ផ្លូវគ្រួសដីក្រហមប្រវែង ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ដែលតភ្ជាប់ទៅភូមិត្រពាំងទូក ឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ដែលរងការខូចខាត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ធ្វើការដឹកនាំជួសជុលឡើងវិញ ដោយមានការចូលរួមពីសប្បុរសជនក្នុងស្រុក រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវបានបើកការដ្ឋានជួសជុល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានរបស់ ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងជាប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋាន ឃុំពាក់ស្នែង និងលោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារ អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋផងដែរ។
មានប្រសាសន៍ក្នុងកិច្ចស្វាគមន៍នោះ លោក ឡុង រដ្ឋារក្ស ក៏បានបញ្ជាក់ឲ្យដឹងថា៖ ផ្លូវជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ យើងមានផ្លូវគឺមានក្តីសង្ឃឹម។ ផ្លូវគ្រួសដីក្រហមមួយខ្សែនេះ មានប្រវែង ១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ទៅតភ្ជាប់ភូមិត្រពាំងទូក ឃុំជប់តាត្រាវ ក្នុងភូមិសាស្ត្រស្រុកអង្គរធំ នឹង ផ្តល់នូវអត្ថប្រយោជន៍ដល់បងប្អូន ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូន សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងទៅមណ្ឌលសុខភាពបានទាល់ពេលផងដែរ។ ក្នុងរយៈពេលកន្លងមកដោយផ្លូវនេះ ឃុំគ្មានថវិកាធ្វើការជួសជុល ទើបរដ្ឋបាលស្រុក និងក្រុមការងារ បានធ្វើការគៀងគរប្រមូលសប្បុរសជន ដើមី្បរួមគ្នាធ្វើការជួសជុលផ្លូវ នេះឡើងវិញ ដោយមានការស្ម័ត្រចិត្តពីក្រុមហ៊ុនរថយន្តដឹកដីចូលរួមជួសជុលដោយឥតគិតកម្រៃ ក្រោមការជួយឧបត្ថម្ភ ប្រេងឥន្ធនៈ ពីក្រុមការងារ អាជ្ញាធរស្រុក ឃុំ និងសប្បុរសជនផងដែរ។
មានប្រសាន៍សំណេះសំណាលនោះដែរ ឯកឧត្តម ស ថាវី ក៏បានគូសបញ្ជាក់ថា៖ ស្ថិតនៅក្រោមម្លប់សន្តិភាព បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បានជ្រោងទង់សាមគ្គីគ្នាឡើង ក្នុងការការពារថែរក្សាសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានមានភាពល្អប្រសើរ ទោះបី ប្រទេសជាតិយើង ក៏ដូចពិភពលោកទាំងមូលជួបវិបត្តិកូវិដ ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំពុះពារស្វែងរកនូវវ៉ាក់សាំងប្រយុទ្ធប្រឆាំង ជម្ងឺកូវិដ១៩ ចាក់ជូនបងប្អូនដោយឥតគិតថ្លៃថែមទៀត។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមរបស់សប្បុរសជន ក្នុងការជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ដែលបានរងការខូចខាត ដោយការដឹកជញ្ជូនលើសទម្ងន់នៃផ្លូវជនបទ។ ឯកឧត្តមបានឲ្យដឹងផងដែរ ចំពោះការស្ថាបនាផ្លូវមួយខ្សែឡើងវិញ ពីស្រុកអង្គរធំទៅដល់ឃុំគោកដូង ស្រុកអង្គរជុំ ដែលមានប្រវែង២៨គីឡូម៉ែត្រ និងត្រូវធ្វើការស្ថាបនាឡើងក្នុងខែកក្កដាខាងមុខនេះ ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងពីរឃុំ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ដែលជាដូសជម្រុញ និងសូមឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឲ្យបានគ្រប់ៗគ្នា និងចូលរួមគោរពនូវច្បាប់ចរាចរណ៍ជើងគោក សំខាន់ក្មួយៗបើកបររថយន្តទាំងអស់ ត្រូវគោរពនូវសីលធម៌ក្នុងពេលបើកបរផងដែរ។ ក្នុងនោះដែរ ឯកឧត្តម ស ថាវី ក៏បានឧបត្ថម្ភនូវប្រេងម៉ាស៊ូត ៣០០លីត្រ រួមទាំងអាជ្ញាធរ សប្បុរសជន សរុបជារួមបានប្រមាណជាង៨០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការជួសជុលផ្លូវមួយខ្សែនេះ ៕