បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក នៅព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឧត្តមមន្រ្តីការពារជាតិអាស៊ានបានបន្ត កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) បន្តទៀត ដែលបានប្រារព្ធកិច្ចប្រជុំនៅទីស្តីការក្រសួងការពារជាតិ។
មុននឹងដំណើរការកិច្ចប្រជុំ ប្រធានប្រតិភូឧត្តមមន្រ្តីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និង ប្រទេសបូក បានចូល ជួបសម្តែងការគួរសម សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិផងដែរ។ នាមជាប្រធានសម្រាប់ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ កម្ពុជាមានឆន្ទៈក្នុងការប្រើប្រាស់តួនាទី និងឯកសិទ្ធិជាប្រធាននេះ ដើម្បីលើកកម្ពស់ការដោះស្រាយបញ្ហាក្នុងតំបន់នានា ដោយសន្តិវិធីតាមផ្លូវការទូត ផ្លូវច្បាប់ កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក និងគោរពផលប្រយោជន៍រួម ដោយអនុលោម តាមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម"។ កម្ពុជាចង់ឃើញភាពរឹងមាំនៃ ឯកភាព និងមជ្ឈភាពអាស៊ាន ដែលជាធាតុស្នូលសម្រាប់ការធានាបាននូវការរួមរស់ដោយសុខសន្តិភាព សុខដុមរមនា និងវិបុលភាពក្នុងតំបន់។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានផ្តួចផ្តើមទស្សនាទានមួយចំនួន ដើម្បីជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាប្រយោជន៍ដល់បណ្តាប្រទេស ដែលចូលរួម ទាំងអស់ទៅតាមបរិបទសន្ដិសុខតំបន់នាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗ។ ក្នុងនោះ ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមជំងឺរាតត្បាតឆ្លងព្រំដែន កម្ពុជា ក៏មានគោលដៅជំរុញការពង្រីកតួនាទីរបស់ស្ត្រីអាស៊ានក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ការចែករំលែកបទពិសោធន៍ និងគុណតម្លៃ នៃប្រវត្តិសាស្ត្រយោធាក្នុងការកសាង និងពង្រឹង សន្តិភាព ក៏ដូចជាការលើកកម្ពស់តួនាទី នៃស្ថាប័នការពារជាតិ ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្រោយ ជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា បានសំដែងនូវក្តីសង្ឃឹមថា៖កិច្ចប្រជុំឧត្តម មន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំ ឧត្តមមន្ត្រីការពារជាតិអាស៊ានបូក ក្នុងរយៈពេល ២ថ្ងៃ នៅកម្ពុជានាពេលនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមទិសដៅនៃការជំរុញសាមគ្គីភាពក្នុងចំណោម បណ្តាប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូក ដើម្បីលើកកម្ពស់សន្តិសុខប្រកបដោយភាពសុខដុម។
បន្ទាប់មកកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក ត្រូវបានប្រព្រឹត្តទៅ ដោយមានការដឹកនាំកិច្ចប្រជុំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ច ប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន។ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) នាពេលនោះ មានការចូលរួមពី អាមេរិក រុស្ស៉ី ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង និងញូហ្សេឡែន។ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូក (ADSOM-Plus) នឹងមានការស្ដាប់សេចក្តីរាយការណ៍ របស់លេខាធិការដ្ឋានអាស៊ាន ស្តីពីការអភិវឌ្ឍថ្មីៗ នៅក្នុងអាស៊ាន និងរបាយការណ៍វឌ្ឍនភាពរបស់ ក្រុមការងារជំនាញទាំង៧វិស័យ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូករួមមានទី១៖ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ទី២៖ សន្តិសុខលម្ហសមុទ្រ, ទី៣៖ វេជ្ជសាស្ត្រយោធា, ទី៤៖ ប្រឆាំង ភេរវកម្ម, ទី៥៖ ប្រតិបត្តិការរក្សាសន្តិភាព, ទី៦៖ សកម្មភាពកម្ចាត់មីន ដើម្បីមនុស្សធម៌ និងទី៧៖ សន្តិសុខបច្ចេកវិទ្យាព័ត៌មាន។ កិច្ចប្រជុំក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពិនិត្យ ពិចារណាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយ ភាពសុខដុម។
កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក គឺជាយន្តការ ដ៏សំខាន់មួយ សម្រាប់ការប្រុងប្រៀបរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ានបូក លើកទី៩ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ នៅខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ៕