ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារឆមាសទី១ និង ទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹតទៅនាព្រឹកថ្ងៃទី០២ ខែកក្កដានេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរងនៃខ.ភ.ម, ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន, ជានាយក នាយករងនាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិជាច្រើនរូប ទៀត។
ក្នុងរបាយការណ៍បូកសរុបដែលអានដោយ ឯ.ឧ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៥នេះ ខ.ភ.ម បានប្រមូលផ្តុំអនុវត្តភារកិច្ចស្នូលរបស់ខ្លួនក្នុងវិស័យការពារជាតិ តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល កម្មវិធីការងារនិងផែនការកែទម្រង់ខ.ភ.ម ដោយសម្រេច បាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះ ភារកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដី, ខ.ភ.ម បានបន្តម្ចាស់ការពង្រឹងប្រព័ន្ធខឿនការពារជាតិឲ្យបានរឹងមាំថែមទៀត ពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបណ្តាកោះមួយចំនួន ព្រមទាំងបានធ្វើការ តាមដានសភាពការណ៍ប្រែប្រួល និងធ្វើការល្បាតត្រួតពិនិត្យភូមិសាស្ត្រទទួលខុសត្រូវ របស់ខ្លួនជាប់ជាប្រចាំ។ រីឯកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ថ្វីត្បិតតែមាន បញ្ហាបន្តិចបន្តួច ប៉ុន្តែ ខ.ភ.ម បានរក្សានូវការទំនាក់ទំនងល្អ ដោះស្រាយនូវបញ្ហា ផ្សេងៗដែលកើតមាន ដោយសន្តិវិធី។ យកចិត្តទុកដាក់ម្ចាស់ការ និងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ចូលរួមពង្រឹងការអនុវត្តច្បាប់ ធ្វើការបង្ការទប់ ស្កាត់ និងបង្រាបនូវរាល់ បទល្មើសគ្រប់ប្រភេទ (ពិសេសបទល្មើសគ្រឿងញៀន) ភាពអាណាធិបតេយ្យនានា និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការពារគណៈប្រតិភូជាតិ និងអន្តរជាតិនានាបាននូវលទ្ធផលល្អប្រសើរ។ ក្រៅពីភារកិច្ច ខាងលើ ខ.ភ.ម បានបន្តយកចិត្តទុកដាក់អនុវត្តនូវរាល់ភារកិច្ចលើការកែទម្រង់ ខ.ភ.ម លើគ្រប់វិស័យ បានលើកកម្ពស់កិត្យានុភាពរបស់កងទ័ពមួយកម្រិតថែមទៀតនៅក្នុង
ប្រទេស និងលើឆាកអន្តរជាតិ ក្នុងនោះការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារនិងបច្ចេកទេស ការងារវិស្វកម្ម ការងារសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹង សិមិទ្ធផលដែលសម្រេចបានខាងលើ ខ.ភ.ម ក៏នៅមានចំនុចសេសេសល់ និងបញ្ហា ប្រឈមមួយចំនួនដែលត្រូវយកចិត្តទុកដាក់ផងដែរនៅចំពោះមុខនោះ។ កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនសម្រាប់ឆមាសទី២ ឆ្នាំ២០១៥ជាបន្តទៀត ក្នុងនោះដោយបន្តពង្រឹងការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន ក្នុងវិស័យការពារជាតិ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងចូលរួមការពារសន្តិសុខរបៀបរាបរយ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបន្តការកែទម្រង់ ការងារហ្វឹកហ្វឺនបណ្តុះបណ្តាល បំប៉នជំនាញផ្សេងៗ និងការអប់រំចិត្តសាស្ត្រដល់ជួរ ខ.ភ.ម នៅក្នុងការគោរពច្បាប់របស់រដ្ឋ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន ៕