ព័ត៌មាន

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ត្រៀម​រៀប​ចំ​កម្លាំង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ វិមាន​កីឡា​ដ្ឋាន ​នៃ​ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ
នាយកដ្ឋានព័ត៌មាន(៣)
313
2665 កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ត្រៀម​រៀប​ចំ​កម្លាំង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ វិមាន​កីឡា​ដ្ឋាន ​នៃ​ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ

        នៅ​ព្រឹក​ថ្ងៃ​សុក្រ ​១៤​រោជ​ ខែ​កក្តិក​ ឆ្នាំ​ឆ្លូវ ​ត្រី​ស័ក​ ពុទ្ធ​សក​រាជ ​២៥៦៥ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ​នៅ​សាល​ប្រជុំ​អគារ​​មិត្តភាព​ នៃ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ រា​ជ​ធានី​ភ្នំពេញ ​មាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ត្រៀម​រៀប​ចំ​កម្លាំង​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ វិមាន​កីឡា​ដ្ឋាន ​នៃ​ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ ​ដែល​កិច្ច​ប្រជុំ​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​ នៃ​កិច្ច​ប្រជុំ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ថ្នា​ក់​ដឹក​នាំ​ជាន់​ខ្ពស់​ស្ថាប័ន​ពាក់​ព័ន្ធ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ ​និង​បណ្ដាល​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​។ 

        ឧត្តម​សេនីយ៍​ឯ​ក ខៀវ ​ឆេន​ អគ្គ​លេខា​ធិការ​រង​ អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ បាន​លើក​បញ្ជាក់​ក្នុង​ផែន​ការ​ត្រៀម​រៀប​ចំ​កម្លាំង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​វិមាន​កីឡា​ដ្ឋាន​ នៃ​ពហុកីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ ​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍ ​ឧកញ្ញា ​​លី ​យុង​ផាត់ ​សង្កាត់​ព្រែក​ឬស្សី ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ​ថា៖ តាម​ការ​ស្នើ​សុំ​គណៈ​កម្មាធិការ​បុណ្យ​ជាតិ​ និង​អន្តរជាតិ ​បាន​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ ត្រៀម​រៀប​ចំ​កម្លាំង​ក្នុង​ការ​ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​វិមាន​កីឡា​ដ្ឋាន ​នៃ​ពហុកីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ ​ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ពេល​ខាង​មុខ​នេះ​ ប្រមាណ​ជា​ជាង​ ៥​ពាន់​នាក់​​។​ ដែល​ក្នុ​ងនោះ​មាន​កម្លាំង​គ្រង​ឯក​សណ្ឋាន​កីឡា ​និង​កម្លាំង​គ្រង​ឯកសណ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទៅ​តាម​ប្រភេទ​ទ័ព​ រួម​ទាំង​កង​កម្លាំង​កង​កិត្តិយស ​ត្រែ​ទ័ព​ និង​កម្លាំង​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ពិធី​ផង​ដែរ​។ បើ​យោង​តាម​ផែន​ការ​នេះ​ ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ វិមាន​កីឡា​ដ្ឋាន ​នៃ​ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ ​នឹង​ត្រូវ​ប្រារព្វ​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ ​ឆ្នាំ​២០២១​ ខាង​មុខ​នេះ ​ក្រោម​វត្តមាន​ដ៍​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។ 

        ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ប្រធាន​នៃ​កិច្ច​ប្រជុំ ​ក៏​បាន​សំណូមពរ​ដល់​​មេ​បញ្ជាការ​ គ្រប់​កង​ឯក​ភាព​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​ជា​ក្រុម​ការ​ងារ​គ្រប់​គ្រង​កង​កម្លាំង​ សម្រាប់​ពិធី​សម្ពោធ​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ឲ្យ​បាន​ល្អ​ ទាំង​ផ្នែក​សន្តិ​សុខ​សណ្ដាប់​ធ្នាប់ ​សុវត្ថិភាព ​ក្នុង​ពិធី​ រួម​ទាំង​ការ​រៀបចំទទួល​បដិ​សណ្ឋារ​កិច្ច​សម្រាប់​ថ្នាក់​ដឹក​នាំ​ ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ និង​កម្លាំង​ដែល​ចូល​រួម​ឱ្យ​បាន​រលូន ​និង​ល្អ​ប្រសើរ​។ ពិសេស​ក្រុម​ការ​ងារ​ក៏​ត្រូវ​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​ គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ និង​គណៈ​កម្មការ​រៀប​ចំ​ពិធី​សម្ពោធ​ ដើម្បី​ស្វែង​រ​កទី​តាំង​ សម្រាប់​រៀប​ចំ​ផែន​ឈ​រ ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​គម្លាត​សុវត្ថិភាព​ ទាំង​កម្ម​វិធី​សាក​ល្ប​ង ក៏​ដូច​ជា​កម្ម​វិធី​សម្ពោធ​ជា​ផ្លូវ​ការ​។​ ឯកឧត្តម​ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​ ដល់​គ្រប់​បណ្ដា​កង​ឯកភាព​ និង​នាយ​ ពល​ទាហាន​ ដែល​ចូល​រួម​ទាំង​អស់​ ដែល​មាន​ភារកិច្ច​ចូល​រួម​ក៏​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ នូវ​វិធាន​ការ​សុខា​ភិបាល​ ៣ ​កុំ ​៣ ​ការពារ​ និង​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ទាំង​ពី​រ​ដូស​រួច​រាល់​ហើយ​ដែរ​ ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​តាម​ដាន​ នឹង​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ​១៩​ ដល់​កម្លាំង​ទាំង​អស់​ មុន​នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​សម្ពោធ​នេះ​។ តា​ម​រយៈ​នៃ​កិច្ច​ប្រជុំ​នេះ​ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ និង​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​ទៅ​តាម​ផែន​ការ​ដែល​បាន​កំណត់​។​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​ច្បាស់​បញ្ជាក់​ថា​៖ បើ​កង​កម្លាំង​របស់​យើង​ ដែល​ចូល​​រួម​ទាំង​អស់​ បំពេញ​ភារកិច្ច​បាន​ល្អ​ មាន​វិន័​យ សណ្ដាប់​ធ្នា​ប់​ល្អ​ គឺ​ជា​មុខ​មាត់​ ហើយ​ក៏​ជា​មហា​កិត្តិយស​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​ផងដែរ​ ៕