កាលពីថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ មុននឹងប្រារព្ធពិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិ លើកទី១ រវាង សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានអញ្ជើញទៅសួរសុខទុក្ខ និងចែកអំណោយដល់ សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ ស្ថិតនៅ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោក ហ៊ ហុងហាវ នាយកសាលាបឋមសិក្សា ហ៊ុន សែន ២ធ្នូ បានជំរាបជូនអំពីប្រវត្តិសង្ខេបសាលាបឋមសិក្សា ហ៊ុន សែន ២ធ្នូ ដោយបានបញ្ជាក់ថា៖ សាលាបឋមសិក្សា ហ៊ុន សែន ២ធ្នូ ស្ថិតនៅ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ សាលាបឋមសិក្សានេះសាងសង់ឡើងនៅឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ដែលមានអគារសិក្សាចំនួន០២ ខ្នងស្មើនឹង០៤ បន្ទប់ សង់អំពីឈើប្រក់ស្លឹកទ្រាំង ជញ្ជាំងបន្ទាំឫស្សី កសាង ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ឃុំ២ធ្នូ ដែលមានទីតាំងស្ថិតក្នុងបរិវេណ វត្ត ២ធ្នូ គ្រប់គ្រង ដោយលោក ហែម ឈីន។ នៅឆ្នាំ១៩៨៩ ដល់ ឆ្នាំ១៩៩៥ អគារសិក្សាចំនួន ០២ខ្នង ស្មើ ០៤បន្ទប់នេះ មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ទើបគណៈកម្មាធិការប្រជាជនបដិវត្តន៍ ឃុំ២ធ្នូ ឯកភាពធ្វើការរុះរើអគារ និងបានសាងសង់អគារសិក្សាថ្មីជំនួសវិញ ០១ខ្នង ស្មើនឹង ០៣បន្ទប់សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ កសាង ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ជាភ័ព្វសំណាងនៅក្នុងឆ្នាំ១៩៩៨- សាលាបឋមសិក្សា២ធ្នូបានសាងសង់អគារសិក្សាថ្មី ចំនួន០១ខ្នងស្មើ០៥បន្ទប ធ្វើអំពីថ្ម ប្រក់ក្បឿង ដែលមានទំហំ បណ្ដោយ៤០ ម៉ែត្រ និងទទឹង ៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សាលានេះបានប្តូរទីតាំងថ្មីសង់លើទំហំដីប្រមាណ ៣ ហិចតា ជាដី បម្រុង ឃុំ២ធ្នូ ហើយសាលាបឋមសិក្សា០២ធ្នូ បានប្តូរឈ្មោះមក ជាសាលាបឋមសិក្សាហ៊ុន សែន ២ធ្នូ វិញ។ បច្ចុប្បន្ន សាលាបឋមសិក្សានេះ មានសិស្សកំពុងសិក្សាសរុបចំនួន ៣៧៤នាក់ ស្រី១៨០ នាក់ ស្មើនឹង ១១ បន្ទប់។ ជាលទ្ធផលសិក្សា ឆ្នាំ២០២០-២០២១ ចំនួនសិស្សជាប់មធ្យមភាគ ៧០% ធ្លាក់ ៣០% បោះបង់ ០%។ ក្នុងនាមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន ២ធ្នូ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជើង ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ហ៊ ហុងហាវ នាយកសាលាបឋមសិក្សា ហ៊ុន សែន ២ធ្នូ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានផ្តល់អគារសិក្សាថ្មីចំនួន ០១ខ្នង ស្មើនឹង ០៦បន្ទប់ ដល់សាលា បឋមសិក្សា ហ៊ុន សែន ២ធ្នូ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្ស៊ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលបានផ្តល់ថវិកា សម្ភារៈសិក្សា ថែបប្លែប និងការឧបត្ថម្ភដល់សិស្សានុសិស្ស ក្រីក្រសម្រាប់ការបន្តការសិក្សាជូនដល់សាលាបឋមសិក្សាហ៊ុនសែន ២ធ្នូ និង បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ដែលបានផ្ដល់ស៊ីមកាតចំនួន ២០០ បន្ទះដល់សាលាបឋមសិក្សា ហ៊ុន សែន ២ធ្នូ ថែមទៀត។ លោកនាយកសាលាបានចាត់ទុកអំណោយនេះ ជាសមិទ្ធផល ដ៏ថ្លៃថ្លានិង មានតម្លៃបំផុត សម្រាប់ រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កាន់តែមានសមត្ថភាព និងរីកចម្រើនថែមទៀត។
ថ្លែងទៅកាន់ សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន ២ ធ្នូ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសំដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផល ដែលថ្នាក់ដឹកនាំសាលាទទួលបានក្នុងកិច្ចការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យទទួលបាននិទ្ទេសល្អ។ ឯកឧត្តម បានសំដែងនូវក្តីសប្បាយរីករាយ ដោយបានដឹងថា ក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ដ៏ស្មុគស្មាញកន្លងមក លោកគ្រូ អ្នកគ្រូបាន ពុះពារជម្នះឧបសគ្គ ក្នុងការបង្ហាត់បង្រៀន និងដឹកនាំសិស្សានុសិស្សឱ្យបន្តខិតខំរៀនសូត្រ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ វៀតណាម និងកម្ពុជាជាប្រទេសជិតខាងគ្នា ភ្នំជាប់ភ្នំ ទន្លេជាប់ទន្លេ ពិសាទឹកទន្លេមេគង្គរួមគ្នា។ ប្រជាជាតិទាំងពីរមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ សាមគ្គីជាប្រពៃណីជាយូរលង់ណាស់មកហើយ។ ក្នុងដំណាក់កាលប្រយុទ្ធតស៊ូ ដើម្បីដណ្ដើមយកឯករាជ្យ ពីអតីតកាល ក៏ដូចជាក្នុងដំណាក់កាលកសាងជាតិនាពេលបច្ចុប្បន្ន ប្រទេសយើងទាំងពីរតែងតែប្រកៀកស្មារគ្នា រួមសុខរួមទុក្ខជាមួយគ្នា ជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ទំនាក់ទំនងដ៏ប្រពៃនេះ ត្រូវបានលោកប្រធានរដ្ឋ ហូ ជីមិញ និងព្រះមហាវីរក្សត្រ នរោត្តម សីហនុ ចាក់គ្រឹះយ៉ាងរឹងមាំ ហើយថ្នាក់នាំជំនាន់ក្រោយៗខិតខំថែរក្សា។ ប្រវត្តិសាស្ត្រ គឺជា សក្ខីភាពបញ្ជាក់ពីទំនាក់ទំនង រវាងប្រទេសទាំងពីរ បានក្លាយជាធាតុដ៏សំខាន់ សម្រាប់កំណត់វាសនា អនាគតរបស់ប្រទេសយើងទាំងពីរ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ ខេត្តក្រចេះ និងខេត្តប៊ិញហ្វឿក គឺជាតំបន់ប្រវត្តិសាស្ត្រ តភ្ជាប់បណ្ដាបង្គោលព្រំដែនដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ពេលបច្ចុប្បន្ន យុវជននៃប្រទេសទាំងពីរមានសំណាងល្អ ដែលបានកើតមក និងធំឡើងក្នុងពេលប្រទេសជាតិបានរំដោះទាំងស្រុង បានរស់រានក្នុងសន្តិភាព និងឯករាជ្យភាព មានឱកាសរៀនសូត្រ លត់ដំ ពលី និងធំដឹងក្ដី។ ក្មួយៗសិស្សានុសិស្ស គឺជាអនាគត នៃប្រទេសជាតិ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសំដែងនូវក្តីសង្ឍឹមថា៖ ក្មួយៗសិស្សានុសិស្ស នឹងខិតខំរៀនសូត្រ ហាត់ពត់ លត់ដំ ដើម្បីទទួលបានលទ្ធផលល្អ តស៊ូដើម្បីវាសនាអនាគតទឹកដីប្រាង្គប្រាសាទដ៏ស្រស់ស្អាតនេះ និងរួមដៃគ្នាជាមួយយុវជនវៀតណាម ថែរក្សាការពារសាមគ្គីភាពជាប្រពៃណី រវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែរឹងមាំឡើង ៕