ក្នុងជំនួបសំដែងការគួរសមជាមួយគណៈប្រតិភូកងទ័ពជើងគោកសហភាពមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី 26 ខែមិថុនា ឆ្នាំ2015 កន្លងទៅ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានសម្តែងនូវការគាំទ្រចំពោះការរៀបចំឲ្យមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើផ្នែក សិល្បៈ កីឡា និងប្រតិភូរវាងភាគីប្រទេសទាំងពីរ កម្ពុជា មីយ៉ាន់ម៉ា ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម ទៀ បាញ់ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកមីយ៉ាន់ម៉ា នៅកម្ពុជាពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់រិតចំណងសាមគ្គីភាពមិត្តភាពកងទ័ពទាំងពីរឲ្យមានការរីកចម្រើននិងរឹងមាំ ។ ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា៖ កន្លងមកកម្ពុជា និងមីយ៉ាន់ម៉ាបានសហការគ្នាល្អលើគ្រប់វេទិការក្នុងតំបន់បាន ឯកភាព និងសំដែងនូវទស្សនៈបានល្អ ។ ឯកឧត្តម ទៀ បាញ់ បានឲ្យតំលៃខ្ពស់ទៅលើស្ថេរភាពដែល ប្រទេសនីមួយៗត្រូវរក្សាឲ្យបានល្អសម្រាប់ធ្វើការពង្រឹងទំនាក់ទំនងល្អ និងជំរុញដល់ការអភិវឌ្ឍន៍ឲ្យ កាន់តែល្អប្រសើរ ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ឧត្តមសេនីយ៍ផុតលេខរង ស៊ូ វីន (Soe Win) អគ្គមេ បញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកមីយ៉ាន់ម៉ា បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុង ដំណើរទស្សនកិច្ចនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រកបដោយជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា មីយ៉ាន់ម៉ា ៕