សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសង់វិមានឈ្នះឈ្នះ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យការងារសាងសង់ និងហេត្ថារចនាសម្ព័ននានា និងក្រុងពាលីបញ្ចុះព្រះអាថ័ន ស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ អិច - ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលនឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ស្ថិតក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ខភម, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម រដ្ខលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងស្ថាប័ននានា កងនគរបាល និងអជ្ញាធរមូលដ្ឋានខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។
តាមរបាយការណ៍សាងសង់ របស់គណៈកម្មការសាងសង់ តំបន់ប្រវត្តិសាស្រ្តយោធាតេជោ ហ៊ុនសែន កោះថ្ម X-16 បានឲ្យដឹងថា៖ ការស្ថាបនាសាងសង់នៅក្នុងតំបន់នេះ ចែកចេញជា ៣ដំណាក់កាល។ ដំណាក់កាលទីមួយ ចាប់ផ្ដើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានដំណើរការសាងសង់អាគារវេទិកា បន្ទប់អនាម័យ ចាក់ដីសង់អគារមិត្តភាព ជីកស្រះទឹក ធ្វើប្រព័ន្ធលូបង្ហូរទឹកភ្លៀង ផ្គរក្រាលគ្រួសកៅស៊ូ តារាងបាល់ទាត់ បង្គោលភ្លើងសឡា ដោយចំណាយអស់ថវិកា ១លាន ៥៣៥ពាន់ ៧៥៨ដុល្លារអាមេរិក។ កសាងនៅដំណាក់កាលទី ២ គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ បានធ្វើការ ក្រាលម៉ាប ជីកអណ្ដូងទឹក រូបនាគ ពុទ្ធរូបព្រះអង្គគោកធ្លក ចាក់បេតុងកសាងផ្លូវ ក្រាលគ្រួសក្រហម ធ្វើព្រលានយន្តហោះចុះឧទ្ធម្ភាគចក្រ បំពាក់ អេក្រង់ អិល អ៊ីឌី នៅអគារមិត្តភាព ដាំស្មៅ ដោយចំណាយអស់ថវិកា ជាង ២លាន ដុល្លាអាមេរិក។ ហើយនៅដំណាក់កាលទីបី គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២តទៅមុខ ក្រុមការងារសាងសង់ គ្រោងនឹងតម្លើងជញ្ជាំងចល័ត បំពាក់ទូរទស្សន៍ ទូរ តុកៅអី កសាងអាគារទទួលភ្ញៀវ ឃ្លាំង ដាំរបងរុក្ខជាតិ ដាំដើមឈើ ដាក់ថ្មភ្នំ ចាក់ដី ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ១លាន ៨៦៥ពាន់ ៧៦៥ ដុល្លាអាមេរិក។
ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរង សេនាធិការចម្រុះ ខភម និងជានាយកទីចាត់ការហ្វឹកហ្វឺន បានឲ្យដឹងដែរថា ចំពោះការប្រុងប្រៀបរៀបចំទិវាខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្រុមការងារបានត្រៀមរៀបចំកម្លាំងចូលរួមចំនួន ជិត៤ពាន់ ដែលមាន ៣០ផែន ក្នុងនោះផែនកងកម្លាំងប្រដាប់អាវុធ ១៥ផែន ដែលមានផែនកងទ័ព ១៣ផែន ហើយផែនកងនគរបាលជាតិ មាន២ផែន ព្រមទាំងមានផែនមហាជន ចំនួន ១៥ផែនផងដែរ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឲ្យដឹងដែរថា នៅក្នុងការប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ នៅតំបន់ប្រវត្តិសាស្រ្តយោធាសម្តេចតេជោX-16នេះ ក្រៅពីវត្តមាន សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិចូលរួមជាង ១ពាន់នាក់ទៀត ដែលធ្វើឲ្យពិធីនេះអធឹកអធម។ តាមកម្មវិធីគ្រោងទុក កម្មវិធីនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម នឹងអញ្ជើញចូលទៅក្នុងទឹកដីប្រទេសវៀតណាម ដើម្បីជួបសំណេះសំណាលជាមួយប្រជាជនវៀតណាម ប្រមាណ ២០០នាក់ នៅតំបន់សិលាចារឹកប្រវត្តិសាស្ត្រ ស្រុកឡុកនីញ ខេត្តប៊ិនភឿក បន្ទាប់មកនឹងអញ្ជើញមកកាន់តំបន់ប្រវត្តិសាស្រ្តយោធាតេជោX16 ដើម្បីប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ ដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ជាផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងខណៈនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម នឹងធ្វើការកាត់ខ្សែបូរបើកសម្ពោធនូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សមិទ្ធផលនានា និងមានជំនួបចង្អៀត រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ។
មានប្រសាសន៍ណែនាំនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំទិវាខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អនុគណៈកម្មការរៀបចំ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងពុះពារ ក្នុងការរៀបចំ ដែលថ្ងៃនេះការត្រៀមទាំងឡាយសឹងតែរួចរាល់អស់ហើយ នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ សម្តេចពិជ័យសេនាក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងនោះលើរបៀបវារៈ របាយការណ៍ស្វាគមន៍ និងការយកចិត្តទុកដាក់ទទួលស្វាគមន៍ភ្ញៀវមកចូលរួមឲ្យបានល្អ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ ការថ្លែងសុន្ទរកថារបស់ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៅក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលសុទ្ធសឹងជាឯកសារប្រវត្តិសាស្ត្រទៀតផង ក្នុងការថែរក្សាសុខសន្តិភាពនៅកម្ពុជា។ ជាមួយនេះ សម្តេច ក៏បានផ្តាំផ្ញើឲ្យមានការយកចិត្តទុកដាក់ចំពោះការរៀបចំវេទិកាតុមូល ស្តីពីដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ក្នុងនោះ សម្តេចបានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជារៀបចំជាម្ចាស់ផ្ទះ នាថ្ងៃទី២១ និងទី២២ ខែមិថុនាខាងមុខនេះ គឺជាប្រវត្តិសាស្ត្រហើយ ដែលគណៈប្រតិភូមកចូលរួមអមរដ្ឋមន្ត្រីការពារជាតិ មានចំនួនជាង៣០នាក់ ក្នុង១ប្រទស ហើយយ៉ាងតិចមានជាង១០នាក់ ក្នុង១ប្រទេស ដែលត្រូវមកចូលរួមនេះ។ ហើយទើបតែ នៅតែមួយគត់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានប្រតិភូមកចូលរួមដ៏ច្រើនដូចនេះ។ ហើយការប្រារព្ធខួប៤៥ឆ្នាំ ដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំនេះកាន់តែបង្ហាញឲ្យបរទេសឃើញកាន់តែច្បាស់ថែមទៀត នូវគុណតម្លៃនៃសុខសន្តិភាព ៕