នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូន លោកវរសេនីយ៍ឯក Nguyen Thanh Chinh នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា និងលោកវរសេនីយ៍ឯកបម្រុង Tran Van Tam នាយការិយាល័យអនុព័ន្ធយោធាវៀតណាមថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។
សម្តេចពិជ័យសេនា សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកវរសេនីយ៍ឯក Nguyen Thanh Chinh ដែលបានបំពេញបេសកកម្មនៅកម្ពុជានាពេលកន្លងមក ប្រកបដោយជោគជ័យ ដោយស្មារតីខិតខំប្រឹងប្រែងរួមចំណែកក្នុងការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោង រវាងកងទ័ពប្រទេសទាំងពីរ។ សម្តេចពិជ័យសេនា សូមអបអរសាទរចំពោះ លោកវរសេនីយ៍ឯកបម្រុង Tran Van Tam ដែលក្រសួងការពារប្រទេសវៀតណាម ទើបតែងតាំងជាអនុព័ន្ធយោធាវៀតណាមថ្មី ប្រចាំកម្ពុជា។ ក្រសួងការពារជាតិកម្ពុជា ត្រៀមរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចពិជ័យសេនា បានបញ្ជាក់ជូន លោកវរសេនីយ៍ឯកបម្រុង Tran Van Tam អនុព័ន្ធយោធាវៀតណាមថ្មីប្រចាំកម្ពុជា នូវភារកិច្ចចំពោះមុខដែលត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២២ រួមមាន ៖
១.បន្តអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈបញ្ជូនសិក្ខាកាមយោធាកម្ពុជា ទៅបណ្តុះបណ្តាលហ្វឹកហ្វឺននៅប្រទេសវៀតណាម និងបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម និងភាគី វៀតណាមចាត់បញ្ជូនយោធាចារ្យមកបង្ហាត់នៅកម្ពុជា។
ក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការនានាថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់ នាយទាហានវ័យក្មេង នាយទាហាននារី សម្រាកបំប៉នសុខភាព និងការពិនិត្យព្យាបាល។ ជាមួយគ្នានេះ នឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម កងទ័ពជើងទឹកប្រទេសទាំងពីរ គាំទ្រលំហាត់សមយុទ្ធរួមគ្នា ស្តីពីការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះមហន្តរាយ សម្រាប់កិច្ចការមនុស្សធម៌នៅតាមព្រំដែន សំដៅពង្រឹងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក សំដៅថែរក្សាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា៖ នៅអំឡុងសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ក្រសួងការពារប្រទេសទាំងពីរ នឹងរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរប្តេជ្ញាចិត្តខិតខំជួយគាំទ្រកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាកត្តាគន្លឹះសម្រាប់បម្រើឲ្យផលប្រយោជន៍ទៅវិញទៅមក និងប្តេជ្ញាចិត្តជំរុញការរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២។
សម្តេចពិជ័យសេនា ស្នើក្រសួងការពារប្រទេសវៀតណាម ជួយសម្របសម្រួលជូនក្រុមការងារក្រសួងការពារជាតិចុះសិក្សាស្រាវជ្រាវវត្ថុតាង ឧបករណ៍ សម្ភារៈហ្វឹកហ្វឺន និងទីតាំងទុកជាឯកសារប្រវត្តិសាស្រ្តសម្រាប់ក្មេងជំនាន់ក្រោយសិក្សារៀនសូត្រ។ ជួយបង្កលក្ខណៈងាយស្រួលផ្តល់អាទិភាពជូនគណៈប្រតិភូ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រតិភូក្រុមការងារ ក្រុមកីឡាករ កីឡាការីនី ទៅចូលរួមពិធីប្រគល់ ទទួលទង់ ដកបទពិសោធន៍ការងារ ចូលរួមប្រកួតព្រឹត្តិការណ៍SEA Games លើកទី៣១ នៅប្រទេសវៀតណាម។
លោកវរសេនីយ៍ឯក Nguyen Thanh Chinh បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា នាយទាហានក្នុងកងយោធពលខេមរភូមិន្ទ ដែលបានសហការល្អក្នុងពេលលោកបំពេញបេសកកម្មនៅកម្ពុជា សម្រេចបានជោគជ័យនាពេលកន្លងមក។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯកបម្រុង Tran Van Tam សំណូមពរសម្តេចពិជ័យសេនា និងនាយទាហានក្នុងកងយោធពលខេមរភូមិន្ទ បន្តជួយគាំទ្រ និងសហការជាមួយលោក ដើម្បីបំពេញបេសកកម្មឱ្យសម្រេចជោគជ័យតាមការប្រគល់ភារកិច្ចរបស់ក្រសួងការពារជាតិ។
សម្តេចពិជ័យសេនា ជូនពរលោកវរសេនីយ៍ឯក Nguyen Thanh Ohinh ដែលត្រូវចប់អាណត្តិបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា បន្តទៅបំពេញបេសកកម្មថ្មី ទទួលបានជោគជ័យ និងជូនពរចំពោះលោកវរសេនីយ៍ឯកបម្រុង Tran Van Tam ទើបតែងតាំងជាអនុព័ន្ធយោធាវៀតណាមថ្មីប្រចាំកម្ពុជា សូមទទួលបានជោគជ័យបេសកកម្មនៅកម្ពុជានាពេលខាងមុខ ៕