ព័ត៌មាន

ករណី​ឃាតកម្ម ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ ភ្ជាប់​ជា​មួយ​រឿង​នយោបាយ​ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ ត្រូវ​កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​បំ​បែក​បាន​ ក្នុង​ពេល​មិន​ដល់​៤៨​ម៉ោង!​​
នាយកដ្ឋានព័ត៌មាន(៣)
261
2655 ករណី​ឃាតកម្ម ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ ភ្ជាប់​ជា​មួយ​រឿង​នយោបាយ​ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ ត្រូវ​កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​បំ​បែក​បាន​ ក្នុង​ពេល​មិន​ដល់​៤៨​ម៉ោង!​​

       វេលា​ម៉ោង​០២:០០​នាទី​អធ្រាត្រ​ ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ចំណុច​មុខ​ច្រក​ចូល​ផ្សារ​ដើម​ស្រល់ ​ផ្លូវ​ទន្លេ​សាប​ ស្ថិត​ក្នុង​ ភូមិ​២ ​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ ​មាន​ករណី​ឃាតកម្ម​ កាប់​នឹង​កាំ​បិត​ផ្គាក់ ​បណ្តាល​ឲ្យ​ ស្លាប់​មនុស្ស​ម្នាក់​ ឈ្មោះ ​ស៊ិន ​ខុន ​ភេទ​ប្រុស​ អាយុ ​៣១​ឆ្នាំ​ មុខ​របរ​និស្សិត​បេក្ខជន​បណ្ឌិត​ ស្នាក់​នៅ ​ក្នុង​វត្ត​ចាស់ ​ផ្លូវ​ទន្លេ​សាប​ ភូមិ១​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​ ត្រូវ​បាន​ជន​សង្ស័យ​ មិន​ស្គាល់​អត្ត​សញ្ញាណ ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​ កាប់​ចំ​ជើង​ខាង​ស្ដាំ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​រយះ​ជិត​ដាច់​ភ្លៅ​ និង​ស្លាប់​ភ្លាម​ៗ​ក្បែរ​ កន្លែង​កើត​ហេតុ ​ហើយ​ជន​សង្ស័យ​ក៏​បាន​គេច​ខ្លួន​បាត់​។​

        មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ដំណឹង​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ​ត្រូវ​បាន​បណ្តាញ​សង្គម​ Facebook​,​ You​Tube,​ វិទ្យុ​ និង​សារ​ព័ត៌​មាន​មួយ​ចំនួន ​បាន​យក​ទៅ​ផ្សព្វ​ផ្សាយ​ ប្រឹង​ទាញ​យក​ករណី​ឃាត​កម្ម​នេះ ​ទៅ​ជា​រឿង​នយោ​បាយ ​ដោយ​សារ ​ពួកគេ​គិត​ខុស​ថា ​ជន​រង​គ្រោះ​គឺ​ជា​សកម្ម​ជន​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ ហើយ​ក៏​ព្យាយាម​ភ្ជាប់​ការ​ស្លាប់​នេះ ​ទំលាក់​កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​ វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បំផុត ​ដែល​មុន​ពេល​យុវជន​ខាង​លើនេះ​ស្លាប់​ ពួក​អ្នកប្រឌិត​រឿង​ខាង​លើ ​មិន​ទាំង​ធ្លាប់​ស្គាល់​ ធ្លាប់​ជួប ​ធ្លាប់​លឺ​ឈ្មោះ ​ជន​រង​គ្រោះ​ផង ​ស្រាប់​តែ​ពេល​ជន​រង​គ្រោះ​ស្លាប់​ ម្នាក់ៗ​ចេញ​មុខ​ទាញ​ប្រយោជន៍ ​អត្ថា​ធិប្បាយ​ បក​ស្រាយ​ ទាញ​រឿង ​ធ្វើ​ដូច​ស្គាល់​ជន​រង​គ្រោះ​ច្បាស់​ណាស់​ ទាំង​អ្នក​ខ្លះ​នៅ​តែ​ក្រៅ​ប្រទេស​សោះ ​ក៏និយាយ​ចេញ​រឿង​ច្បាស់​ជាង​អ្នក​រ​ស់នៅ​ផ្ទាល់​ជា​មួយ​ជន​រង​គ្រោះ​ទៅ​ទៀត ​ដែល​ធាតុ​ពិត​ករណី​នេះ ​គឺ​កើត​ចេញ​ពី​​រឿង​ទំនាស់​បុគ្គល​ ដោយ​ពុំ​មាន​ពាក់​ព័ន្ធ​រឿង​នយោបាយ​ទាល់​តែ​សោះ​។​

         លោក​ឧត្តម​សេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​ រាជ​ធានី​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​ថា​ ក្រោម​ការ​ដាក់​បញ្ជា​យ៉ាង​ម៉ឹង​ម៉ា​ត់ ពី​លោ​ក​នាយ​​ឧត្តម​សេនីយ៍​ សៅ ​សុខា​ អគ្គ​មេ​បញ្ជាការ​រ​ង កង​យោធ​ពល​ខេម​រ​ភូមិន្ទ ​មេ​បញ្ជាការ ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រទេស ​កម្លាំង​ជំនាញ​របស់​អាវុធ​ហត្ថ​ រាជ​ធានី​ភ្នំពេញ ​រួម​ជា​មួយ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ជ្រោយ​ចង្វារ ​បាន​ចេញ​ប្រតិបត្តិការ ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​រក​ឃើញ​តម្រុយ​កំណត់​មុខ​សញ្ញា​ និង​បាន​ចាត់​វិធាន​ការ​ តាម​វិធាន​ជំនាញ ​តាម​ចាប់​ជន​ល្មើស ​មិន​ដល់​៤៨​ម៉ោង​ផង​ ជន​ល្មើស​ក៏ត្រូវ​បាន​ឃាត់​ខ្លួន ​ហើយ​ការ​ពិត​ក៏​ត្រូវ​បាន​លាត​ត្រដាង។​

​         តាម​ការ​រៀបរាប់​របស់​ជន​ដៃ​ដល់​បាន​ឲ្យ​ដឹង​ថា​ ការ​សម្លា​ប់​ជន​រង​គ្រោះ​នេះ​ គឺ​ខ្លួ​ន​ក៏​មិ​ន​បាន​តាំង​ចិត្ត​ផ្តាច់​ជីវិ​ត ជន​រ​ងគ្រោះ​នោះ​ដែរ​ គឺ​គិត​ត្រឹម​តែ​ព្រមាន​ប៉ុណ្ណោះ ​ព្រោះ​ជន​រង​គ្រោះ​ គឺ​ជា​អ្នក​ស្នាក់​នៅ​ក្នុង​វត្តចាស់ ​ហើយ​ខ្លួន​មាន​ប្អូន​ប្រកប​របរ​ប៉ះ​កង់​ម៉ូតូ​នៅ​មុខ​វត្ត​ចាស់​ ឧស្សាហ៍​មាន​ទំនាស់​ពាក្យ​សម្តី​ជា​មួយ​ជន​រង​គ្រោះ ​ពោល​គឺ​ពេល​ដែល​ជន​រង​គ្រោះ​ចូល​វត្ត​ពេល​យប់​ តែង​តែ​ត្រូវ​បាន​គេ​បិទ​ទ្វារ​វត្ត​ចាក់​សោចោ​ល​ ហើយ​ជន​រងគ្រោះ​តែង​រ​ក​រឿង​ប្អូន​របស់​ខ្លួន ​ដោយ​ចោទ​ប្អូន​ខ្លួន​ថា​ជា​អ្នក​កិប​សោ​ទ្វារ​។ នៅ​យប់​កើត​ហេតុ ​ជន​ដៃដល់​ កំពុង​នៅ​ជា​មួយ​ប្អូន​ខ្លួន​នៅ​មុខ​វត្ត​ ស្រាប់​តែ​ជន​រង​គ្រោះ​មក​ដល់​ ក៏​ត្រូវ​គេ​កិប​សោចោល​ទៀត ​ហើយ​ជន​រង​គ្រោះ​បាន​រក​រឿង​ប្អូន​ខ្លួន​មិន​ឈប់​ រហូត​មាន​គេ​មក​បើក​ទ្វារ​វត្ត​ឲ្យចូល​ទៅ​ហើយ ​ក៏​ជន​រងគ្រោះនៅ​មិន​អស់ចិត្ត​ មិន​ព្រ​មចូល​ក្នុង​វត្ត​ នៅ​តែ​បន្ត​រក​រឿង​ស្តី​បន្ទោស​ប្អូន​ខ្លួន​ទៀត ​ឃើញ​ដូច្នោះ​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្រៅ​មួយ​សន្ទុះ ​ហើយ​ត្រឡប់​មក​វិញ​ នៅតែ​ឃើញ​ជន​រង​គ្រោះ​នៅ​តែ​និយាយ​ដៀម​ដា​ម​ស្តី​បន្ទោស​ប្អូន​ខ្លួន​មិន​ឈប់​ ខ្លួន​ក៏​ដើរ​ទៅ​ផ្ទះ​ជួល​រប​ស់​ខ្លួន ​នៅ​ក្រោយ​វត្ត​ និង​បាន​លួច​យក​កាំបិត​ផ្គាក់​ពី​ផ្ទះ​មិត្ត​ភក្តិ​របស់​ខ្លួន​នៅ​ក្បែរ​នោះ ​ហើយ​ដើរ​ត្រឡប់​មក​មុខ​វត្ត​វិញ ​ដោយ​តាំង​ចិត្ត​ថា ​បើ​ជន​រង​គ្រោះ​មិន​ឈប់​ឈ្លោះ​ស្តី​បន្ទោស​ប្អូន​របស់​ខ្លួន​ទេ ​ខ្លួន​នឹង​កាប់​ជន​រង​គ្រោះជា​ការ​ព្រមាន​។​ ស្រាប់​តែពេ​ល​ខ្លួន​មក​ដល់​ ជន​រង​គ្រោះ​ពិត​ជា​មិន​ទាន់​ឈប់​ឈ្លោះ​ស្តី​បន្ទោស​ប្អូន​របស់​ខ្លួន​មែន​ ខ្លួន​ក៏​បាន​ចូល​ទៅ​កាប់​ជន​រង​គ្រោះ ​ត្រូវ​មួយ​កាំបិត​ចំស្មា​ ហើយ​ជន​រង​គ្រោះ​ក៏​រត់ ​ខ្លួន​ក៏​ដេញ​តាម​កាប់​ជន​រង​គ្រោះ​បន្ត ​ដោយ​កាប់​តម្រង់​តែដៃ​ជើង​ប៉ុណ្ណោះ ដើម្បី​ទុក​ជា​ការ​ព្រមាន​ តែ​កាប់​ខុសៗ ​រហូត​ដ​ល់​ចំណុច​កើត​ហេតុ ​ខ្លួន​ក៏​កាប់​ត្រូវ​ភ្លៅ​ជន​រង​គ្រោះ ​បណ្តាល​ឲ្យ​ដួល​ ហើយ​ខ្លួន​ក៏​បោះកំ​បិត​ចោល​ក្បែរ​នោះ ​និង​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ​ដោយ​មិន​គិ​តថា​ជ​នរង​គ្រោះ​ នឹង​ស្លាប់​នោះ​ទេ​។​ ក្រោយ​មក​ទើប​ខ្លួន​បាន​ដំណឹង ​ថា​ជន​រង​គ្រោះ​ស្លាប់​ ក៏​គេច​ទៅ​លាក់​ខ្លួន ​នៅ​ស្រុក​កំណើត ​ក្នុង​ខេត្ត​ព្រៃវែង​តែ​ម្តង​​។ ជន​ដៃ​ដល់​រៀប​រាប់​បន្ថែម​ថា​ កន្លង​មក​ខ្លួន​ក៏​ធ្លាប់​ជាប់​គុក១​ឆ្នាំ​ម្ត​ង​ដែរ​ គឺ​ក្នុ​ងឆ្នាំ​២០១៩​ ទើប​ចេញ​វិញ​ក្នុង​ថ្ងៃទី​ ០២ ខែ​០៧​ ឆ្នាំ​២០២០​ ដោយ​ត្រូ​វ​បាន​ជាប់​ចោទ​ពី​បទ​លួច ​ម៉ូតូ​ក​ង់​បី ​(ផាស់​ស្អាប់)​ ព្រោះ​ខ្លួន​បាន​ដើរ​ជាមួយ​ក្រុម​មុខ​សញ្ញាចោរ​លួច​ទាំង​នោះ។​ បច្ចុប្បន្ន ជនដៃដល់​កំពុង​ត្រូវ​បាន​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ