ព័ត៌មាន

នាយ​ឧត្ត​មសេនីយ៍​ នាង​ ផាត​ ជួប​សន្ទនា​លើក​ទី​៥ ​ជា​មួយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
49
2858 នាយ​ឧត្ត​មសេនីយ៍​ នាង​ ផាត​ ជួប​សន្ទនា​លើក​ទី​៥ ​ជា​មួយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​

       កិច្ចសន្ទនាគោល​នយោបាយការពា​រជា​តិ កម្ពុជា-វៀតណាម ថ្នាក់អនុ​រ​ដ្ឋមន្ត្រីការពារ​ជាតិ លើកទី៥ រវាង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិកា​រ​ប្រចាំការ ក្រសួង​ការពារ​ជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា និង ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន អនុរដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេស នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានប្រព្រឹត្ត​ទៅ​កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ច្រកទ្វារអន្តរជាតិ ​ហ័រលឺ ស្រុកឡុកនីញ ខេត្តប៊ិញភឿក ប្រទេសវៀត​ណា​ម​។

        ឧត្តម​សេនីយ៍ឯ​ក​បម្រុង ហ័ង ស៊ុនចៀន អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ បាន​មានប្រសាសន៍​ថា៖ កិច្ចសន្ទនា​គោលនយោបាយ​ការពារ​ជាតិ​ កម្ពុជា-វៀតណាម ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារជាតិ ​លើក​ទី​៥ នេះ បានធ្វើឡើងនៅ​មុន​ជំនួបប្រាស្រ័យ​ការពារជាតិ​ព្រំ​ដែន​គោក​ កម្ពុជា-វៀតណាម លើកទី​១ រវាងថ្នាក់រដ្ឋមន្ត្រីការ​ពារ​ជាតិ នៃប្រទេស​ទាំង​ពីរ​, ខួប៥៥ឆ្នាំ នៃថ្ងៃបង្កើត​ទំនាក់​ទំនង​កាទូត រវាង​ប្រទេសទាំ​ង​ពីរ (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២) និងពិធី​គម្រប់ខួបលើកទី​៤៥​ឆ្នាំ ទិវាចងចាំដំណើរ​ឆ្ពោះទៅការផ្តួ​រ​រំលំរបប​ប្រល័យពូជ​សាសន៍ ប៉ុលពត របស់​សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ហ័ង ស៊ុនចៀន មានជំនឿ​ជឿជាក់​ថា​ កិច្ចសន្ទនា​នេះ ភាគីទាំងពីរ កម្ពុជា-វៀតណាម នឹងពិភាក្សាប្រកបដោយឈរ​លើស្មារតីស្មោះត្រង់ មានទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ហើយរួមចំណែក​ធ្វើឲ្យប្រទេ​សទាំ​ងពី​រកាន់តែជិតស្និត និងមានប្រសិទ្ធភា​ព​ខ្ពស់​។ 

        មានមតិឆ្លើយ​តប​វិញ​ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការ​ពារ​ជាតិ​ បានមានប្រសាស​ន៍​ថា​ កិច្ចសន្ទនាគោលន​យោបាយការពា​រ​ជាតិ កម្ពុជា-វៀតណាម ថ្នា​ក់​អនុរដ្ឋមន្ត្រីការពារ​ជាតិ លើកទី៥ នាពេលនេះ គឺជាកាឆ្លើយត​បទៅនឹស្មារតី​ នៃការអនុវត្ត តាមផែនការកិ​ច្ចសហប្រតិបត្តិការ​ រវាងក្រសួង​ការពារជាតិ​កម្ពុជា និងក្រសួងការពារ​ប្រទេសវៀតណាម​ប្រចាំ ឆ្នាំ២០២២​ ស្របពេលដែល​មាន​វិបត្តិយ៉ាងឆាប់រហ័ស នៃសភាពការណ៍តំបន់ និងសកលលោក ក៏ដូចជាការវិវត្តន៍សភាពការណ៍ថ្មីៗ ដែលរងផលប៉ះពាល់ពីវិបត្តិនៃជម្ងឺកូវីដ១​៩ជាសកល បានរីករាលដា​​លនៅលើសកលលោក ​ចា​ប់​តាំងពី ឆ្នាំ២០២០ បានជះ​ឥទ្ធិពលមិនល្អដល់ទំនា​ក់​ទំនងកិច្ចសហប្រតិ​ប​ត្តិការប្រទេសយើងទាំ​ង​ពីរ កម្ពុជា-វៀតណាម។ ឯក​ឧ​ត្តម នាង ផាត ក៏បានលើក​ឡើ​ងអំពីសភាពការណ៍សន្តិសុខ​នៅ​ក្នុងតំបន់ សកលលោក បញ្ហាសកម្មភាព​សន្តិសុខការពារជាតិ វៀតណាម​និង​កម្ពុជា បញ្ហាដាក់​ចេ​ញក្នុងកិច្ចស​ប្រតិបត្តិការ​ការពារ​ជាតិ​។ អំពីទំនាក់ទំនង កម្ពុជា-វៀតណាម​ និងកិច្ច​សហប្រតិបត្តិការការពារជា​តិ​។

        ជាមួយគ្នា​នេះ​ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន ក៏បានលើកឡើងនូ​វ​ទិសដៅសម្រាប់ឆ្នាំ២០២២​នេះ​ រួមមាន​ចំនួន​ ៨ ​ចំនុច​ ម​ក​ពិភាក្សា ដោយ ឯកឧត្តម អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ បានបញ្ជាក់ថា ក្នុងឱកាស​អបអរសាទ​រខួ​ប​៥​៥​ឆ្នាំ​ នៃ​ទំនាក់ទំនង​មិត្តភាពកាទូ​តនៃ​ប្រទេស​ទាំង​ពីរ​, វៀតណាមគ្រោងរៀប​ចំ​ ៣០​ សកម្មភាព រួមសហការជាមួ​​​យភាគីកម្ពុជា​ ដើម្បីអនុវត្ត ក្នុងនោះសកម្មភាព​នៃ​ជំនួបលើកទី១ រវាងរដ្ឋមន្ត្រី​ការពារជាតិ​ នៃប្រទេស​ទាំង​ពីរ កម្ពុជានិងវៀតណាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២២​នេះ​ គឺជា​ស​កម្មភាពដំបូង​ដែលភាគីទាំងពីរ រួមគ្នា​អនុវត្តឲ្យបាន​ល្អ​។ ហើយយើងនឹងរ​ក្សាកិច្ច​សន្ទនា ថ្នាក់អនុរដ្ឋមន្ត្រី​ការពារជាតិ​ទាំង​ពី​រនេះ​ឲ្យបានរៀងរាល់​ឆ្នាំ​ ដែល​ឆ្នាំក្រោយនឹង​ធ្វើនៅលើ​ទឹក​ដី​កម្ពុជា​។ បន្តកិច្ចសងប្រតិបត្តការ ការផ្លាស់ប្តូរ​គណៈប្រតិភូ ការល្បាត​ព្រំដែនរួមគ្នា និងបន្តការចរចារ​ដោះ​ស្រាយ​បញ្ហាព្រំដែនដែលនៅសេស​សល់​។ អប់រំឲ្យស៊ី​ជម្រៅ​ទៅ​ដល់​កង​ទ័ព និងប្រជាជន បានយល់​ដឹង​ពី​ប្រពៃណី​ទំនាក់​ទំនង​មិត្តភាព សាមគ្គីភាព​នៃ​ប្រទេសទាំង​ពីរ និងទប់ស្កាត់​បដិវត្តពណ៌​។ បន្តអនុវត្តឲ្យ​ល្អលើកការបណ្តុះ​បណ្តាល​នាយ​ទាហាន លើយុទ្ធនាការ​ និងយុទ្ធសាស្ត្រ​ការពារ​ជាតិ​។ ពង្រីកកិច្ចសហប្រតិបត្តិកា​រ​លើផ្នែកភស្តុភារ បច្ចេកទេសយោ​ធា និងការវិនិយោគក​​​សាងកងទ័ព។ ពង្រឹងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុងយន្តការអាស៊ាន និងបានជម្រុញឲ្យក្រសួងការពារជាតិកម្ពុជា រាយការណ៍ទៅជូនដល់រាជរដ្ឋាភិបាល ឲ្យមានយន្តការ និងគោលនយោបា​យងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគវៀតណាមរស់នៅកម្ពុជា។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានថ្លែងនូវការវាយតម្លៃខ្ពស់ និងគាំទ្រ ចំពោះទំនាក់ទំនងការទូត វៀតណាម និងកម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានលើកឡើងនូវទិសដៅទាំង ៨ និង សកម្មភាព ៣០ ព្រម នឹងខិតខំជម្រុញដល់បណ្តាកងឯកភាព នៃ ខ.ភ.ម អោយចូលរួមសហការអនុវត្ត ដើម្បីជាផលប្រយោជន៍រួម នៃកងទ័ព និងប្រជាពលរដ្ឋ ប្រទេសទាំងពីរ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុកនៃក្រសួងការពារជាតិទាំងពីរផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ