អគាររោងពុម្ពផែនទី នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ នៅសង្កាត់ព្រែកប្រា រាជធានីភ្នំពេញ ដែលជាជំនួយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានប្រារព្ធពិធីបើកសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០១ ខែកក្កដានេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងមានវត្តមានផងដែរលោកវរសេនីយឯកពិសេស ង្វៀន វ៉ាន់ជុង អនុប្រធាន អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា។
ឯ.ឧ ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក នាយកដ្ឋានភូមិសាស្ត្រ បានមានប្រសាសន៍ឲ្យ ដឹងថា អនុវត្តតាមពិធីសារនៃកិច្ចសហប្រតិបត្តិការក្រសួងការពារជាតិទាំងពីរ កម្ពុជា និង វៀតណាមឆ្នាំ២០១៣, អគាររោងពុម្ពផែនទីនៃនាយកដ្ឋានភូមិសាស្ត្របានសាងសង់ឡើង នៅខែកញ្ញាឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ជាស្ថាពរខែមេសាឆ្នាំ២០១៥ ក្រោមជំនួយ ឧបត្ថម្ភរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯ.ឧ ទេព ចំរើន បានបញ្ជាក់ថា កន្លងមកនេះរបស់ក្រសួងការពារប្រទេសវៀតណាម បានឧបត្ថម្ភ ដល់នាយកដ្ឋានភូមិសាស្ត្រ នូវម៉ាស៊ីនបោះពុម្ពកំរិតបំពាក់ថ្នាក់យុទ្ធនាការ ០១កំប៉្លេរ សម្រាប់ផលិត និងស្កែនផែនទីកំរិតស្រាល ដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះ។
ក្នុងនាមឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ, ឯ.ឧ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ ប្រជាជន និងក្រសួងការពារប្រទេសវៀតណាម ដែលតែងបានជួយដល់ ប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ទាំងក្នុងពេលសង្គ្រាម ក៏ដូចក្នុងពេលសន្តិភាព។ បច្ចុប្បន្ននេះ ក្រសួងការពារប្រទេសវៀតណាម នៅតែបន្តជួយកសាង និងអភិវឌ្ឍន៍ ខ.ភ.ម លើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានបញ្ជាការសេនាធិការ និងនាយ ទាហានជំនាញ ព្រមទាំងជួយលើវិស័យសំណង់អគារសិក្សា អគារស្នាក់នៅ អគារ មណ្ឌលសុខភាព អគារទីបញ្ជាការទាំងនៅជួរមុខ ក៏ដូចជាកងឯកភាពខាងក្រោយ។ ដោយឡែកនាយកដ្ឋានភូមិសាស្ត្រ ក៏ត្រូវបានកងទ័ពប្រជាជនវៀតណាម បានជួយ បណ្តុះបណ្តាលអ្នកឯកទេសផែនទីកំរិតវិស្វករ អ្នកឯកទេសជាន់ខ្ពស់ មធ្យម និងកំរិត បឋមមួយចំនួនផងដែរ។ ក្រៅពីនេះនៅបានជួយឧបករណ៍សម្ភារៈផលិតផែនទី និងស្កែន ផែនទីកំរិតស្រាល ជាពិសេសអគាររោងពុម្ពផែនទី ដែលកំពុងបើកសម្ភោធដាក់ឲ្យប្រើ ប្រាស់នាពេលនេះ គឺជាចំណងដៃថ្មីមួយទៀត និងជាជំនួយដ៏ថ្លៃថ្លារបស់ក្រសួងការពារ ប្រទេសវៀតណាម។ ហើយសង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាម នឹងបន្តជួយ
ឧបត្ថម្ភគ្រឿងឧបករណ៍ និងម៉ាស៊ីនបោះពុម្ពមួយចំនួនទៀតសម្រាប់បំរើការផលិតផែនទី នៅក្នុងរោងពុម្ពនេះ បានដំណើរការបានល្អនៅពេលខាងមុខ។
ក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ បានអញ្ជើញកាត់ខ្សែបូរ បើកសម្ភោធដាក់ឲ្យប្រើប្រាស់អគាររោងពុម្ពផែនទី ដែលមានបណ្តោយ ២៥ម៉ែត្រ ទទឹង ១០ម៉ែត្រ កំពស់២ជាន់ និងបពាក់គ្រឿងសង្ហារឹម ដែលបានចំណាយអស់ទឹកប្រាក់ចំនួន ២០២.០៥៥ដុល្លាអាមេរិក៕