ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឯល ​វ៉ាន់​សារ៉ាត ​បញ្ចុះ​បឋម​សិលា ​​បើក​ការ​​ដ្ឋាន​សាង​សង់​មជ្ឈមណ្ឌល​ផលិត​ផែន​ទី​
នាយកដ្ឋានព័ត៌មាន(៣)
481
2614 នាយ​ឧត្តម​សេនីយ៍ ​ឯល ​វ៉ាន់​សារ៉ាត ​បញ្ចុះ​បឋម​សិលា ​​បើក​ការ​​ដ្ឋាន​សាង​សង់​មជ្ឈមណ្ឌល​ផលិត​ផែន​ទី​

       នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា​ បើក​ការ​ដ្ឋាន​សាង​សង់​មជ្ឈមណ្ឌល​ ផលិត​ផែន​ទី​ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រសួង​ការ​ពារ​ជាតិ​ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ​នា​ព្រឹក​ថ្ងៃទី​១៤​ ខែ​តុលា ​ឆ្នាំ​២០២១​នេះ​ ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍​ ឯ​ល វ៉ា​ន់​សា​រ៉ាត រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពា​រជា​តិ និង​វត្តមាន ​ឯកឧត្តម ចាង ជៀន ( CHANG JIAN ) ទីប្រឹក្សា​អម​ស្ថា​ន​ឯកអគ្គរដ្ឋ​ទូត​ នៃ​សាធារ​ណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូល​រួម​ផង​ដែ​រ។​

        ឧត្ត​ម​សេនីយ៍​ឯ​ក ទេព ​ចម្រើន​ នាយក​ នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ ការ​បញ្ចុះ​បឋម​សិលា​ថ្ងៃ​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ទៀត​ដែល​ ក្រសួង​ការពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ទទួល​បាន​​ពី​ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​ក្រសួង​ការ​ពារ​ជាតិ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​វាស់វែង​គួរ​ផែន​ទី​ និង​សេវា​នាំ​ផ្លូវ​រវាង​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​ក្រសួង​ការ​ពារ​ជាតិ​ សារធារណ​រដ្ឋ​ប្រជាមា​និត​ចិ​ន ពី​ឆ្នាំ​២០១៨​កន្លង​មក​។ តាម​ពិត​ទៅ​សំណង់​មជ្ឈមណ្ឌល​ផលិត​ផែន​ទី​នេះ ​ត្រូវ​ចាប់​ផ្តើ​ម​ដំណើរ​ការ​សាង​ស​ង់ តាំង​ពី​ឆ្នាំ​២០២០​ កន្លង​មក​ម្លេះ ​ប៉ុន្តែ​ដោយ​បញ្ហា​វិបត្តិ​សកល​នៃ​ជម្ងឺ​កូវីដ-១៩ ​ធ្វើអោយ​ការ​សាង​សង់​ត្រូវ​បាន​ពន្យា​រហូត​ដល់​ពេ​លនេះ​។

នាយ​ឧត្តម​សេនីយ៍​ ឯ​ល វ៉ា​ន់​សា​រ៉ាត រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពា​រជា​តិ និង​ឯកឧត្តម ចាង ជៀន ( CHANG JIAN ) ទីប្រឹក្សា​អម​ស្ថា​ន​ឯកអគ្គរដ្ឋ​ទូត​ នៃ​សាធារ​ណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ 


        ឯកឧត្តម ឯល វ៉ាន់សារ៉ាត បាន​មាន​ប្រសាសន៍​ថា​៖ នេះ​ជា​មោទន​ភាព​បំផុត​របស់​នាយក​ដ្ឋាន​ភូមិសាស្ត្រ​ ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ដែល​ទទួល​បាន​នូវ​មជ្ឈមណ្ឌល​ផលិត​ផែនទី ដែល​ជាយូរយារ​ណាស់​ម​កហើយ​ កង​យោធ​​ព​លខេមរ​ភូមិន្ទ​ពុំ​ធ្លាប់​មាន​។ ឯកឧត្តម បាន​បញ្ជាក់​ថា​៖ ពេល​ស្ថិត​ក្រោម​អាណា​និគម​បារាំង​ ឆ្នាំ​១៨៩៩ ​រដ្ឋាភិបាល​បារាំង​ បាន​បង្កើត​ក្រុម​ភូមិ​សាស្ត្រ​មួយ​សម្រាប់​ឥណ្ឌូចិន​ ហើយ​អោយ​ឈ្មោះ​ថា​ (សេវា​ភូមិសាស្ត្រឥណ្ឌូ​ចិន) ​ដែល​ស្ថិត​នៅ​ទីក្រុង​ដាឡាត់ អ​តីត​វៀតណាម​ខាង​ត្បូង ​និង​មាន​រោង​ពុម្ព​នៅទី​នោះ​។​ លុះ​ដល់​ឆ្នាំ​១៩៥៥ ​ក្រោយ​ពី​ប្រទេស​កម្ពុជា​ ទទួល​ឯករាជ្យ​ថ្ងៃទី​០​៩ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៥៣​ ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​ ក៏​បាន​រំលាយ​ខ្លួន ​ហើយ​ប្រទេស​នីមួយៗ​បង្កើត​ស្ថាប័ន​ភូមិ​សាស្ត្រ​រៀងៗ​ខ្លួន​ ដោយ​ឡែក​កម្ពុជា​ស្ថិ​ត​ក្រោម​ការ​ដឹក​នាំ​ រប​ស់​រដ្ឋមន្ត្រី ​ក្រសួង​សេដ្ឋកិច្ច​ជាតិ​ ឈ្មោះថា​ ក្រុម​ភូមិ​សាស្ត្រ​ខ្មែ​រ​។​ លុះ​ដល់​ខែមិ​ថុនា ​ឆ្នាំ​១៩៥៦​ នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ផ្ទេរ​អោយ​ក្រសួង​ការពារជាតិ​គ្រប់​គ្រង​វិញ​ឈ្មោះថា​ នាយក​ដ្ឋាន​ភូមិ​សាស្ត្រ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ប៉ុន្តែ​មិនទាន់​មាន​រោង​ពុម្ព​ផលិត​ផែន​ទី​ផ្ទាល់​ខ្លួន​នៅ​ឡើយ​ទេ​។​

        តាង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​ការ​ពារ​ជា​តិ ឯកឧត្តម​ ឯល​ វ៉ា​ន់សារ៉ាត​ បាន​ផ្ដាំ​ផ្ញើ​ដល់​ក្រុម​វិស្វករ​ អ្នក​បច្ចេក​ទេស​ ជំនាញ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ា​ងណា​ សាង​សង់​អគារ​នេះ​ប្រកប​ដោយ​គុណ​ភាព​រឹងមាំ ​អាច​ប្រើប្រាស់​យូរ​អង្វែង​ និង​សហការ​អោយ​បាន​ល្អ​ជា​មួយ​នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ​ ធានា​បាន​លទ្ធផល​​ល្អ​ តាម​កា​រកំណត់​នៃ​គម្រោង​ផែន​ការ​សាង​សង់​។

        សូម​បញ្ជាក់​ថា​៖ អគារ​មជ្ឈមណ្ឌល​ ផលិត​ផែន​ទី​នេះ សង់​ឡើង​អំពី​ថ្ម​ ដែល​មាន​៣​ជា​ន់ តាម​គម្រោង​ផែន​ការ​នឹង​បញ្ចប់​ការ​សាង​សង់​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ