ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជានាយករង នាយកដា្ឋនបុគ្គលិក បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ភារកិច្ចជូនសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាមកពីក្រៅប្រទេស នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ។
លោកវរសេនីយ៍ឯក សុន សុវណ្ណបញ្ញា នាយរងការិយាល័យបណ្ដុះបណ្ដាល បានឲ្យដឹងថា៖ សិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់វគ្គសិក្សានៅក្រៅប្រទេស ពីឆ្នាំសិក្សា ២០១៣ ដល់ ២០២១ មានចំនួនសរុប ៣៩១នាក់ មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មានចំនួន៣២៣នាក់ និងមកពីសហព័ន្ធរុស្ស៊ី មានចំនួន ៦៨នាក់។ លទ្ធផលសម្រេចបាន ដោយមានការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ គោរពវិន័យបានល្អ សាមគ្គីជាតិ និងអន្តរជាតិបានល្អ សិក្ខាទាំងអស់បានបញ្ចប់វគ្គយ៉ាងជោគជ័យ ក្នុងនោះសិក្ខាកាមបញ្ចប់វគ្គមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបាននិទ្ទេសល្អ ១៥% និទ្ទេសល្អបង្ហួរ ៤៥% និទ្ទេសមធ្យម ៤០%។ សិក្ខាកាមបញ្ចប់វគ្គមកពីសហព័ន្ធរុស្ស៊ី ទទួលបាននិទ្ទេសល្អ ២៥% និទ្ទេសល្អបង្គួរ ៤០% និទ្ទេសមធ្យម ៥% និងនៅមានសិក្ខាកាមមួយចំនួនទៀត កំពុងសុំបន្តការសិក្សានៅក្នុងមុខជំនាញ់ឯកទេសរបស់ខ្លួនបន្ថែម។
ក្នុងសេចក្តីប្រកាសតម្លើងឋានន្តរសក្តិ របស់ក្រសួងការពារជាតិ ដែលអានដោយ ឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក បានប្រកាសតម្លើង និងបំពាក់ឋានន្តរសក្តិជូន មានថ្នាក់វរសេនីយ៍ទោ ៧រូប, វរនាវីទោ ១រូប, ថ្នាក់វរសេនីយ៍ត្រី ១៦រូប, ថ្នាក់អនុសេនីយ៍ឯក ១២រូប, ថ្នាក់អនុសេនីយ៍ទោ ២៩៨ រូប, អនុនាវីទោ ៣៨រូប និងថ្នាក់អនុសេនីយ៍ត្រី ៣រូប ព្រមទាំងបានប្រគល់ប័ណ្ណសរសើរជូនដល់និស្សិតថ្នាក់បណ្ឌិត ចំនួន៣រូបផងដែរ។
ឧត្តមសេនីយ៍ឯក ខៀវ សាផាត ក្នុងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសប្រគល់ភារកិច្ចសិក្ខាកាមបញ្ចប់វគ្គសិក្សាពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី នាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំ ក្នុងការសម្រិតសម្រាំងជ្រើសរើសនាយទាហាន នាយទាហានរង ដែលមានលក្ខណៈសម្បត្តិល្អប្រសើរ ពីបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ទៅបណ្តុះបណ្តាលនៅក្រៅប្រទេស។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបណ្តុះបណ្តាលសិក្ខាកាម យោធាកម្ពុជា ដែលបានបញ្ជូនទៅសិក្សានៅតាមបណ្តាសាលាយោធា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី តាំងពីដើមរហូតដល់ឆ្នាំ២០២១នេះ។ លទ្ធផលនេះជាជោគជ័យដ៏ធំធេង ដែលក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី បានខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាលជំនាញជូនដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ប្រែក្លាយជាធនធានដ៏ល្អសម្រាប់បំរើ ក្នុងវិស័យការពារជាតិ។
ឧត្តមសេនីយ៍ឯក ខៀវ សាផាត បានបញ្ជាក់ថា៖ ក្រោយពេលក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានចាត់តាំងនាយទាហាន និងប្រគល់តួនាទីភារកិច្ចតាមជំនាញនិមួយៗ នៅតាមបណ្តាយោធភូមិភាគ កងពលធំ កងពលតូច និងតំបន់ប្រតិបត្តិការសឹករង, នាយទាហានទាំងអស់នេះ ពិតជាមានចំណេះដឹង និងជំនាញសមស្របតាមស្ដង់ដាគុណភាព និងយកចំណេះដឹងពីសាលាទៅបំពេញ និងអនុវត្តន៍ តួនាទីភារកិច្ចបានល្អប្រសើរ នៅតាមបណ្តាកងឯកភាព ហើយនេះជាមោទភាពភាពដ៏ឧត្តុងឧត្តមសម្រាប់ កងយោពលខេមរភូមិន្ទរបស់យើងទៅថ្ងៃអនាគត ៕