ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន និងអាស៊ានបូក នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូឧត្តមមន្រ្តីការពារជាតិអាស៊ាន និងអាស៊ានបូក (ADSOM / ADSOM-Plus) បានអញ្ជើញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ ព្រមទាំងនាយទាហាន នាយទាហានរង នៃអង្គភាពសេនាតេជោ វិទ្យាស្ថានប្រវត្តិសាស្រ្តយោធា និងក្រុមការងារវិមានឈ្នះ ឈ្នះ ក៏ដូចជាក្រុមការងារសួនសមិទ្ធផលតេជោផងដែរ។
កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក បានខកខានប្រជុំផ្ទាល់ជាលក្ខណៈរូបវន្ត័អស់រយៈពេល២ឆ្នាំមកហើយ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ នៅទូទាំងសកល។ កិច្ចប្រជុំនេះគឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការប្រុងប្រៀបរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ នៅខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
ក្នុងដំណើរ នៃការទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ គណៈប្រតិភូបានសិក្សាស្វែងយល់ពីដំណើរ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិក មគ្គុទ្ទេសក៍ឯកនយោបាយឈ្នះ ឈ្នះ ដែលបានចាប់ផ្តើមយកជីវិតជាដើមទុននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៏ខ្មៅងងឹត។ គណៈប្រតិភូបានស្វែងយល់បន្ថែមអំពីទស្សនទាន និងគោលគំនិត និងចក្ខុវិស័យសំខាន់ នៃការសាងសង់វិមានឈ្នះ ឈ្នះ ដែលដាក់ចេញដោយថ្នាក់ដឹកនាំ និងបានស្វែងយល់អំពីរចនាបថ ទម្រង់ស្ថាបត្យកម្ម និងអត្តន័យ នៃហេដ្ឋារចនាសម្ព័ន្ធជុំវិញវិមានឈ្នះ ឈ្នះ។ បន្ថែមពីនេះគណៈប្រតិភូក៏បានទស្សនាកំសាន្តជាមួយនឹងការច្រៀងចាប៉ីស្វាគមន៍ជាភាសាអង់គ្លេស ដោយក្រុមការងារវិមានឈ្នះ ឈ្នះ និងទស្សនាការបាញ់ទឹកនៅអាងទាំង៨នៃតួវិមានឈ្នះ ឈ្នះ ផងដែរ។
វិមានឈ្នះ ឈ្នះ បានក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្រ្តមួយដ៏ពេញនិយមក្នុងរាជធានីភ្នំពេញ ដែលបានរៀបរាប់រាល់ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងអស់ សម្រាប់ជាតិខ្មែរ ប្រវត្តិសាស្រ្តខ្មែរ និងសម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់។ បន្ថែមពីនេះវិមានឈ្នះ ឈ្នះ បានក្លាយទៅជាអត្តសញ្ញាណ ដោយបង្កប់ និងបង្ហាញនូវដួងព្រលឹងជាតិ និងជានិមិត្តរូប ក្នុងការរួបរួមសាមគ្គី និងការអភិវឌ្ឍសម្រាប់ជាការសិក្សាស្រាវជ្រាវថែមទៀតនាពេលបច្ចុប្បន្ន និងអនាគត និងជាទីតាំងរំលឹកដល់សារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឲ្យមានសន្តិភាពតាមរយៈគោលនយោបាយឈ្នះ ឈ្នះ និងការផ្សះផ្សាជាតិ។
គិតចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្នវិមានឈ្នះ ឈ្នះ បានទទួលនូវវត្តមានរបស់ប្រជាជនចំនួនប្រមាណជាង ៤លាននាក់ អញ្ជើញមកពីរាជធានី ខេត្ត ក្រុង និងមានភ្ញៀវអន្តរជាតិសរុបជាង៦ពាន់នាក់ មកទស្សនា សិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា និងធ្វើការគោរពដឹងគុណដល់គុណតម្លៃដ៏ធំធេងរបស់ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចប់សង្រ្គាមស៊ីវិលរាំរៃនៅកម្ពុជា ដោយមិនឱ្យមានការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ។
ក្រោយការទស្សនាវិមានឈ្នះ ឈ្នះ គណៈប្រតិភូឧត្តមមន្រ្តីការពារជាតិអាស៊ាន និងអាស៊ានបូក (ADSOM / ADSOM-Plus) បានសំដែងនូវការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះកម្ពុជាដែលអាចបញ្ចប់សង្រ្គាមស៊ីវិលបានដោយខ្លួនឯងមិនមានការបង្ហូឈាម និងបានអភិវឌ្ឍន៍ប្រទេសចាប់ផ្តើមឡើងវិញពីចំនុចសូន្យរហូតសម្រេចបានសមិទ្ធផលដ៏អស្ចារ្យជាច្រើន និងបានវាយតម្លៃយ៉ាងខ្ពស់សម្រាប់សំណង់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ដែលបានកើតចេញពីនយោបាយឈ្នះ ឈ្នះ។ ទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងបានជំរុញសាមគ្គីភាពអាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ស្របតាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» ៕