ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា និងជាប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ ឧត្តមសេនីយ៍ ឧត្តមនាវី របស់ក្រសួងការពារជាតិ រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូប បានដឹកនាំប្រតិភូរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ដល់សព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន សូផាត នាយករងទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៥ៈ៣០នាទីព្រឹក ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយមុខរបួសចាស់សើរើ ។
សព ឧត្តមសេនីយ៍ទោ ហ៊ុន សូផាត នាយករងទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ ត្រូវបានគណៈកម្មការរៀបចំបុណ្យសព ថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ រួមជាមួយ និងក្រុមគ្រួសារសាច់ញាតិ នៃសពតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង តាមបែបពិធីការកងទ័ពរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នាវេលាល្ងាចថ្ងៃទី១៩ ដដែលនោះទើបរៀបចំធ្វើពិធីដង្ហែទៅកាន់ឈាប្បនដ្ឋានវត្តខ្ទរ ដើម្បីប្រទានភ្លើងបូជាសពជាផ្លូវការ ស្ថិតក្នុងបរិវេនវត្តខ្ទរ ផ្លូវជាតិលេខ ៦A ភូមិខ្ទរ សង្កាត់ ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំប្រកបដោយការសោកស្ដាយអាឡោះអាល័យ ជាមួយនឹងក្រុមគ្រួសារសាច់ញាតិនៃសព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន សូផាត នាយករងទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គបញ្ជាការដ្ឋានជាច្រើនរូបទៀត ក៏បានអញ្ជើញទៅដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំងបានបំពាក់ជូននូវឋានន្តរសក្កិថ្នាក់ឧត្តមសេនីយ៍ឯក ជូនដល់សព ឧត្តមសេនីយ៍ទោ ហ៊ុន សូផាត ជាកិច្ចបច្ឆាមរណៈជាលើកចុងក្រោយ ឱ្យសាកសមទៅនឹងមហាកិត្តិយស ដែលឯកឧត្តមបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការបម្រើបុព្វហេតុការពារជាតិមាតុភូមិកន្លងមក ព្រមទាំងបានថ្លែងនៅការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយលោកជំទាវជាភរិយានៃសព ចំពោះការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជាជីតាដ៏ល្អ ជាមិត្តភក្កិ និងជាយុទ្ធមិត្តរួមអាវុធលើវិស័យការពារជាតិ ដោយបានចាត់ទុកថា ការស្លាប់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សូផាត គឺជាការបាត់បង់វីរៈកុលបុត្រខ្មែរ ដ៏ឆ្នើមមួយរូប ដែលបានខិតខំតស៊ូជម្នះរាល់ឧបសគ្គ និងការលំបាកនានា បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការចូលរួមចំណែកក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី និងភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជនកន្លងមកសំរាប់ជាតិយើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណខន្តសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សូផាត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ នឹងកត់ត្រាទុកនូវស្នាដៃ គំរូវីរៈភាព ដ៍ឆ្នើមសំរាប់ជាតិ និងប្រជាជន របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សូផាត នាយករងទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ សម្រាប់ជាគំរូដល់មនុស្សជំនាន់ក្រោយ ៕