កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា៖ ការផ្សព្វផ្សាយរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតនៅថ្ងៃនេះ គឺស្របតាមសភាពការណ៍ ដែលនៅពេលខាងមុខដ៏ខ្លីនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ដូច្នេះដើម្បីបញ្ចៀសបាននូវរាល់កំហុសឆ្គងផ្សេងៗ ដែលកើតមានឡើងដោយអចេតនានូវរាល់សកម្មភាព ដែលមានចែងនៅក្នុងក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ យោធិនយើងទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ជៀសវាងការខាតបង់ថវិកាក្នុងការពិន័យ នឹងទទួលទោសទណ្ឌផ្សេងៗតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកអប់រំចិត្តសាស្ត្រ នឹងផ្នែកច្បាប់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងឧទ្ទេសនាម នូវចំណុចសំខាន់ៗមួយចំនួន មានជាអាទិ៍ សិទ្ធិភារកិច្ច នឹងបំរាមចំពោះកងយោធពលខេមរភូមិន្ទ ព្រមទាំងទោសបញ្ញត្តិក្នុងច្បាប់ស្ដីពីការបោះឆ្នោត ដែលមានការពិន័យជាប្រាក់ និងទោសព្រហ្មទណ្ឌផ្សេងទៀត ដើម្បីជូនយោធិនម្នាក់ៗ បានយល់ជ្រួតជ្រាប និងត្រូវជៀសវាងដាច់ខាត មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ ៕