ព័ត៌មាន

ក្រុម​ប្រឹក្សា​ភិបាល ​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​-​១៩ ​ក្រុម​គ្រូ​ពេទ្យ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១​៩ ​នៃ​សម្ព័​ន​គ្រូ​ពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជាង​១០០​០​នាក់​ បាន​បំពេញ​ទស្សន​កិច្ច​សិក្សា​នៅ​វិមាន​ឈ្នះ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
228
2922 ក្រុម​ប្រឹក្សា​ភិបាល ​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​-​១៩ ​ក្រុម​គ្រូ​ពេទ្យ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១​៩ ​នៃ​សម្ព័​ន​គ្រូ​ពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជាង​១០០​០​នាក់​ បាន​បំពេញ​ទស្សន​កិច្ច​សិក្សា​នៅ​វិមាន​ឈ្នះ ឈ្នះ​

      នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបចំនួន ១ ពាន់ នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ ។

      នាយទាហាន នៃអង្គភាពសេនាតេជោ វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា និងក្រុមការងារវិមានឈ្នះ ឈ្នះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានទទួលស្វាគមន៍គណប្រតិភូយ៉ាងកក់ក្ដៅ និងបានរៀបចំមគ្គុទេសក៍សម្រាប់ធ្វើឧទ្ទេសនាមជូនគណប្រតិភូ និងបានលម្អិតជូនគណប្រតិភូអំពីប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ពិសេសទាក់ទងដំណើរឆ្ពោះទៅកាន់ការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពីសំណាក់ សម្ដេចតេជោ និងកម្មាភិបាលដ៏ទុកចិត្តរបស់លោកចំនួន០៤រូប កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញដោយនយោបាយឈ្នះ ឈ្នះ ដែលមានការធានាបីយ៉ាង ការធានាអាយុជីវិត និងរូបកាយ ការធានអាជីព និងមុខរបរ ការធានាកម្មសិទ្ធិ ជាមូលដ្ឋានជម្រុញឲ្យភាគីខ្មែរក្រហមចូលរួមក្នុងដំណើរសមាហរណកម្ម ដែលជាមាគ៌ារំលត់ភ្លើងសង្រ្គាមនៅកម្ពុជាដោយគ្មានការបង្ហូរឈាមផងដែរ។

ភ្ជាប់ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមការងារ ប្រចាំនៅវិមានឈ្នះ ឈ្នះ ដែលបានរៀបចំទទួលយ៉ាងល្អ ដោយដំណើរការកម្មវិធីទៅមុខដោយរលូន និងបានចែករំលែកនូវចំណេះដឹងជាប្រវត្តិសាស្ត្រនេះសល់គណប្រតិភូទាំងអស់ផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា៖ គណៈប្រតិភូជាក្រុមគ្រូពេទ្យ ដែលបានបំពេញបេសកកម្មក្នុងការការពារសុខុមាលភាពប្រជាជនប្រឆាំងនឹងវីរុសកូវីដ-១៩ និងសិក្សារៀនសូត្រអំពីផ្នែកវេជ្ជសាស្ត្រ ដូច្នេះការមកដល់ទីតាំងវិមានឈ្នះ ឈ្នះ គឺជាបទពិសោធន៍ និងការសិក្សាថ្មីមួយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រដែលកើតមាននៅក្នុងប្រទេសកម្ពុជា ពិសេសសិក្សាអំពីមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត និងយកចិត្តទុកដាក់ចំពោះប្រជាជនរបស់សម្ដេចតេជោ។

      ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ណឹម សុវត្ថិ បានបង្ហាញនូវខ្លឹមសារបន្ថែមមួយចំនួនអំពីស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ និងបានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណប្រតិភូ រួមមានអាវ មួក ម៉ាស វិមានឈ្នះ ឈ្នះ និងសៀវភៅវិមានឈ្នះ ឈ្នះ ដើម្បីជូនគណប្រតិភូសិក្សាស្វែងយល់បន្ថែមទៀត។ ឯកឧត្តម ណឹម សុវត្ថិ បញ្ជាក់បន្ថែមថា៖ ក្នុងពេលមានភាពធូរស្រាលការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យជាង១ ពាន់ នាក់នេះ មានឳកាសក្នុងការជួបជុំ និងបំពេញទស្សនកិច្ចសិក្សា ដោយដំណើរទស្សនកិច្ចនេះបានក្លាយជាគុណតម្លៃដ៏មានសារសំខាន់ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការឯកភាពជាតិពេញលេញ ដោយ នយោបាយឈ្នះ ឈ្នះ តាមរយៈតឹកតាងជាក់ស្ដែងនៅវិមានឈ្នះ ឈ្នះ ដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រ។

      សូមបញ្ជាក់ថា៖ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចពិជ័យសេនា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និងការដឹកនាំផ្ទាល់របស់ ឯកឧត្តម ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ- វិមានឈ្នះ ឈ្នះ បានក្លាយជាមជ្ឈមណ្ឌលសិក្សាដ៏មានសារសំខាន់សម្រាប់សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ របត់ដឹកនាំប្រទេសកម្ពុជា និងចាំបាច់អភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័នមួយចំនួនដើម្បីបញ្ជាក់បន្ថែមពីអត្ថន័យជាការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាយុវជនក្នុងការការពារសន្តិភាព និងបានបោះជំហានទៅកាន់ការកសាងស្ដូបឈ្នះ ឈ្នះ នៅតាមតំបន់ប្រវត្តិសាស្ត្រយោធា អោយក្លាយទៅជាបណ្ដាញ ប្រវត្តិសាស្ត្រដ៏សំខាន់ផ្សារភ្ជាប់ និងបំពេញបន្ថែមខ្លឹមសារឲ្យគ្នាទៅវិញទៅមក ដែលធ្វើឲ្យគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ កាន់តែត្រូវបានលើកកម្ពស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ