ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​ឯកឧត្តម ​វ៉េ ​ហ្វុង​ហឺ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
247
2888 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​ឯកឧត្តម ​វ៉េ ​ហ្វុង​ហឺ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​

       ក្នុង​ឱកាស​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​ ១៩ ​នៅ​ប្រទេស​សឹង្ហ​បូរី ​នា​ព្រឹក​ថ្ងៃទី​ ១១ ​ខែ​មិថុនា ​ឆ្នាំ​ ២០២២​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​ឯកឧត្តម វ៉េ ហ្វុងហឺ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​សាំង​គ្រីឡា ​ប្រទេស​សឹង្ហបូរី​។​ អញ្ជើញ​ចូល​រួម​ក្នុង​ឱកាស​នោះ​​ដែល​មាន នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត ​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តម​សេនីយ​ វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ ខភម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ​ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័​យសេនា ​អគ្កនាយក ​អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស ​ព្រម​ទាំង​នាយ​ទាហាន​អម​ដំណើរ​មួយ​ចំនួន​ទៀត​។

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ឯកឧត្តម វ៉េ ហ្វុងហឺ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន


       នៅ​ក្នុង​ជំនួប​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បញ្ជាក់​ថា៖ ​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​ កង​ទ័ព​ទាំង​ពីរ​នៅ​តែ​រក្សា​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ធម្មតា​ ដែល​បាន​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ថា៖ ប្រទេស​ទាំង​ពីរ​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ទៀត​ថា៖ ​ខភម ​បាន​រង​គ្រោះ​តិច​តួច​បំផុត ​និង​ឆ្ល​ង​ផុត​ពី​ការ​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ-១៩​ តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ផ្តល់​ វ៉ាក់សាំង​ជំហាន​ដំបូង ​ពី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមាន​និត​ចិន​ មក​ដល់​មុន​គេប​ង្អស់ ​ដល់​កម្ពុជា​ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​វ៉ាក់​សាំង​ ជំនួយពី​សាធារណរដ្ឋ​ប្រជាមាន​និត​ចិន​ គឺ​ជា​ស្នូល ​ក្នុង​ការ​ទប់​ស្កាត់​ការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ-១៩​។ ទទឹមនេះកង​ទ័ព​ទាំ​ង​ពីរ​ កម្ពុជា-ចិន បាន​អនុវត្តិ​កិច្ច​សហប្រតិបត្តិការ​ បា​ន​ល្អ ​គ្រប់​ផ្នែក​ទាំង​អស់​ ក្នុងនោះ​រួម​មាន​ទាំង​ ពិធី​បើក​ការដ្ឋាន សាងសង់​រោង​ជាង​ជួស​ជុល​នាវា ​ផែសំចត ​និង​ស្ដារឃ្លង ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ ខេត្ត​ព្រះសីហនុ ដែលបាន​ប្រារព្ធធ្វើកាលពី​ថ្ងៃទី ៨ ខែ​មិថុនា ឆ្នាំ២០២២ កន្លង​ទៅ​ថ្មីៗនេះ ​។ ឆ្លៀតក្នុង​ឱកាស​នោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ជំរាប​ជូន​ដល់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជា​តិ​ចិន​ អំពីតួនាទីជា​ប្រធា​នប្តូរវេន​ របស់​កម្ពុជា ក្នុងការរៀប​ចំ​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​ អាស៊ាន ​(ADMM) និងកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ បូក (ADMM-Plus) ហើយ​នៅ​ក្នុង​របៀបវរៈ​ នៃ​កិច្ច​ប្រជុំកិច្ច​ប្រជុំ ADMM ក៏មាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ បូក​ចិន​ ក្រៅ​ផ្លូវការ ផងដែរ។​ ក្នុងឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ​ក៏បាន​អញ្ជើញ ​ឯកឧត្តម វ៉េ ហ្វុងហឺ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ចិន​ មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​-អាស៊ាន ​បូកចិ​ន ​ក្រៅ​ផ្លូវការ​ ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​២២ ​ខែ​មិថុនា ​ឆ្នាំ​២០២២ ខាង​មុខ​នេះ​។ 

      មា​នមតិ​ឆ្លើយ​តប​វិញ ឯកឧត្តម វ៉េ ហ្វុងហឺ បាន​មាន​ប្រសាសន៍​ថា៖​ ចិន ​និង ​កម្ពុ​ជា មាន​ប្រពៃណី​ទំនាក់ ​ទំនង​ ជា​មួយ​គ្នា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ និង​បាន​បន្ត​រហូត​មក​ដល់​សព្វថ្ងៃនេះ​។ ឯកឧត្តម បញ្ជាក់ថា៖ បច្ចុប្បន្ន​នេះ ​ទោះជា​ពិភ​ព​លោក​កំពុងមាន​ភាព​តាន​តឹង​ ទាក់​ទង​ទៅ​នឹង​បញ្ហា​នៅ​អ៊ុយ​ក្រែ​នយ៉ាង​ណាក៏​ដោយ ​ក៏ ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ចិន ​នៅតែ​ធ្វើកិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​យ៉ាង​ស្អិត​រមួត ​ជា​ពិសេស​ក្នុ​ង​កំឡុងពេល​ជំងឺ​កូវីដ-១៩​ បាន​ផ្ទុះ​ឡើង ​ប្រទេស​ទាំង​ពីរ​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

      ក្នុង​ឱកា​ស​នោះ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ កម្ពុជា ចិន ក៏បាន​ធ្វើការពិភាក្សា​គ្នា​ក្នុងការបន្ត​ជំរុញកិច្ច​សហប្រតិបត្តិការ​ រវាងកង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា ចិន បន្ទាប់​ពី​មាន​ភាព​ធូរ​ស្រាល​ នៃ​ការឆ្លង​ជំងឺកូវីដ-១៩ ដូចជា​ការ​ធ្វើឡើង​វិញ​នូវ​ សមយុទ្ធ​នាគ​មាស​ ដែល​ត្រូវចាប់ផ្តើម​ឡើងវិញនៅ​ក្នុង​ ឆ្នាំ​២០២៣ ខាង​មុខ​ បន្ទាប់​ពី​បាន​ខក​ខា​នអស់​រយៈ​ពេល​ ២ ឆ្នាំ ដោយសារ​វិបត្តិជំងឺ​កូវីដ-១៩​ និង​បន្តធ្វើ​ការ​ផ្លា​ស់​ប្តូរដំណើរ​ទស្សនៈកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ។ ឯកឧត្តម វ៉េ ហ្វុងហឺ បាន​សំដែងការ​គាំទ្រភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ​ហើយ​ប្រទេស​ចិន​ ប្តេជ្ញា​ចិត្ត​គាំទ្រ​នូវ ​មជ្ឈភាព​របស់​អាស៊ាន​ ក៏​ដូច​ជា​ជំរុញ​អោយ​អាស៊ាន​ដើរ​តួនាទី ​យ៉ាង​ខ្លាំង​ទាំង​ក្នុង​តំបន់​ និង​កិច្ចការ​អន្តរជាតិ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ