូន​ក្រសួង​ការពារជាតិ​នាថ្ងៃ​នេះ ​ពិត​ជារួមចំណែក​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក្នុងការ​ទប់​ស្កាត់ ​និង​កាត់​ផ្តាច់​នៃ​ការឆ្លងជំងឺ​កូវីដ-១៩ ប្រភេទ​ថ្មី​ដែល​តា​ “Delta” នៅក្នុ​ង​សហគមន៍​នៅ​កម្ពុជា​យ៉ាង​សក្តិសិទ្ធ​។ សម្តេច​ពិជ័យ​សេនា​ ពិតជាដឹង​គុណដ៏ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជន​ចិន​ ដែល​បា​នផ្តល់​អំណោយ និងជំនួយ​សប្បុរស​ជា​ច្រើន ជាពិសេស​ការ​ផ្តល់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩ ចំនួន​៥០ម៉ឺន​ដូស​ សម្រាប់​ក្រសួងការពារ​ជាតិ​ប្រើប្រាស់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុង​កាលទេសៈ​ដ៏​លំបាក​នេះ​។

         សម្តេច​ពិជ័យ​សេនា​ សូមថ្លែងអំណរគុណ​ចំពោះ​ស្មារតី​សាមគ្គី​ភាព​ និង​កា​រជួយគ្នា​ក្នុងគ្រាលំបាក​ នៃ​បណ្តាប្រទេស​ជា​មិត្ត​ ដែល​ផ្តល់វ៉ាក់សាំង​បាន​ទាន់​ពេលវេលា​ ជា​ពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិ​ន ជា​ប្រទេស​ឈានមុខ​ ក្នុងការ​ផ្តល់​វ៉ាក់សាំង​ទាំ​ងជំនួយ​មនុស្ស​ធម៌​ និង​ការ​បញ្ជាទិញ។​ ​សម្តេច​ពិជ័​យសេនា​ បានថ្លែង​អំណរគុណចំពោះ ​ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូត​ចិ​នប្រចាំ​កម្ពុជា និង លោក​វរសេនីយ៍​ឯក​ពិសេស ​លី ​ជីង​ ហ្វឹង​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធាចិន​ប្រចាំ​កម្ពុជា​ ដែល​បា​នជួយ​សម្របសម្រួល​ការងារ​គ្រប់​បែប​យ៉ាង​ ក្នុង​ការ​ផ្តល់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩ ​ជូន​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ទាំង​៣​លើក​ បាន​​ទាន់​ពេលវេលា​តាម​សំណូមពរ​ចាំ​បាច់​។​

       សម្តេច​ពិជ័យ​សេនា​ បាន​អំពាវនាវ​ដ​ល់ក្រុម​គ្រូពេទ្យ កងទ័ព មន្រ្តី​រាជកា​រ និង​បងប្អូន​ប្រជាពល​រដ្ឋទាំងអស់​ចូលរួមសហកា​រ​យ៉ាង​សកម្ម និ​ង​ពេញ​លេញ ​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដោយអនុវត្ត ​និង​ប្រកាន់​ខ្ជាប់​នូវវិធានការ​សុខាភិបាល ជា​ពិសេស​ វិធាន​ការ​ “៣ការពារ និង៣កុំ” និង​ចូល​រួមយុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​​សាំង​ យុទ្ធនាការ​ពង្រឹង​វិធាន​ការ​ប្រយុទ្ធ​ និង​ទប់​ស្កាត់ការឆ្ល​ង​រាល​ដាល​ជំងឺកូវីដ-១៩ ​ដើម្បី​រួមគ្នា​ការពា​រ​សុវត្ថិភាព​សុខភាព ​ក៏​ដូច​ជា​សុខុមាល​ភាព​របស់​គ្រួសារ សហគមន៍ ​និ​ង​សង្គម​ជាតិ​ទាំង​មូល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ