ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២ និងប្រគល់ប័ណ្ណ សរសើរ លិខិតសរសើរ ជូនដល់អង្គភាព និងបុគ្គលក្នុងការចូលរួម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់យោធភូមិភាគទី៤ ។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំទិសយោធភូមិភាគទី៤ និង ឧត្តមសេនីយ៍ឯក សេង សារឺ មេបញ្ជាការរងកងទ័ពជើងគោក ប្រចាំទីបញ្ជាការមុខទិសយោធភូមិភាគទី៤ រួមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមអស់លោក មេបញ្ជាការរង មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការកងពលតូច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង នាយការិយាល័យ និងអង្គភាពចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤។
ថ្លែងក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផលល្អ និងសមិទ្ធផល គឺកើតចេញពីការរួមគ្នារបស់យោធិនយើងដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចដែលរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន។
ឯកឧត្តមបានបញ្ជាក់ថា៖ ក្រៅពីការងារយោធារក្សាសុខសុវត្តិភាព នៅក្នុងតំបន់ ទទួលខុសត្រូវជាពិសេសនៅតាមខ្សែរបន្ទាត់ព្រំដែន របស់ទិសយោធភូមិភាគទី៤ យោធភូមិភាគទី៤ បានចូលរួមសហការណ៍បានល្អនៅក្នុងការចូលរួមក្នុងយុទ្ធនារការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ហើយបានសហការការពារ ក្នុងយុទ្ធនារការ បោះឆ្នោតឃុំសង្កាត់កន្លងទៅទទួលបានជោគជ័យ និងសម្រេចបានយ៉ាងល្អនូវការងារជាច្រើនដូចជា ការងារប្រជុំកិច្ចការព្រំដែន RBC កម្ពុជា-ថៃ ការងារប្រុងប្រៀបជួយសង្គ្រោះគ្រោះមហន្តរាយ ការងារប្រវត្តិសាស្ត្រយោធា និងការងារកសាងប្រៀបការពារជាតិជាដើម។ ឆ្លងតាមរយៈលទ្ធផលការងារដែលសម្រាច់បានកន្លងមកនៅក្នុងឆមាសទី១ រួចរាល់ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារថ្មីមួយចំនួនសម្រាប់អនុវត្តបន្តនៅក្នុង ឆមាសទី២ ឆ្នាំ២០២២។
ឯកឧត្តមបាន ជំរុញអោយ គ្រប់អង្គភាព ចំណុះយោធភូមិភាគទី ៤ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព និងមិនអោយមានការប្រើប្រាសគ្រឿងញៀននៅក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងអង្គភាពយោធភូមិភាគទី៤ ជាដាច់ខាត។ ឯកឧត្តម បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីជាពេលអនាគត់ ៕