នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ រួចមក នៅទីស្តីការក្រសួងការពារជាតិ បានបន្តរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម គីស៊ី ហ្ស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ត្រីកាពារជាតិជប៉ុន ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ជារដ្ឋមន្ត្រី ការពារជាតិអាស៊ានទាំង៩ ទៀត និងអគ្គលេខាធិការអាស៊ានផងដែរ។
ថ្លែងបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម គីស៊ី ហ្ស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ត្រីការពារជាតិជប៉ុន និង ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ អាស៊ាន ទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុននាពេលនេះ ដែលកិច្ចប្រជុំនាពេលនេះ បានបង្ហាញពីការជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលគួរឱ្យស្ញប់ស្ញែង និងដែលបានអនុញ្ញាតឱ្យកិច្ចប្រជុំទាំងឡាយ អាចដំណើរការទៅបាននៅក្នុងទម្រង់ រូបវន្ត នាពេលនេះ។
សម្ដេចពិជ័យសេនា បានបញ្ជាក់ថា៖ ពិភពលោករបស់យើងត្រូវបានរំខានដោយជំងឺកូវីដ-១៩ អូសបន្លាយអស់រយៈពេលប្រមាណជាង ២ឆ្នាំមកហើយ ដែលជំងឺនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចសកល នាំមកនូវ គម្លាតអភិវឌ្ឍន៍កាន់តែធំ រវាងប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍។ យ៉ាងណាមិញ ស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន គឺបានថមថយ មួយកម្រិតគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែការគំរាមកំហែងគឺនៅតែបន្តមាន ខណៈពិភពលោកទាំងមូល មិនទាន់ទទួលបានភាពស៊ាំជាសហគមន៍នៅឡើយ។ ទាក់ទិននឹងបញ្ហានេះ កម្ពុជាគឺពិតជាមានមោទនភាពក្រៃលែង ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ អស់រយៈពេល ៣៦ ថ្ងៃជាប់គ្នា ខណៈយុទ្ធនាការចាក់វាក់សាំងទូទាំងប្រទេស ក៏ទទួលបានឈានដល់ ការចាក់នូវដួសទី ៥ ដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចពិជ័យសេនា បានបន្ថែមថា៖ ជាការពិតណាស់ ការទទួលបាននូវសមិទ្ធផលនេះ គឺដោយសារតែមានការចូលរួមចំណែក និងកិច្ចសហប្រតិបត្តិការពីប្រទេសជាដៃគូរក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។ ឆ្លៀតឱកាសនេះ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវវ៉ាក់សាំងប្រមាណ ១ លាន ៣ សែនដូស តាមរយៈសម្ព័ន្ធវ៉ាក់សាំងកូវ៉ាក់ (COVAX) និងការផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ។
ជាមួយគ្នានេះផងដែរ កម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសភាពសកម្មរបស់ជប៉ុន ក្នុងការជួយសម្រួលដល់កម្ពុជាក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ក្នុងការដោះស្រាយបញ្ហាវិបត្តិ នយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទាក់ទងទៅនឹងបញ្ហាប្រទេសមីយ៉ាន់ម៉ានេះដែល ដោយយោងតាម ស្មារតីនៃ សេចក្ដីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា របស់ ឯកឧត្តម នាយករដ្ឋមន្ត្រី គីស៊ីដា ហ៊្វូមីអូ (KISHIDA Fumis) កម្ពុជាសូមធ្វើការអំពាវនាវសារជាថ្មី ឱ្យគ្រប់ភាគីទាំងអស់ បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្ដើមដំណើរការចរចារ សម្រាប់ដោះស្រាយប្រកបដោយសន្តិវិធី ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យឡើងវិញ ៕