ក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ បានធ្វើការប្រជុំពិនិត្យលើសេចក្តីព្រាងក្រម ស្ដីពីបទល្មើសយោធា និងនីតិវិធីបទល្មើសយោធា និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំតុលាការយោធា នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ នៅសាលប្រជុំក្រសួងការពារជាតិ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោម អធិបតីភាព លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុម ការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ ។
សេចក្តីព្រាងក្រម ស្ដីពីបទល្មើសយោធា និងនីតិវិធីបទល្មើសយោធាគឺ “ ជាបទល្មើសដែលប្រព្រឹត្ត ដោយ យោធិននៅក្នុងជួរកងទ័ព ហើយដែលពាក់ព័ន្ធទៅនឹងវិន័យកងទ័ព ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិ របស់កង កម្លាំងប្រដាប់អាវុធ ។ក្នុងករណីយោធិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌសាមញ្ញ ត្រូវតុលាការ ខេត្ត ក្រុង ជំនុំជ ម្រះ។ នីតិវិធីរបស់តុលាការយោធា ដូចគ្នានឹងនីតិវិធីរបស់តុលាការខេត្ត ក្រុងដែរ។ ការកំណត់និយមន័យ បទល្មើសយោធាតិចតួច ខ្លី បានធ្វើឱ្យតុលាការយោធាមានសមត្ថកិច្ចមិនទូលំ ទូលាយក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ កន្លងមកទោះបីជាយើងមានក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអាចយកមកប្រើប្រាស់ក្នុង គ្រប់កាលៈទេសៈ និងគ្រប់ទិដ្ឋភាពបទល្មើស ទាំងអស់ ទាំងស៊ីវិល និងយោធា ក៏ប៉ុន្តែនៅមានចំណុច ចន្លោះប្រហោង មិនលម្អិតចំពោះបទល្មើស ជា លក្ខណៈពិសេសដោយឡែក សម្រាប់អនុវត្តទៅលើយោធិនដែលមិនបានប្រព្រឹត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទវិន័យ បេសកកម្ម និងគ្រប់គ្រងការថែទាំគ្រឿង បំពាក់យុទ្ធោបករណ៍។ ក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធ តុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល ថ្ងៃទី១០ កញ្ញា ឆ្នាំ១៩៩២ ត្រង់មាត្រា១១ ចែងថា “តុលាការយោធាទទួលជំនុំជម្រះតែបទល្មើសយោធា ទេ។ បទល្មើសយោធា គឺជាបទល្មើសដែលទាក់ទិនដល់យោធិន ទាំងយោធាជាប់កិច្ចសន្យា ទាំង យោធិនកំណែន ហើយដែលពាក់ព័ន្ធបទវិន័យយោធា ឬការខូចខាតទ្រព្យសម្បត្តិយោធា។ បទឧក្រិដ្ឋ ឬ បទល្មើសនឹងច្បាប់សាមញ្ញដែលប្រព្រឹត្តដោយយោធិន នឹងត្រូវ ទទួលការជំនុំជម្រះនៅតុលាការស៊ីវិល ហើយម៉្យាងទៀតជាទូទៅគ្រប់ប្រទេស គេតែងមានចែងអំពីក្រុម បទល្មើសយោធា ទោះបីជាប្រទេស នោះមានប្រព័ន្ធតុលាការបែបណាក៏ដោយ។ នាយកដ្ឋាននីតិកម្មបាន សរសេររៀបរៀង ដកស្រង់ដោយ ឡែកនូវសេចក្តីព្រាងក្រមបទល្មើសយោធា ដើម្បីសុំការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ធ្វើការជាមួយមន្ត្រីជំនាញក្រសួងយុត្តិធម៌ដើម្បីពិនិត្យមើល ទម្រង់និងខ្លឹមសារ ការផ្ដន្ទាទោស ទាំងឡាយឱ្យបានសមស្រប។
បទល្មើសយោធាគឺជាបទល្មើសដែលទាក់ទិនដល់យោធិន ហើយដែលពាក់ព័ន្ធដល់បទវិន័យ យោធា ការខូចខាតទ្រព្យសម្បត្តិយោធា ការធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់យោធា បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍យោធា កម្មសិទ្ធបញ្ញាក្នុងវិស័យការពារជាតិ និងការធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃកង យោធពលខេមរភូមិន្ទ ៕