លោកស្រី ប៉ាទ្រីសា ឌីយ៉ា (Patricia Dias) នាយកស្តីទី ដែនគោក អាស៊ីអគ្នេយ៍ នៃក្រសួងការពារជាតិអូស្ត្រាលី បានមានប្រសាសន៍ថា អូស្ត្រាលីមិនខកចិត្តនោះទេក្នុងការផ្តល់ជំនួយមកដល់កម្ពុជា ពិសេសនៅលើការជួយបណ្តុះបណ្តាលផ្នែកភាសា ដែលរួមមាន៖ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា និងបណ្តាសាខាសាលានៅក្រសួងការពារជាតិ សាលានាយទាហានសកម្ម(ត្មាតពង) វិទ្យាស្ថានកងកម្លាំងរក្សាសន្តិភាព យោធភូមិភាគទី៥ និងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក(ជ្រោយចង្វា)ផងដែរ។
លោកស្រី Patricia Dias បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធាអូស្រ្តាលី អញ្ជើញទស្សនកិច្ចនៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា នៃសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ) នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ដែលអមដោយ លោកអនុសេនីយ៍ឯក Bernard York អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោកវរសេនីយ៍ត្រី Mark Hughes មន្ត្រីអប់រំកិច្ចសហប្រតិបត្តិការការពារជាតិអូស្ត្រាលី សម្រាប់ប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា។ លោកស្រី Patricia Dias បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមាហវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា ដែលបានរៀបចំ ទុកដាក់ ថែរក្សា និងការប្រើប្រាស់រាល់ជំនួយរបស់អូស្ត្រាលីបានយ៉ាងល្អប្រសើរ។ ក្នុងនោះលោកស្រី មានសេចក្តីសប្បាយរីករាយចំពោះការវិវឌ្ឍន៍រីកចម្រើន និងការខិតខំសិក្សារៀនសូត្ររបស់និស្សិត ខ.ភ.ម ហើយកម្មវិធីសិក្សារបស់មហាវិទ្យាល័យអាទទួលយកបាន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជានាយក មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា បានមានប្រសាសន៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា បានរៀបចំកម្មវិធីលើកទឹកចិត្តជាច្រើនដើម្បីលើកកម្ពស់ការសិក្សារបស់សិស្ស និងលើកកម្ពស់សមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ ក្នុងចំណោមកម្មវិធីលើកទឹកចិត្តជាច្រើននោះ គឺដើម្បីកែលម្អរអក្ខរកម្ម អក្ខរាវិរុទ្ធរបស់សិស្ស កម្រិតវាក្យសព្ទដ៏ធំទូលាយ បង្កើតយុទ្ធសាស្ត្រនៃការយល់ដឹងនិងការសិក្សា។ ថ្មីៗនេះ មហាវិទ្យាល័យបានរៀបចំកម្មនេះ ហើយបានរកឃើញអ្នកឈ្នះចំនួន ៣នាក់ ដែលសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនៅក្នុងការប្រកួត។ ក្នុងនាមនាយឧត្តមសេនីយ៍បណ្ឌិត ជា តារា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ មហាវិទ្យាល័យភាសា, ឯកឧត្តម ដោក សុផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងការពារជាតិអូស្ត្រាលី ហើយបានថ្លែងនូវការកោតសរសើរចំពោះភាពជាដៃគូប្រកបដោយនិរន្តរភាព និងការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី និងកងកម្លាំងការពារជាតិអូស្ត្រាលី ក្នុងការឆ្ពោះទៅរកការបណ្តុះបណ្តាលភាសាអង់គ្លេស និងអភិវឌ្ឍន៍ជំនាញកាន់តែទូលំទូលាយ ដែលបានបន្តអស់រយៈពេលជាង២៩ឆ្នាំកន្លងមកនេះ។ ឯកឧត្តម ដោក សុផា បានបញ្ជាក់ថា ដោយមានការគាំទ្រពីកងកម្លាំងការពារជាតិអូស្ត្រាលី ខ.ភ.ម ជាច្រើនរូបត្រូវបានផ្តល់ឱកាសឲ្យទទួលបានអប់រំ និងបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី ហើយការគាំទ្របែបនេះបានបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងអូស្ត្រាលី នាពេលបច្ចុប្បន្ន និងទៅអនាគត់។
សូមរំលឹកថា៖ គិតចាប់ពីចុងឆ្នាំ១៩៩៤មក មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា គឺជាមហាវិទ្យាល័យមួយ ក្នុងចំណោមមហាវិទ្យាល័យទាំង៥ ដែលចំណុះសាកលវិទ្យាល័យការពារជាតិ បានចូលរួមយ៉ាងសកម្មលើការបណ្តុះបណ្តាលក្នុងផ្នែកភាសបរទេសមាន៖ ភាសាអង់គ្លេស បារាំង និងកូរ៉េ ដល់ជួរ ខ.ភ.ម និងបណ្តុះបណ្តាលបង្រៀនអក្សរសាស្ត្រខ្មែរថ្នាក់បរិញ្ញាបត្រដល់និស្សិតយោធាបរទេសផងដែរ។ បច្ចុប្បន្ន មហាវិទ្យាល័យនេះ មានគ្រូយោធាចារ្យខ្មែរ ២៣នាក់ និងគ្រូភាសាបរទេស មានចំនួន ៦នាក់។ ក្នុងឆ្នាំសិក្សា២០២២នេះ បាននិងកំពុងបណ្តុះបណ្តាលភាសាអង់គ្លេសជំនាន់ទី២៥ មាន៧ថ្នាក់ មានសិស្ស ខ.ភ.ម ចូលរួមសិក្សាជាង ៣០០នាក់, ភាសាបារាំង ២ថ្នាក់ មានសិស្សចំនួន ៣៨នាក់ និងភាសាកូរ៉េ ២ថ្នាក់ មានសិស្សចំនួន ២៨នាក់ ព្រមទាំងបានបង្រៀនអក្សរសាស្ត្រខ្មែរដល់និស្សិតបរទេស មានចំនួន ៨៤នាក់ មកពីប្រទេសវៀតណាម ចិន ឡាវ ថៃ និងមីយ៉ាន់ម៉ា ៕