នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានអះអាងជាថ្មីម្តងទៀតថា៖ ក្រុមគ្រូពេទ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលភារកិច្ចចាក់វ៉ាក់សាំងដូសទី៤ ជូនដល់កងទ័ព និងប្រជាជនរបស់ខ្លួន។ ឯកឧត្តម ថ្លែងទៀតថា៖ កម្ពុជា ដែលធ្លាប់ទទួលបាននូវការសាទរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានជូនប្រជាពលរដ្ឋបានច្រើននោះ បានបន្ដបោះជំហ៊ានថ្មីមួយកម្រិតទៀតហើយ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដល់បុគ្គលអាទិភាព ដែលជាកងកម្លាំងប្រដាប់អាវុធ យោធិនអតីតយុទ្ធជន និងគ្រួសារកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនៅរោគរាតត្បាលជាសកល នៃជំងឺឆ្លងកូវីដ១៩ ចាស់ និងមេរោគបំប្លែងថ្មី (អូមីក្រុង)។
ដោយកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វះស្វែងរកការផ្ដល់នៅវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការផ្ដល់សេវាការពារសុខមាលភាពជូនប្រជាជន នៅពាក់កណ្តាល ខែមករា ឆ្នាំ២០២២នេះ ក្រុមបុគ្គលអាទិភាព មានទាំងមន្ដ្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ បានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល ពិសេសពពួកមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ។ ផ្ដើមដំបូងក្រុមអាទិភាពនៅរាជធានីភ្នំពេញ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី៤ មុនគេ ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ដ្រាលី។ វ៉ាក់សាំង Pfizer នេះរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងដៃប្រមាណជាង ២.៣លានដូស ស្រាប់ហើយ។ ការអះអាងបែបនេះ របស់ ឯកឧត្តម ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារកងទ័ព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ នៅទីតាំងចំនួន ២កន្លែង របស់ក្រុមគ្រូពេទ្យកងទ័ព នៃអង្គភាពកងកិត្តិយស ត្រែទ័ព ក្នុងខណ្ឌសែនសុខ និងទីតាំងមជ្ឈមណ្ឌលកីឡាដឹព្រីមៀ ក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្តម បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យោធិនជាមន្ត្រីសុខាភិបាល របស់កងយោធពលខេមរភូមិន្ទ គាត់មានការយល់ដឹង គាត់មានបទពិសោធន៍ខ្ពស់ណាស់ អំពីបញ្ហាការចាក់វ៉ាក់សាំងនេះ អញ្ចឹងនិយាយជារួមយើងចាក់ដូសទី១ ដូសទី២ ដូសជំរុញ មកដល់ដូសទី៤នេះ មិនដែលមានបញ្ហាអ្វីមួយកើតឡើងឡើយ គឺល្អណាស់ ប្រព្រឹត្តទៅយ៉ាងរលូនទាំងអស់ ទាំងការថែរក្សាវ៉ាក់សាំង ការចាក់វ៉ាក់សាំងជូនកងទ័ព និងប្រជាជន រួមទាំងវិធីសាស្ត្រក្នុងការផ្តល់សេវាទូរទៅ»។ ឯកឧត្តម ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ សម្រាប់ការទទួលភារកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ គឺត្រូវចាក់ជូនក្រុមអាទិភាព មានកម្លាំងកងទ័ព យោធិន អតីតយុទ្ធជន និងក្រុមគ្រួសារកងទ័ព ឱ្យអស់ជាមុនសិន។ ដោយឡែកសម្រាប់ដំណើរការវ៉ាក់ដូសទី៣ កងទ័ពនៅតែបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក៏ប៉ុន្តែ ក្រុមការងារបានបង្រួមទីតាំង នៃការចាក់រហូតមកដល់ទីរួមស្រុក ឬនៅទីរួមខេត្ត ខណៈទីតាំងមួយចំនួន ដែលកងទ័ពចាក់ ក៏ត្រូវបានប្រគល់ភារកិច្ចនេះ ជូនដល់មណ្ឌលសុខភាព ដើម្បីទទួលខុសត្រូវចាក់វ៉ាក់ដូសជំរុញនេះបន្ត ដូច្នេះប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ អាចទៅចាក់បាននៅមូលដ្ឋានសុខាភិបាល ដែលនៅក្បែរផ្ទះរបស់ពួកគាត់។ ឯកឧត្តម ឥត សារ៉ាត់ ជំនួសមុខឲ្យ គ.វ.ក ១៩ បានធ្វើការអំពាវនាវ និងគ្រួសារកងទ័ព រួមនឹងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទទួលសេវាការចាក់វ៉ាក់សាំងការពាជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលាគ្រប់គ្នា ៕