ព័ត៌មាន

នាយ​​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ស្នាក់​នៅ ​និង​បិទ​វគ្គ​និស្សិត​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២២​
នាយកដ្ឋានព័ត៌មាន(៣)
304
2897 នាយ​​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ស្នាក់​នៅ ​និង​បិទ​វគ្គ​និស្សិត​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២២​

      នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​អគ្គ​មេ​បញ្ហាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​អញ្ជើញជា​អធិបតី​ភាព ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ស្នាក់​នៅ ​ចំនួន​២​ខ្នង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​​ថ្លា ​របស់​សម្តេច​តេជោ ​​ហ៊ុន​ សែន​ ​និង​សម្តេច​កិត្តិ​បណ្ឌិត​ និង​ពិធី​បិទ​វគ្គ​និស្សិត​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២២ ​នៅ​ក្នុង​សាលានាយ​ទាហាន​សកម្ម​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ​ឆ្នាំ​២០២២។

ឧត្តម​សេនីយ៍​ឯក​ ប៊ុត​ សុ​ភាព​ នាយក​ សាលា​នាយទាហាន​សកម្ម​ 


      សាលា​នាយ​ទាហាន​សកម្ម​ គឺ​ជា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​មួយ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ពោធិ៍ ​ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ ​​ខេត្ត​កំពង់​ស្ពឺ​ តាំងពី​ឆ្នាំ​១៩៨៦​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។​ ឧត្តម​សេនីយ៍​ឯក​ ប៊ុត​ សុ​ភាព​ នាយក​ សាលា​នាយទាហាន​សកម្ម​ បាន​ឲ្យដឹង​ថា​៖ រយៈ​ពេល​កន្លង​ទៅ​នេះ ​សាលា​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន អគារ​ជា​ច្រើន​ខ្នង​សាង​សង់​តាំង​ពី​ឆ្នាំ​១៩៨៦​ មាន​ចំនួន​១៨​អគារ ​បច្ចុប្បន្ន​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម​ ក្នុង​នោះ​មាន​០៤​ អគា​រទ្រុឌ​ទ្រោម​ខ្លាំង​ និង​១៤ ​អគារ​ទៀត ​អាច​ជួស​ជុល​នៅ​ប្រើប្រាស់​បាន​។​ នៅ​ខ្វះ​អគារ​ថ្នា​ក់​រៀន​សម្រាប់ ​និស្សិត​ ១០០​នាក់​ ចំនួន​០២​ថ្នាក់​។​ ដោយ​មើល​ឃើញ​នូវ​ស្ថា​ន​ភាព​នេះ ​សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ផ្តល់​អំណោយ​អគារ​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​ចំនួន ​០២​ខ្នង​បន្ថែម​ទៀត ​ដែល​ទទួល​សាង​សង់​ដោយ ឯកឧត្តម​ គង់ ​សោ​ភ័ណ្ឌ ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​​កណ្តាល​ ដែល​ត្រូវ​ចំណាយ​ថវិកា​រចំនួន ​១៦​ម៉ឺន​៥​ពាន់​ ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​បាន​បញ្ចុះ​បឋម​សិលា​ផ្ដើម​ការ​សាង​សង់​នា​ពេល​នេះ​។ ឧត្តម​សេនីយ៍ឯ​ក ប៊ុត​ សុភាព ​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​វគ្គ​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២២ ​ដែល​បាន​បិទ​វគ្គ​នេះ​ ត្រូវ​បាន​ឆ្លង​កាត់​ការ​ប្រឡង​ជ្រើសរើស​ដោយ​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​ចំណោម​យុវជន ​យុវនារី ​ដែល​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​មា​ន​ចំនួន​២០​០​នាក់ ​ក្នុ​ង​នោះ​មាន​នារី​ចំនួន​៣២​នាក់ ​បាន​បើក​វគ្គ​នៅថ្ងៃ​ទី​២​១ ​ខែ​មីនា ​ឆ្នាំ​២០១៨​។ ឆ្លង​កាត់​ការ​សិក្សា ​និង​ការ​ហ្វឹក​ហាត់​នៅ​ក្នុង​ឆ្នាំ​ទី​១​ និស្សិត​ចំនួន​០៨​នាក់ ​ក្នុង​នោះ​មាន​នារី​០១​នាក់ ​បាន​បោះបង់​ចោល​កា​រ​សិក្សា​។​ មក​ដល់​ពេល​នេះ​មាន​វត្ត​មាន​ចំនួន​១៩២​នាក់​ នារី​ចំនួន​​​៣១​នាក់​ ដែល​​បា​ន​​ខិត​​​ខំ​សិក្សា​ ​និង​ហ្វឹក​ហាត់​ចប់​ទៅ​តាម​កម្ម​វិធី​ និង​រយៈ​ពេល​សិក្សា​របស់​សាលា ​មាន​ដូច​ជា​៖​ វិទ្យាសាស្ត្រ​យោធា ​វិទ្យាសាស្ត្រ​មូល​ដ្ឋាន​ និង​សិក្សា​ចំណេះ​ដឹង​ផ្សេងៗ ​ដែល​មាន​រយៈ​ពេលសរុប​៤​ឆ្នាំ​។​

        ឆ្ល​ង​តាម​ការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ ​នៃ​គណៈ​កម្មការ​ដឹក​នាំ​ការ​ងារ​បណ្តុះ​បណ្តាល​ និង​ហ្វឹ​ក​ហ្វឺន ​របស់​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​នា​សម័យ​ប្រឡង​បញ្ចប់​វគ្គកាល​ពី​ថ្ងៃទី​២៦​ ដល់​ថ្ងៃទី​២៩ ​ខែ​ឧសភា ​ឆ្នាំ​២០២២ ​កន្លង​មក​នេះ​ គឺ​និស្សិត​នា​យទាហាន​សកម្ម​ជំនាន់​ទី​២២​ ទទួល​បាន​លទ្ធផល​និទ្ទេស​ល្អ​ណាស់ ​ចំនួន​០៦​នា​ក់ និទ្ទេ​សល្អ ​ចំនួន ​១៣៨​នាក់ ​និទ្ទេសល្អ​បង្គួរ ​ចំនួន ​៤១​នាក់​ និទ្ទេស​មធ្យម​ចំនួន ​០៧​នាក់​។ ​និស្សិត​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២២​ ចំនួន​១៩២​នាក់​ មាន​នារី​៣១​នាក់​ ត្រូវ​ទទួល​បាន​បរិញ្ញាប័ត្រ​នាយ​ទាហាន​សកម្ម​ ព្រម​ទាំង​ត្រូវ​បាន​តម្លើង​ឋានន្តរសក្តិ ​ថ្នាក់​អនុសេនីយ៍​ត្រី​ ទាំង​អស់​គ្នា​។​

   នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​អគ្គ​មេ​បញ្ហាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ


        នៅ​ចំពោះ​មុខ​អង្គ​ពិធី ​ឯកឧត្តម វង្ស ពិសេន បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា​ ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​ក្នុ​ង​សាលា​នាយ​ទាហាន​សកម្ម ​ពិសេស​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​របស់​និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២២​ ដែ​ល​សម្រេច​បាន​នា​ពេល​នេះ ​ពិត​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ចរន្ត​ នៃ​ការ​បង្កើន​សមត្ថភាព​ធន​ធាន​មនុស្ស​ក្នុង​កង​ទ័ព​ រួម​ចំ​ណែក​ដល់​ការ​កែ​ទម្រង់​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ធ្វើ​ឱ្យ​វិស័យ​ការ​ពារ​ជាតិ​កាន់​តែ​រឹង​មាំ​។​ ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ ​បាន​បន្ត​ថា៖​ រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ ​សម្តេច​​តេជោ ហ៊ុន សែន បាន​ផ្តោត​ការ​យក​ចិត្ត​ ទុក​ដាក់​ផ្តល់​អាទិភាព​ដល់​វិស័យ​អប់រំ​ ក្នុង​ការ​អភិវឌ្ឍធន​ធាន​មនុស្ស ​សំដៅ​កសាង​សង្គម​កម្ពុជា​​ឱ្យ​ក្លាយ​ជា​សង្គម​រីក​ចម្រើន​ ផ្អែក​លើ​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ​ជា​មូល​ដ្ឋា​ន និង​សមាហរណកម្ម​ទៅ​នឹង​ការ​រីក​ចម្រើន​ នៃ​វិទ្យាសាស្រ្ត​បច្ចេក​វិជ្ជា​នា​សម័យ​ទំនើប​។ នាយ​ឧត្ដមសេនីយ៍ វង្ស ពិសេន គូសបញ្ជាក់ថា៖ ការ​បណ្តុះ​បណ្តាល​ និង​ការ​អភិវឌ្ឍ​ទៅ​បាន​ ក៏​អាស្រ័យ​លើ​កត្តា​សង្គម​ជាតិ​មាន​សន្តិភាព ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ​ របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែល​បាន​យក​ជីវិ​តធ្វើ​ជាដើម​ទុន​ ពុះ​ពារ​គ្រប់​ឧបសគ្គ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​។​ ហើយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​ជាតិ​ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណាក៏​ដោយ ​ត្រូវ​កម្ចាត់​ចោល​នូវ​រាល់​បដិវត្តន៍​ពណ៌​ និង​ក្រុម​ជ្រុល​និយម​ដែល​មាន​ចរិត​បង្ក​ចលាចល​ក្នុង​សង្គម ​រក្សា​ឲ្យ​បាន​ស្ថេរភាព​សង្គម​ និង​ភាព​សុខ​សាន្ត​របស់​ប្រជា​ពល​រដ្ឋ​។​ ឯកឧត្តម​ វង្ស​ ពិសេន ​បាន​ផ្តាំផ្ញើ​ដល់​និស្សិ​ត​នាយ​ទាហាន​សកម្ម​ ត្រូវ​ពង្រឹង​ជំហរ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ លើក​កម្ពស់ ​មន​សិការ​ ស្នេហា​ជាតិ​ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ ដើម្បី​ការពារ​ជាតិ ​និង​ប្រជា​ជន​។​ ទន្ទឹ​មនេះ ​ឯកឧត្តម វង្ស ពិសេន ក៏​បាន​ប្រសិទ្ធ​នា​ម​វគ្គ​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២២ ​គឺ​ជា​វគ្គ​ «តេជោ អភិវឌ្ឍន៍ សន្តិភាព» 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ