នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសំណេះសំណាលជាមួយ ឧត្តមសេនីយ៍ឯក ចន សាន់ឌឺសុន (John Sanderson) អតីតមេបញ្ជាការកងកម្លាំង នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់(UNTAC) ដែលកំពុងបំពេញទស្សនកិច្ច នៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម John Sanderson បានថ្លែងអំណរគុណដល់ សម្តេចពិជ័យ ដែលបានអនុញ្ញាត្តឲ្យឯកឧត្តម ចូលជួបសំណេះសំណាលនាពេលនេះ។ ឯ.ឧ ក៏បានសម្តែងនូវក្តីរីករាយ ដែលមានឱកាស មក បំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅកម្ពុជា ក្នុងសម័យកាលអ៊ុនតាក់។ ឯកឧត្តម បានកត់សម្គាល់ឃើញថា៖ បន្ទាប់ពីរយៈពេល ៣០ឆ្នាំកន្លងដែល ឯ.ឧបានមកបំពេញបេសកកម្ម ជាអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គឺកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ឯ.ឧ បានបញ្ជាក់ថា៖ នេះគឺដោយសារកត្តាសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាកត្តានាំឱ្យមាន ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។ ឯ.ឧ John Sanderson ក៏បានបញ្ជាក់ផងដែរថា៖ ការដែល ឯ.ឧ មកបំពេញទស្សនកិច្ចនាពេលនេះ គឺ ដើម្បីអបអរខួបទី ៣០ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ។
មានប្រសាសន៏ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការអរគុណ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួយឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ។ ក្នុងនោះចំពោះ ខ.ភ.ម កងទ័ពអូស្ត្រាលីបានជួយកសាងសៀវភៅស ការពារជាតិ, ជួយបណ្តុះបណ្តាលនាយទាហានសិក្សាភាសាអង់គ្លេស, ជួយកសាងមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក, ជួយកសាងរោងជាងជួសជុលកងទ័ពជើងទឹកជាដើម។ សម្តេចពិជ័យសេនា និងបានសម្តែងអំណរគុណដល់កងកំលាំង UNTAC ដែលបានស្វែងរកសន្តិភាព និងការបង្រួបបង្រួមនៅកម្ពុជា ហើយក៏បានរៀបចំឲ្យមាន ការបោះឆ្នោត បង្កើតបានជារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលមួយដ៏ស្របច្បាប់ទៀតផង។ សម្តេចពិជ័យសេនា បានបន្តថា៖ ដោយមើលឃើញគំរូរបស់កំលាំង UNTAC ទើបបច្ចុប្បន្ន ខ.ភ.ម ក៏បានក្លាយខ្លួនទៅជាកងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសនានា ដែលកំពុងមានជម្លោះផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងការគាំទ្រចំពោះទស្សនៈរបស់ ឯកឧត្តម John Sanderson អំពីសារៈសំខាន់ នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបានសម្រាប់ វឌ្ឍនភាពកាន់តែរុងរឿងរបស់កម្ពុជាបន្តទៅមុខទៀត។ សម្តេចសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល និងកងទ័ពអូស្រ្តាលី និងកម្ពុជា នូវតែបន្តពង្រីក ពង្រឹងជារៀងរហូត ៕