ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៉ៃលិន បានប្រារព្ធពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូបអុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការសាងសង់វិមានឈ្នះ ឈ្នះ។
ក្នុងពិធីបញ្ចុះបឋមសិលា បើការដា្ឋនសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន នាពេលនោះ ក៏បានប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន និងដើម្បីអោយដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលល្អ។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានបញ្ជាក់អោយដឹងថា៖ ខេត្តប៉ៃលិន បានទទួលសមិទ្ធផលជាច្រើនពីសន្តិភាព រហូតមកដល់បច្ចុប្បន្នបានប្រែក្លាយទឹកដីខេត្តប៉ៃលិនពីតំបន់សមរភូមិគួរឱ្យខ្លាចមកជាតំបន់ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ពីតំបន់ដែលពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីភ្លើងសង្រ្គាម ប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ ហើយតំបន់ព្រំដែនក៏បានក្លាយជាព្រំដែនមិត្តភាព មានកិច្ចសហប្រតិបត្តិការ ខេត្តជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន បានបញ្ជាក់អោយដឹងថា៖ ស្តូបអុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះប៉ៃលិន ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ មានទំហំ ៥៩ គុណនឹង ៥៩ ម៉ែត្រ និងកម្ពស់ ៥០,៩ ម៉ែត្រ, សាងសង់លើផ្ទៃដី ២៦.០០០ ម៉ែត្រក្រឡា។ ឯកឧត្តម បញ្ចាក់ថា៖ ស្តូបនេះបន្ទាប់ពីសាងសង់រួចនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត នៅលើទឹកដី ឈ្នួនផ្ទុះសន្តិភាព ប៉ៃលិន។
ថ្លែងទៅកាន់ពិធី បញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូបអុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះប៉ៃលិន សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ការបើកការដ្ឋានសាងសង់ស្ថូបឈ្នះ ឈ្នះ ប៉ៃលិននាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបាន រួមចំណែក យ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រប្រកបដោយជីរភាព។ រហូតមកដល់ពេលនេះ គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ តាមរយៈអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូប ឈ្នះ ឈ្នះ មានជាអាទិ៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅខេត្តកោះកុង, ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅអន្លង់វែង ហើយថ្ងៃនេះយើងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តុបឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន។ ការសាងសង់វិមានឈ្នះ ឈ្នះ និងស្តូបឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងនៅតាម ខេត្តមួយចំនួននោះ បានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន គឺជាការអរគុណ សន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ដែលបានបង្ហាញ “ទី១ វប្បធម៌កត្តញ្ញូ សម្ដែង ការដឹងគុណ និងការចងចាំរំឭកដល់ភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព "ទី២ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ "ទី៣ បញ្ចាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបានកើតចេញលើកដំបូងនោះ ពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និង "ទីបួន ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់នូវប្រវត្តិសាស្ត្រពិតរបស់ខេត្តនីមួយៗ" បញ្ជាក់ពីវីរភាព ពិតរបស់កូនខ្មែរសម័យនេះ និងចរឹតកត់ត្រាពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។ តាមរយៈនយោបាយឈ្នះ ឈ្នះ នៅក្នុងរយៈពេល២៤ឆ្នាំនេះ រាជរដ្ឋាភិបាលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវជំនឿយ៉ាងមុតមាំថា៖ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ពេលសាងសង់រួច នឹងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្របន្ថែមទៀត។
សូមបញ្ជាក់ថា៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំងពិព័ណ៌ តម្កល់ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិតស្តីពីនយោបាយឈ្នះ ឈ្នះ អំពីរឿងរ៉ាវ នៃវីរភាព របស់វីរជនស្នេហាជាតិយើងជាច្រើនឥតគណនា ដែលបានធ្វើពលិកម្ម លះបង់ជីវិត ដើម្បីបុព្វហេតុ សន្តិភាព និងសេចក្តីសុខក្សាមក្សាន្តប្រជាជនគ្រប់ជំនាន់ ទុកដល់កូនចៅបន្តវេន ដើម្បីសិក្សាស្រាវជ្រាវរៀនសូត្រ ចិញ្ចឹមស្មារតីប្តូរផ្តាច់ ថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរគង់វង្សជាអមតៈ ៕