ការចាប់ខ្លួនឯ.ឧ សមាជិកព្រឹទ្ធសភា ហុង សុខហួរ មកពីគណបក្សសង្គ្រោះ ជាតិ កាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ ២០១៥កន្លងទៅ គឺជាបទល្មើស ព្រហ្មទណ្ឌជាក់ស្តែង ដោយអនុវត្តតាមបញ្ញត្តិនៃមាត្រទី៨៦ នៃក្រមព្រហ្មទណ្ឌ។
នេះជាប្រសាសន៍របស់ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួង ការពារជាតិ ដែលបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗជូនដល់ នាយទាហានជាន់ខ្ពស់ នៃខ.ភ.ម ប្រមាណជាង ៣០០ នាក់ នៅសាលប្រជុំ ទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែសីហានេះ។
ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ ព្រឹត្តិការណ៍ថ្មីៗនាពេលនេះ គឺបានធ្វើឡើងដោយមានការអនុញ្ញាត្តិពី ឯ.ឧ នាយ ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីឲ្យ នាយទាហាន ខ.ភ.ម ស្វែងយល់និងយល់ជ្រួតជ្រាបអំពីសភាពការណ៍វិវត្តន៍អន្តរជាតិ និងជាតិ ជាពិសេសអំពីអង្គហេតុ និងការអនុវត្តនៃនីតិវិធីច្បាប់ ក្នុង ការចាប់ខ្លួនរបស់ ឯ.ឧ ហុង សុខហួរ នាពេលកន្លងមក ។ ឯ.ឧ នាង ផាត បានបន្តថាការចាប់ខ្លួនឯ.ឧ ហុង សុខហួរ នេះគឺបានធ្វើឡើងបន្ទាប់ពីលោកបាន បង្ហោះផ្សព្វផ្សាយវីដេអូឃ្លីប នៅក្នុងគេហទំព័រហ្វេសប៊ុក ឈ្មោះសមរង្សី កាលពីថ្ងៃទី ១២ និងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ដែលបានបកស្រាយអះអាងថា លោក ហេងសំរិន ដែលជាប្រមុខរដ្ឋបានចុះហត្ថលេខាជាមួយប្រមុខរដ្ឋរបស់វៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ថា ប្រទេសទាំងពីរឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំង ពីរ ព្រមទាំងបានលើកយកអត្ថបទនៃសន្ធិសញ្ញានេះដាក់បញ្ចូលក្នុងវីដេអូឃ្លីបនេះ ទៀតផង។ ចំពោះអង្គហេតុខាងលើនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញសម្រេចចោទប្រកាន់ ៣បទល្មើស គឺបទល្មើសក្លែងបន្លំឯកសារសាធារណៈ បទល្មើសប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិនៃមាត្រា៦២៩, ៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ឯ.ឧ រដ្ឋលេខាធិការ បានបញ្ជាក់ថា ការដំណើរការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុនសែនកន្លងមកនេះ គឺការពង្រឹងស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម និងធានាឲ្យបាននូវប្រក្រតីភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ចំពោះ សភាពការណ៍អន្តរជាតិ ឯ.ឧ នាង ផាត ក៏បានធ្វើលើកឡើងពីសភាពការណ៏ កំពុងវិវត្តន៍បត់បែប និងចម្រោងចម្រះស្មុគស្មាញជាច្រើនទាំងក្នុងតំបន់ និងលើពិភព លោក ជាពិសេសបញ្ហាបដិវត្តពណ៌ដែលបាននិងកំពុងរីករាលដាលយ៉ាងខ្លាំង នៅ បណ្តាប្រទេសមួយចំនួននៅលើពិភពលោក ហើយបញ្ហានេះក៏បាននិងកំពុងហូរចូល មកក្នុងប្រទេសកម្ពុជាផងដែរនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែលបង្ក អស្ថេរភាពដល់សន្តិសុខសង្គម និងការបែកបាក់ជាតិ ។ ទាក់ទងទៅនិង សន្តិភាព និង ស្ថេរភាព ក្នុងប្រទេសក៏ដូចជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ឯ.ឧ នាង ផាត បានលើកយកប្រសាសន៍ របស់ សម្តេចតេជោ ហ៊ុនសែន ដែលបានបញ្ជាក់ថា ៖ អស្ថេរភាពក្នុងប្រទេសមួយ វាបានជះឥទ្ធិពលរងគ្រោះ និង មានផលប៉ះពាល់ ដល់ប្រទេសជិតខាង នៅក្នុងតំបន់ និងពិភពលោក ប៉ុន្តែសុខ សន្តិភាពស្ថេរភាព នយោបាយល្អក្នុងប្រទេសមួយ វាបានជះឥទ្ធិពលល្អដល់ប្រទេស ជិតខាង ទាំងនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។ ឯ.ឧ រដ្ឋលេខាធិការ បាន លើកទឹកចិត្ត និងជំរុញឲ្យនាយទាហាននៃខ.ភ.ម បន្តការចូលរួមអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ជាពិសេសអនុវត្តឲ្យបានម៉ឺងមាត់នូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុនសែន ដែលបានថ្លែង កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ នៅបញ្ចាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ដែលក្នុងនោះ សម្តេចតេជោ បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាមិនឱ្យមាន បដិវត្តពណ៌នៅកម្ពុជា ទោះតម្លៃណាក៏ដោយ គឺត្រូវកំចាត់ចោលភ្លាម ដើម្បីការពាររាជរដ្ឋាភិបាល ស្របច្បាប់។
នៅក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗក្នុងឱកាសនោះដែរ ឯ.ឧ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក៏បានឡើងផ្សព្វផ្សាយអំពី ទស្សនទាន នៃ ការកសាងវិមាននយោបាយឈ្នះៗ និង ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហៅកាត់ថាវិមានឈ្នះៗ ដែលកំពុងសិក្សាលើ គម្រោងប្លង់ ដើម្បីធ្វើការសាង សង់នាពេលឆាប់ៗ ខាងមុខនេះ។ ឯ.ឧ បានបញ្ជាក់ថា វិមានឈ្នះៗ គឺជាសំណង់ ប្រវត្តិសាស្ត្រមួយ ដែលមិនត្រូវបាននរណាមួយទៅរំលោភ និងប៉ះពាល់បានឡើយ សម្រាប់ ទុកជាមរតកនៃនយោបាយឈ្នះៗ និងសម្រាប់ មនុស្សជំនាន់ក្រោយៗទៀត បានយល់ដឹងពីសុខដុមរម្យនីយ៍កម្ម និងសុខសន្តិភាព នៅកម្ពុជា ដែលមិនដែលមានអស់រយៈពេលជាង ៥០០ឆ្នាំមកនេះ។ ឯកឧត្តម បានបញ្ចាក់ថា៖ សំណង់វិមានឈ្នះៗនេះដែលកំពង់ដំណើរការសាងសង់នេះ ត្រូវបានចែកចេញជា ៣ តំបន់ រួមមាន តំបន់សុខដុមណីកម្ម តំបន់សន្តិភាព និង តំបន់សមិទ្ធផល ។ គួរបញ្ជាក់ថា ៖ វិមានឈ្នះៗបានផ្តួចផ្តើមគំនិតដោយឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយគ្រោងសាងសង់លើផ្ទៃដីប្រមាណ ១០ ហិចតា នៅមុខពហុកីឡាដ្ឋាន ជាតិមរតកតេជោ ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕