ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ជួប​អនុព័ន្ធ​យោធា​សហព័ន្ធ​រុស្សី​ចប់​អណត្ត​ និង​ តែង​តាំង​ថ្មី​
នាយកដ្ឋានព័ត៌មាន(៣)
305
2563 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ជួប​អនុព័ន្ធ​យោធា​សហព័ន្ធ​រុស្សី​ចប់​អណត្ត​ និង​ តែង​តាំង​ថ្មី​

        ទី​ស្តីកា​រគណៈ​រដ្ឋមន្ត្រី​ នៅ​សៀល​ថ្ងៃទី០៦​ ខែ​កញ្ញា ​ឆ្នាំ​២០២១​, សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ជូន​ លោក​វរនាវី​ឯក​ Ivan ​STADCHENKO នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​រុស្ស៊ី ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​ជម្រាប​លា ​និង​បង្ហាញ​មុខ​នាយ​ការិយាល័យ​ អនុព័ន្ធ​យោធា​រុស្ស៊ី​ថ្មី​ មក​ជំនួស​។

​        សម្តេច​ពិជ័យ​សេនា ​ស្វាគមន៍ ​និង​អបអរសាទរ​ចំពោះ​ លោក​វរនាវី​ឯក ​Vily ​KUCHSHEV នាយ​ការិយា​ល័យ​​អនុព័ន្ធ​យោធា​រុស្ស៊ីថ្មី​ ដែល​រដ្ឋាភិបាល ​និងក្រ​សួង​ការពារ​ប្រទេស ​បាន​ផ្ដល់​សេចក្តី​ទុក​ចិត្ត​ ទើប​តែង​តាំង​មក​បំពេញ​បេសកកម្ម​ការ​ទូត​ ប្រចាំ​កម្ពុជា​នា​ពេល​នេះ​។ ក្រសួងការ​ពារ​ជាតិ​ ត្រៀម​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ពេញ​លេញ​ ចំពោះ​លោក​នាយ​ការិយា​ល័យ​អនុព័ន្ធ​យោធា​ថ្មី​ ក្នុង​ការ​បំពេញ​​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​ សំដៅ​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំន​ង ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ រី​កចម្រើន​ និង​ស៊ី​ជម្រៅ​ថែម​​ទៀត​។ ​សម្តេច​ពិជ័យ​សេនា​ កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ឡាយ​របស់​ លោកវរ​នាវី​ឯក​ Ivan STADCHENKO ​នៅ​ក្នុង​អាណត្តិ​បំពេញ​បេសក​កម្ម​ការ​ទូត​របស់​ខ្លួន​នៅ​កម្ពុ​ជា​ រយៈ​ពេល​៤ឆ្នាំ​កន្ល​ង​មក​ បាន​ជួយ​ជម្រុញ​​ពង្រឹង​ទំនាក់​ទំនង​ ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​​ទព​ប្រទេស​ទាំង​ពីរ​កម្ពុជា-រុស្ស៊ី នាំ​មក​ឧត្តម​ប្រយោជន៍​ជូន​ជាតិ ​និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​។​ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​បន្ថែម​ថា​៖ ដោយ​សារ​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​ ជាសកល ​បានធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​មួយ​ចំនួន​ត្រូវ​បាន​អាក់​ខាន ​និង​លើក​ពេល​​។ ប៉ុន្តែ​​កង​​ទ័ពប្រទេស​ទាំង​ពីរ​កម្ពុជា-រុស្ស៊ី នៅ​តែ​ពង្រឹង​ទំនាក់​ទំនង ​ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​មាន​ភាព​ជិត​ស្និទ្ធ​ រី​កចម្រើន​ និង​ស៊ី​ជម្រៅ ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ និង​រស់​តាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី​។​ 

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង លោក​វរនាវី​ឯក​ Ivan ​STADCHENKO នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​រុស្ស៊ី ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសក​កម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា


        សម្តេច​ពិជ័យ​សេនា ​បាន​លើក​ឡើងថា​៖ មុន​ពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ​ជា​សកល ​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​កម្ពុជា-រុស្ស៊ី បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​ជា​ច្រើន ​ដូច​ជា​ការ​ផ្តល់​អាហា​រូប​ករណ៍​ដល់​សិក្ខា​កាម​យោធា​រុស្ស៊ី​មួយ​ចំនួន ​មក​សិក្សា​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ការ​ពា​រជាតិ​ ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​ទទួល​សិក្ខាកាម​កម្ពុជា​ ទៅ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​រុស្ស៊ី ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ជាន់​ខ្ពស់​កង​ទ័ព​ជើង​ទឹ​ក កង​ទ័ព​ជើង​គោក​ កង​រក្សា​សន្តិភាព​ និង​ការ​ចូល​ចត​នា​វា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ជា​បន្ត​បន្ទាប់​។​ ទាំង​អ​ស់នេះ​សុទ្ធ​តែ​ផ្តើម​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ​ សំដៅ​ពង្រឹង​ពង្រី​ក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​រឹង​មាំ​។ សម្តេច​ពិជ័យ​សេនា ​មាន​ជំនឿ​យ៉ា​ងមុត​មាំ​ថា​ ក្រោយ​ពេល​ជំងឺ​កូដ-១៩​ជា​សកល​ មាន​ភាព​ធូរ​ស្រាល​ តាម​រយៈ លោក​នាយ​ការិយា​ល័យ​អនុព័ន្ធ​យោធា ​បញ្ចប់​បេសកកម្ម​ការ​ទូត​យោធា និ​ង​លោក​នាយការិយាល័យ​អនុព័ន្ធ​យោធា​រុស្ស៊ី​ថ្មី​ ប្រចាំ​កម្ពុជា​ ក្រសួង​ការ​ពា​រប្រទេស​ទាំង​ពីរ​កម្ពុជា-រុស្ស៊ី ​នឹង​ពង្រឹ​ងកិច្ច​សហប្រតិបត្តិការ​ ដែល​បា​នចុះ​អនុស្សរណៈ​កន្លង​មក​ រួម​មាន៖ វិស័យ​រក្សា​សន្តិភាព​ កា​រងារ​ហ្វឹក​ហ្វឺន​ការ​ផ្លា​ស់​ប្តូរ​ដំណើរ​ទស្សនកិច្ច ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ជើង​ទឹក​ ជើង​គោក​ ការ​ហ្វឹក​ហ្វឺន​វិស័យ​មនុស្ស​ធម៌​ គ្រោះ​មហន្តរាយ​ និង​ការ​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ទៅ​វិញ​ទៅ​ម​ក នឹង​មាន​ការ​រីក​ចម្រើន​ ថែម​ទៀត​។​ សម្តេច​ពិជ័យ​សេនា ​ជូន​ពរ​ដ​ល់លោក​​នា​យ​ការិយាល័យ​អនុព័ន្ធ​យោធា​ចាស់​ សូម​ទៅ​បំពេញ​បេសកកម្ម​ថ្មី​ប្រកប​ដោយ​ជោគ​ជ័យ​ និង​សូម​ស្វាគមន៍​អបអរ​សាទរ​ ចំពោះ​លោក ​នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ថ្មី​ និង​បន្ត​រួម​គ្នា​បំពេញ​ការ​ងារ​ ដែល​នៅ​សេស​សល់​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង ​សំដៅ​ជម្រុញ​ចំណង​​មិត្ត​ភាព ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា-រុស្ស៊ី​។​​​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងលោក​វរនាវី​ឯក ​Vily ​KUCHSHEV នាយ​ការិយា​ល័យ​​អនុព័ន្ធ​យោធា​រុស្ស៊ីថ្មី​ ដែល​រដ្ឋាភិបាល ​និងក្រ​សួង​ការពារ​ប្រទេស ​បាន​ផ្ដល់​សេចក្តី​ទុក​ចិត្ត​ ទើប​តែង​តាំង​មក​បំពេញ​បេសកកម្ម​ការ​ទូត​ ប្រចាំ​កម្ពុជា​


        នៅ​ក្នុង​ពិធី​ចូល​ជួប​សម្តែង​កា​រគួរ​សម​ និង​ជម្រា​បលា​ លោក​​វរនាវី​ឯក​ Ivan ​STADCHENKO បាន​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​សម្ដេច​ពិជ័យ​សេនា​ ថ្នាក់​ដឹ​កនាំ ​នាយ​ទាហាន​ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ ​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​គាំទ្រ​ដល់​ភារកិច្ច​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​របស់​លោក​រយៈ​ពេល​៤​ឆ្នាំ​កន្លង​ម​ក នេះ​សម្រេច​​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។ ​លោក​វរនាវី​ឯក​ Ivan​ STAD​CHEN​KO​ បាន​សន្យា​ថា​៖ ពេលទៅ​បំពេញ​ការងារ​នៅ​ប្រទេស​រុស្ស៊ី​វិញ ​លោក​នឹង​ជម្រាប​ពី​ការពិ​ត​នៅ​កម្ពុជា​ ដែល​មា​នថ្នាក់​ដឹក​នាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ មាន​ការ​រី​ក​ចម្រើន​លើ​គ្រប់​វិស័យ​។​ លោក​នឹង​ស្នើ​ដល់​រដ្ឋា​ភិបាល ​ក្រសួង​ការ​ពារ​ប្រទេស​រុស្ស៊ី​បន្ត​ជួយ​គាំទ្រ ​និង​ពង្រឹ​ងកិច្ច​​សហប្រតិបត្តិការ​ថ្មីៗ​បន្ថែម​ទៀត​. បន្ថែ​ម​លើ​កិច្ច​សហប្រតិបត្តិ​ការ​ដែល​បាន​ចុះ​អនុស្សរណៈ​នា​ពេល​កន្លង​ម​ក ដើម្បី​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។​ លោក​វរនាវី​ឯក​ Ivan​ STAD​CHE​NKO ​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​អាក់​ខាន​ និង​ការ​លើក​ពេល​កម្ម​វិធី​មួយ​​ចំនួន ​ដែល​បាន​ឯកភាព​គ្នា​ អញ្ជើញ​គណៈ​ប្រតិភូ​នាយ​ទាហាន​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​កា​រ នៅ​ប្រទេស​រុស្ស៊ី ​និង​ការ​បំពេញ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រុស្ស៊ី ​មក​កម្ពុជា​ ដោយ​សារ​ការ​រីក​រា​លដាល​នៃ​ជំងឺ​កូវីដ-១៩ ​ជាសកល។

        លោក​វរនាវី​ឯក​ Ivan​ STAD​CHEN​KO ​សូម​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​នូវ​បេសកកម្ម​ជា​ប្រវត្តិ​សាស្ត្រ​ ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូរីដ​-១៩ ​នៅ​កម្ពុជា​។ ​លោក​សូម​គាំទ្រ​ចំពោះ​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ឆ្នាំ​២០២២ ​នៅ​កម្ពុជា​ដំណើរ​ការ​ប្រកប​ដោយ​​ជោគ​ជ័យ​ និង​សូម​ឲ្យ​ការ​រីក​រា​លដា​ល​ជំងឺ​កូវីដ-១៩ ​ជៀស​ផុត​ពី​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​សកល​លោក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ