ព័ត៌មាន

លោក​ Bertrand​ Lortholary ​ប្រធាន​នាយក​ដ្ឋាន​អាស៊ី ​និង​អូ​សេ​អានី ​នៃ​ក្រសួង​កិច្ច​ការ​អឺរ៉ុប ​និង​ការ​បរទេស​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរ​សម​នាយ​ឧត្តមសេនីយ៍ ​ណឹម ​សុវត្ថិ​
នាយកដ្ឋានព័ត៌មាន(៣)
195
2889 លោក​ Bertrand​ Lortholary ​ប្រធាន​នាយក​ដ្ឋាន​អាស៊ី ​និង​អូ​សេ​អានី ​នៃ​ក្រសួង​កិច្ច​ការ​អឺរ៉ុប ​និង​ការ​បរទេស​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរ​សម​នាយ​ឧត្តមសេនីយ៍ ​ណឹម ​សុវត្ថិ​

      នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ ​និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស ​នារ​សៀល​ថ្ងៃទី១​៤ ខែ​មិថុនា ​ឆ្នាំ​២០២២​នេះ ​បាន​អនុញាតិ​ឲ្យ​ លោក ​ប៊ែរ​ត្រង់ ​ល័រ​ថូ​ឡារី ​(Bertrand Lortholary) ប្រធាន​នាយក​ដ្ឋាន​អាស៊ី ​និង​អូសេ​អានី ​នៃ​ក្រសួង​កិច្ច​ការ​អឺរ៉ុប ​និង​ការ​បរទេស​បារាំង ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ ​នៅ​សាលសវនាការ ​នៃ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​ នា​ទី​ក្រុង​ភ្នំពេញ ​ក្នុង​ឱកាស​ដែល​រូប​លោក​មក​បំពេញ​ដំណើ​ទស្សនកិច្ច​ការ​ងារ​នៅ​កម្ពុជា​។​

       ក្នុង​ជំនួប​នា​ឱកាស​នោះ ​ជំនួស​មុខ​ឱ្យ​ សម្ដេច​ពិជ័យ​សេនា ​ឯកកឧត្តម ណឹម សុវត្ថិ បាន​សម្ដែង​នូវការ​ស្វាគមន៍​ចំពោះ​វត្តមាន​ ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការ​ងារ​នៅ​កម្ពុជារបស់​​ លោក ​ប៊ែរ​ត្រង់​ ល័រ​ថូឡារី ​(Bertrand Lortholary​)​នៅ​កម្ពុជា​ ដើម្បី​បាន​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ រវាង​កម្ពុជា​-បារាំង​ ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ ដែល​នេះ​គឺ​ជា​ឱកាស​ល្អ​មួយ ​កម្រ​បំផុត ​ដែល​យើង​បាន​ជួប​គ្នា​ បន្ទា​ប់​ពី​បាន​អាក់​ខាន​ដោយ​សារ​បញ្ហា​ប្រឈម​ជា​សកល​ នៃ​ជំងឺ​ឆ្លង​កូវីត​១៩​ ក្នុង​អំឡុង​ពេល​ជាង​ ២​ឆ្នាំ​កន្លង​មក​នេះ​។ ​ឯកឧត្តម ​ណឹម ​សុវត្ថិ ​បាន​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ភាព​មមាញឹក​ជា​ច្រើន​ ក្នុង​នាម​ជា​ម្ចា​ស់​ផ្ទះ​ និង​ជាប្រធាន​រាល់កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ក៏​ដូច​ជា​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ រួម​ជា​មួយ​សភាព​ការណ៍​ការ​ជា​ច្រើន​ ដែល​កើត​មាន​ឡើងនា​ពេល​ថ្មីៗ ​នៅ​ក្នុង​តំបន់ ​ក៏​ដូច​ជា​នៅលើ​ពិភព​លោក​ ដែល​តម្រូវ​ឲ្យយើង​ត្រូវ​សហការ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ទាំង​នោះ ​ឲ្យ​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​។ ព្រម​ទាំង​បាន​លើក​ឡើង ​ជុំវិញ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​វិធាន​ការ​ច្រើន​ នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រី​ក​រាល​ដាល​ជំងឺ​កូវីដ-១៩​ រហូត​ធ្វើឱ្យ​កម្ពុជា​ មាន​សភាព​ធូរ​ស្រាល​ ហើយ​បាន​បើក​ចំហ​ប្រទេស​ឡើង​វិញ​ មក​ដល់​បច្ចុប្បន្ន​នេះ​ ដែល​កា​រងា​រនេះ ​ក៍​បាន​ពី​ការ​ចូល​រួម​គាំទ្រ​ជួយ​ជ្រោម​ជ្រែង​ ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​បារាំង ​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ តាម​រយៈ​ការ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដែលជា​ស្ថាប័ន​ស្រាវ​ជ្រាវ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​កិច្ច​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១​៩​នេះ​។ ជា​មួយ​គ្នា​នេះ​ នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​វិញ ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​បារាំង ​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ និង​ការ​កសាង​សមត្ថភាព​ឲ្យ​ដល់​យោធិន​​កម្ពុជា​ នៅ​សាលា​នាយ​ទាហាន​សកម្ម​ត្មា​ត​ពង​ និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រា​ម ​(NPMEC).ការ​ជួយ​បណ្តុះបណ្តាល​ផ្នែក​ច្បាប់​ដល់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ.​ ពិសេស​ការ​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ភាសា​បារាំង​ និង​ជំនាញ​ផ្សេងៗ​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​នា​ពេល​កន្លង​មក​ ពិសេស​នៅ​ក្នុង​ការ​ជួយ​សម្រប​សម្រួល​បញ្ហា​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ ហើយ​ឈាន​ដល់​ការ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ នៅ​ទី​ក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣​ ខែ​តុលា ​ឆ្នាំ​១៩៩១ ​ដែល​បា​នធ្វើ​ឱ្យ​កម្ពុជា ​មាន​សន្តិភាព ​ពិត​ប្រាកដ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ឯកកឧត្តម ​បាន​បញ្ជាក់​ទៀត​ថា៖​ លើ​វិស័យ​ការ​ពារ​ជាតិ ​កម្ពុជា​បាន​សម្រេច​អំពី​គោល​ការ​សំខាន់ៗ​ក្នុង​ការ​កសាង​ទំនើប​កម្ម​កង​ទ័ព​ ដែល​ពេល​ថ្មីៗ​នេះ​ គោល​នយោបា​យ​ការពារ​ជាតិ​ថ្មី​ ទើប​តែ​នឹង​បាន​ចេញផ្សាយ​គោល​ការណ៍​ជា​ផ្លូវកា​រ​សៀវភៅ​ ស ​កា​រ​ពារ​ជាតិ​ថ្មី ​ដែល​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​ទៅ​មុខ​ ដោយ​ផ្អែក​ទៅ​លើកិច្ចការ​ជា​ច្រើន​ ដែល​យើង​កំពុង​រៀបចំ​ដំណើរ​ការ​បន្ថែម​ទៀត​។ 

       មាន​មតិ​ឆ្លើយ​តប​វិញ ​លោក ​ប៊ែរ​ត្រង់​ ល័រ​ថូឡារី ​បាន​ជម្រាប​ជូន​ នាយ​ឧត្ត​ម​សេនីយ៍​ ណឹម ​សុវត្ថិ​ ថា៖ ​រដ្ឋា​ភិបាល ​កង​ទ័ព​ និង​ប្រជាជន​បារាំង ​បាន​គាំទ្រ​ចំពោះ​ជំហ៊រ​របស់​កម្ពុជា​ ក្នុង​នាម​ជា​ប្រទេស​អព្យាក្រឹត ​ខណៈ​ដែល​កម្ពុជា​ ធ្វើ​ជា​ម្ចា​ស់ផ្ទះ ​និង​ជា​ប្រធាន​រាល់​ការ​ងារ​របស់​អាស៊ាន​សម្រាប់​ឆ្នាំ​នេះ​​។ លោក ​ប៊ែរត្រង់ ​ល័រ​ថូឡារី ​បញ្ជា​ក់ថា​៖ ក្នុង​ឱកាស​នេះ​ គឺ​ជា​ពេល​វេលា​មួយ​ដ៏​មាន​សារៈ​សំខាន់ ​ដើម្បី​ជំរុញ​បន្ថែម​ទៀត​លើ​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្តភាព ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ បារាំង ​កម្ពុជា​។

      ឆ្លើយ​តប​សំនួរ​ជា​ច្រើន​របស់ ​លោក ប៊ែរត្រង់ ល័រថូឡារី .ឯកកឧត្តម ណឹម សុវត្ថិ បញ្ជាក់​ជូន​ថា​៖ ចាប់​ពីពេលនេះ​ទៅ​ ក្នុង​នាម​កម្ពុជា ​ជា​ម្ចាស់​ផ្ទះ ​និង​ជា​ប្រធាន​រាល់​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​ការ​ពារ​ជាតិ​ និង​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​កម្ពុជា ​បាន​គ្រោង​រៀបចំ​រួច​ហើយ​ ក្នុង​ការអ​ញ្ជើញ​សមភាគី​ថ្នាក់​ដឹក​នាំ​កង​ទ័ព​បណ្តា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន​.ក៏ដូច​ភាគី​កង​ទ័ព​ប្រទេស​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ជា​ដៃ​គូរ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន និង​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​បូក​ ដើម្បី​ស្វែង​រក​ការ​ឯកភាព ការ​គាំទ្រ​ និង​ការ​សម្រប​សម្រួល​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​ភាព​ជា​ម្ចាស់​ផ្ទះ​ និង​ជា​ប្រធាន​រាល់​កិច្ច​ប្រជុំ​អាស៊ាន និង​អាស៊ាន​បូក​ នៅ​កម្ពុជា ​សម្រេច​បាន​នូវ​លទ្ធផ​លល្អ​ ពី​គ្រប់​ភាគី​បណ្ដា​ប្រទេស​ជា​ដៃ​គូផ​ង​ដែរ​។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បាន​សំដែង​ការអរគុណ​ចំពោះ​សម​ភាគី​បារាំង ​ដែល​បាន​យល់​ច្បាស់​អំពី​ជំហ៊​រ​របស់​កម្ពុជា ​ពាក់​ព័ន្ធ​ទៅ​នឹង​សង្រ្គា​ម​រវា​ង​រុស្ស៊ី ​និង​អ៊ុយ​ក្រែន​ ដែល​នេះ​គឺ​ជា​អ្វី ​ដែល​កម្ពុជា​ បញ្ជាក់​ពី​ជំហ៊រ​នយោបាយ​ការ​បរទេស ​រាល់​ពេល​វេលា ​គឺ​មិន​គាំទ្រ​ចំពោះ​ការ​បំបែក​រដ្ឋ​ មិន​គាំទ្រ ​នឹង​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ ក្នុង​ការ​ឈ្លាន​ពាន​ប្រទេស​ដទៃ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ប៉ុន្តែ​គាំទ្រ​អោយ​រាល់​ភាគី​ជំលោះ ខិ​តខំ​រួ​មគ្នា​ដោះ​ស្រាយ​បញ្ហា​ ដោយ​ឈរ​លើ​គោល​ការ ​នយោបាយ​ឈ្នះ​ឈ្នះ​ ឈរ​លើ​បញ្ហា​ចចារ ​និង​ការ​ទូត​ ព្រោះ​ថា​កម្ពុ​ជា បាន​ឆ្លង​កាត់​ និង​មាន​បទ​ពិសោធន៍​ពាក់​ព័ន្ធ​ទៅ​នឹ​ងសង្រ្គា​មស៊ីវិល​នេះ​ អស់​ជាង​មួយ​ទសវត្សរ៍​ ទម្រាំ​កម្ពុជា​ មាន​សុខ​សន្តិភាព ​ពិត​ប្រាកដ ​និង​មាន​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន ​រីក​ចម្រើន​បាន​ដូច​សព្វ​ថ្ងៃ​នេះ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ