ព័ត៌មាន

ឧត្ត​ម​សេនីយ៍​ឯ​ក ហ៊ុន ​ម៉ា​ណែត​ ទទួល​ជួប​សំណេះ​សំណាល ​និង​ពិភាក្សា​ការ​ងារ​ជា​មួយ ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
63
2865 ឧត្ត​ម​សេនីយ៍​ឯ​ក ហ៊ុន ​ម៉ា​ណែត​ ទទួល​ជួប​សំណេះ​សំណាល ​និង​ពិភាក្សា​ការ​ងារ​ជា​មួយ ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​

       នា​រសៀល​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២២​ នៅ​ទី​បញ្ជាការ​កង​ទ័​ពជើង​គោក​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​ក​​ងទ័ព​ជើង​គោក ​បាន​ទទួល​ជួប​សំណេះ​សំណាល ​និង​ពិភាក្សា​ការងារ​ជា​មួយ ​ឯកឧត្តម Jacques PELLET ឯក​អគ្គ​រដ្ឋ​ទូត ​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ បន្ទាប់​ពី​ការចូល​កាន់​តំ​ណែង​នៅ​កម្ពុជា​ ចាប់​តាំង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​មក​។

ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​ក​​ងទ័ព​ជើង​គោក និង​ឯកឧត្តម Jacques PELLET ឯក​អគ្គ​រដ្ឋ​ទូត ​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ 


​       ក្នុង​ជំនួប​នេះ ​មេ​បញ្ជាការ​កងទ័​ព​ជើង​គោក​កម្ពុជា ​បាន​លើកឡើងអំ​ពី​ចំណង​មិត្តភាព​ដ៏​យូរអង្វែង​ រវាង​ប្រទេស ​និង​ប្រជាជន​ទាំង​ពីរ​ ហើយ​ម​កទល់​ពេ​ល​នេះ​ប្រទេស​ទាំង​ពីរ​ ក៏​មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​។​ ក្នុង​នាម​ប្រជាជន​កម្ពុជា​ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​ក៏​បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​សាធារណ​រដ្ឋ​បារាំង ​ដែល​កន្លង​មក​តែង​បាន​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​លើ​កិច្ច​ការ​សំខាន់ៗ​ជា​ច្រើន​ រួម​មាន៖​ ការ​បង្រួប​បង្រួម​ជាតិ​កម្ពុជា​តាម​រយៈ​តួនាទី​ជា​សហ​ប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស​,​ កា​រ​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​មក​កម្ពុជា​,​ ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ​និង​អាហា​រូប​ករណ៍​ដល់​និស្សិត​កម្ពុជា​,​ ការ​អភិវឌ្ឍន៍​វិស័យ​ច្បាប់​ រួម​ទាំង​ថវិកា​សម្រាប់​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​,​ ការ​ជួយ​ដល់​ដំណើរការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភ័ណ្ឌ​ពិភព​លោក​,​ ការ​ផ្តល់​ថវិកា​សម្រាប់​គម្រោង​ស្រាវ​ជ្រាវ​ជំងឺ​កូវីដ-១៩​ ក៏​ដូច​ជា​ការ​គាំទ្រ​ការ​បំពេញ​តួនាទី​របស់​កម្ពុជា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ឆ្នាំ​២០២២​ និង​កិច្ចខិត​ខំ​ប្រែង​របស់​ សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​សន្តិវិធី​សម្រាប់​បញ្ហា​មី​យ៉ាន់​ម៉ា។ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យោធា ​ឧត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែត ​ក៏​បាន​កត់​សម្គាល់​អំ​ពីកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​រឹង​មាំ ​ដែល​ស្តែង​ឡើង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ទាំង​កម្រិត​រដ្ឋាភិបាល ​និង​កម្រិត​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​តាម​រយៈ​មូល​ដ្ឋាន​ទាំ​ងនេះ​ សកម្មភាព​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត ​ជា​អាទិ៍៖​ ដំណើរ​កា​រលំហាត់​ហ្វឹក​ហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​ និង​ការចូល​ចត​នាវា,​ ការ​ផ្តល់​ជំនួយ​យោធា ​និង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជំនាញ​យោធា, ​ជំនាញ​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​ និង​ភាសា​បារាំង​ ជា​ដើម​ ជា​ពិសេស​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សាលា​នាយ​ទាហាន​សកម្ម​ និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រ​ងកង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រា​ម​។​ 

       ជាការ​ឆ្លើយ​តប​ ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត​ បាន​សម្តែង​នូវ​មោទន​ភាព ​ចំពោះ​ទំនាក់​ទំន​ងជា​ប្រវត្តិ​សាស្ត្រ​រវាង​កម្ពុជា​​-​បារាំង​ ជា​ពិសេស​ក្នុង​ឆ្នាំ​២០២២​នេះ​ផ្ទាល់​ ដែល​ខួប​ទី​៧០​ នៃ​ទំនាក់​ទំនង​ការ​ទូត​ រវាង​ប្រទេស​ទាំង​ពីរ​ និង​ខួប​ទី​៣០​ឆ្នាំ​ នៃ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​បារាំង​នៅ​កម្ពុជា​។​ ឯកឧត្តម​ បា​ន​បង្ហាញ​ការ​កត់​សម្គាល់​ថា​៖ កម្ពុជាជា​ប្រទេស​ដែល​មាន​បទ​ពិសោធន៍​យ៉ាង​ជូរ​ចត់​ក្នុង​នាម​ជា​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​រ៉ាំរ៉ៃ ​ប៉ុន្តែ​ឥឡូវក​ម្ពុជា​មាន​កង​ទ័ព​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ ទាំង​លើ​ជំនាញ ​PKO ​និង​ផ្នែក​ភាសា​បារាំង​រាប់​ពាន់​នាក់​ដែល​បា​ន និង​កំពុង​បំពេញ​ភារកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ ហើយ​ក្នុង​នោះអ្វី​ដែលជាមោទន​ភាព​បំផុត​ គឺ​កងម្លាំង​មួក​ខៀវ​របស់​កម្ពុជា ​មាន​ស្ត្រី​រហូត​ដល់​ ១៩% ​ដែល​ជា​ប្រការ​ល្អ​ហួស​ពី​ការ​រំពឹង​ទុក​របស់​អង្គការ​សហប្រជាជាតិ​ទៅ​ទៀត​។​ សំខាន់​ គឺ​កង​កម្លាំង​ជាស្ត្រី​ទាំង​អស់​នេះ​ ពិត​ជា​មាន​សារៈសំខាន់ ​និង​កំពុង​មាន​តម្រូវ​ការ​ច្រើន​ ដោយ​ហេតុ​ថា ​ភាគ​ច្រើន​នៃ​ជន​រ​ងគ្រោះ​នៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​កំពុង​មាន​សង្គ្រាម​ គឺ​ជា​ស្ត្រី ​ដូច្នេះ​ជា​ការចាំបាច់​ដែល​ស្ត្រី​អាច​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ស្រ្តី​។​

        ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត​ ក៏បា​ន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ទទួល​បាន​ចំណាត់​ថ្នាក់​ឈាន​មុខ​មួយ​នៅ​ក្នុង​ពិភព​លោក​លើ​ការ​ប្រយុទ្ធ​ និង​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ រួម​ជា​មួយ​នឹង​ការ​អបអរសាទរ​ផង​ដែរ​ជា​មួយ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​បា​ននូវ​គ្រឿង​ឥស្សរិយយស​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចំពោះកា​រចូល​រួម​ចំណែក​បំពេញ​ភារកិច្ច​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ កន្លង​ម​កនេះ​។​

         ជា​ទិស​ដៅ​ទៅ​មុខ​ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវឆន្ទៈ​ និង​ចំណាប់​អារម្ម​ណ៍​ស្វាគមន៍​ទៅ​វិញ​ទៅ​ម​ក ក្នុង​ការបង្កើន​កិច្ច​ខិ​តខំ​ប្រឹង​ប្រែង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​យោធា​ រវាង​ប្រទេស​ទាំងពី​រឱ្យ​បាន​កាន់​តែ​សកម្ម​បន្ថែម​ទៀត ​ជា​ពិសេស​ការ​គិត​គូរ​អំពី​ការ​ចាប់​ផ្តើ​មក​សាង​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ រវាង​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពីរ​ ដែល​អាច​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំន​ង​ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំ។​ ក្រៅ​ពី​នេះ ​ភាគីទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​សាកល​ និង​តំបន់​មួយ​ចំនួន ​ដោយ​បាន​កត់​សម្គាល់​អំពី​សារៈ​សំខាន់​ និង​ភាព​ចាំ​បា​ច់នៃ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​សម្រាប់​ទាំង​អស់​គ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ