ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការ ក្រសួងការពារជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ មកកាន់កម្ពុជា ហើយសម្ដេចពិជ័យសេនា បានចាត់ទុកដំណើរទស្សនកិច្ចនេះ បានពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កម្ពុជា និងជប៉ុន បានកាន់តែប្រសើរ និងរឹងមាំឡើងថែមទៀត ដែលមានតាំងពីយូរលុងណាស់មកហើយ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានកត់សម្គាល់ថា៖ ពិតជាមានសារៈសំខាន់ ជប៉ុនគឺជាប្រទេសមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការស្វះស្វែងរកសុខសន្តិភាព និងការកសាងអភិវឌ្ឍប្រទេសជាតិកម្ពុជាឡើងវិញ ឲ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីនោះ បានចូលរួមជួយការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍ជាច្រើនមកដល់កងយោធពលខេមរភូមិន្ទ។ សម្ដេចពិជ័យសេនា បានលើកឡើងថា៖ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានប្តូរវេន ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឆ្នាំ២០២២នេះ កម្ពុជាក៏បានរៀបចំជាស្រេច ក្នុងការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិជប៉ុន។ ហើយកម្ពុជាក៏មានមោទនភាព ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើការហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ ក្នុងកិច្ចប្រតិបត្តិការកងរក្សាសន្តិភាព ក្របខណ្ឌអង្គការសហប្រជាជាតិ ដែលមានការជួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។
នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានសម្តែងនូវអំណអរគុណចំពោះ សម្តេចពិជ័យសេនា ដែលបានអនុញ្ញាតិឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសមនាពេលនេះ ស្របពេលដែលឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក យ៉ាងសកម្មផងនោះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការទទួលស្វាគមន៍ នៃការចូលចតនាវា របស់កងកម្លាំងស្វ័យការពារជប៉ុននាពេលថ្មីៗនៅកំពុងផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានជម្រាបថា៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ឯកឧត្តម បានចូលជួបសម្តែងការគួរសម សម្តេចតេជោ នាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានធ្វើទស្សកិច្ចនៅវិមានឈ្នះ ឈ្នះ និងនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពផងដែរ។ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណងមិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនង រវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត រវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងយោធពលខេមរភូមិន្ទ ៕