ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ នាយ​ឧត្តម​សេនីយ៍ ​ហ្ស៊ី ​ឈីឡាំ​ង អនុ​ប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈឹម​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
296
2927 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ នាយ​ឧត្តម​សេនីយ៍ ​ហ្ស៊ី ​ឈីឡាំ​ង អនុ​ប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈឹម​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

        ក្នុង​ឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ ​និង​មិត្ត​ភាព​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ​ថ្ងៃទី​១៥​ ខែ​សីហា​ ឆ្នាំ​២០២២ ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​ដឹក​នាំ​ដោយ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ នាយ​ឧត្តម​សេនីយ៍ ​ហ្ស៊ី ឈីឡាំង អនុ​ប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈឹម​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅទី​ក្រុង​ក្វាង​ចូវ​ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។

         នៅ​ក្នុង​ជំនួប​នោះ ​នាយ​ឧត្តម​សេនីយ៍​ ហ្ស៊ី ឈីឡាំង បា​ន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ខ.ភ.ម នៅ​ប្រទេស​ចិន​លើក​នេះ​ ជា​ព្រឹត្តិការ​ប្រវត្តិ​សាស្ត្រ​ រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា ​ចិន​។ នាយឧត្តម​សេនីយ៍ ​ហ្ស៊ី ឈីឡាំង បាន​បញ្ជាក់​ទៀត​ថា៖​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​កម្ពុជា ​ចិន​ មាន​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ ហើយ​រក្សា​បាន​ជា​ប្រវត្តិ​សាស្ត្រ​ និង​ទំនាក់​ទំនង​ល្អ​ រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់​ថា៖ ​ចំពោះ​មុន​នឹង​ស្ថាន​ភាព​ប្រែ​ប្រួល​ឥត​ឈប់​ឈរ​ នៃ​សកល​លោក​ កង​ទ័ព​ចិន​ប្រកាន់​ខ្ជាប់​នូវ​គំនិត​ផ្តួច​ផ្តើម​សន្តិសុខ​សកល ​និង​គំនិត​ផ្តួច​ផ្តើម​ការ​អភិវឌ្ឍ​សកល ​រួម​គ្នា​ជា​មួយ​នឹង​ភាគី​កម្ពុជា​ខិត​ខំ​ប្រឹង​ប្រែ​អនុវត្ត​ឲ្យ​បាន​ម៉ឹង​មាត់​តាម​កូ​សង់​ស៊ី​សំខាន់ៗ​ ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ រួម​គ្នា​កសាង​ស្នូល​នៃ​សហគមន៍​រួម ​វាសនា​កម្ពុជា​ ចិន​ ពង្រឹង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែជិ​តស្និត​ ស៊ី​ជម្រៅ​លើ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ រួម​គ្នា​ថែ​រក្សា​ស្ថេរភាព​តំបន់​ និង​ការ​ពារ​នូវ​ផល​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​ រួម​គ្នា​បើក​ទំព័រ​ប្រវត្តិ​សាស្រ្ត​ថ្មី​ នៃ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​កម្រិត​ខ្ពស់​ នៃ​កង​ទ័ព​ទាំង​ពីរ​ក្នុង​យុគ្គ​សម័យ​ថ្មី​។​

         មាន​មតិ​ឆ្លើយ​តប​វិញ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ បាន​មាន​ប្រសាសន៍​ថា៖ ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ​ទោះ​បី​ស្ថាន​ភាព​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​-​១៩​ ជា​សកល​ ធ្វើឱ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​មិនបាន​ជួប​គ្នា​ដោយ​ផ្ទាល់​ក្តី​ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ទាំង​ពី​ បាន​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ដើម្បី​សាក​សួរសុខ​ទុក្ខគ្នា​ទៅ​វិញ​ទៅ​មក​។ កាយ​វិការ​ដ៏​ថ្លៃថ្លា​នេះ ​បាន​បញ្ជាក់​ឱ្យឃើញ​កាន់​តែ​ច្បាស់​ នូវ​ចំណង​មិត្ត​ភាព​ សាមគ្គី​ភាព ​មនោ​សញ្ចេតនា ​និង​ការ​គោរព​រាប់​អាន​ដ៏​ស្មោះ​របស់​កង​ទ័ព​ និង​ប្រជាជន​ចិន​ ជូន​ចំពោះ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា​ ក្នុង​ស្មារតី​លើក ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ ពីរ​ ដែល​ជា​មិត្ត​ដែក​ថែប​ ស្ថិត​ស្ថេរ​រឹង​មាំជា​អមតៈ ​មិន​អាច​បំ​បែក​បាន​ឡើយ។​ សម្ដេច​ពិជ័យ​សេ​នា បាន​បញ្ជាក់​ថា៖​ បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នេះ​ទៅ ​កង​ទ័ព​ទាំង​ពី​រ​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​សំដៅ ជំ​រុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្ដែង​លើ​គ្រប់​វិស័យ​ ដូច​ជា​ យន្ត​ការ​ទំនាក់​ទំនង​ ​លំហាត់​សម​យុទ្ធ​រួម​គ្នា ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​និង​វិស័យ​យុទ្ធ​សាស្ត្រ​សុខាភិបាល​កាន់​តែ​រីក​ចម្រើន​ និង​ស៊ី​ជម្រៅ​ថែម​មួយ​កម្រិត​ទៀត ​រួម​ចំ​ណែក​ក្នុង​ការ​កសាង​សហគមន៍​រួម​ វាសនា​កម្ពុជា​ ចិន ​ឱ្យ​កាន់​តែ​ជិត​ ស្និទ្ធ​ក្នុ​ងយុគ​សម័យ​ថ្មី​នេះ​។

​        សម្ដេច​ពិជ័យ​សេនា​ បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​រដ្ឋា​ភិបាល ​កង​ទ័ព​ និង​ប្រជាជន​ចិន​ ដែល​ជា​និច្ច​កាល​តែង​តែ​ជួយ​ឧបត្ថម្ភ​ ​គាំ​ទ្រ​ ដល់​រាជ​រដ្ឋភិបាល ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា​ បាន​ទាន់​ពេល​វេលា​ តាម​សំណូម​ពរ​ចាំ​បាច់​ បាន​លើក​កម្ព​ស់ចំណង ​សាមគ្គី​ភាព​ជា​បង​ប្អូន ​និង​ភាព​ជា​ដៃគូ​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​រវាង​កង​ទ័ព​ប្រទេស ​ទាំង​ពីរ​កម្ពុជា​ ចិន​។​ តាម​រយៈ​ដំណើរ​ទស្សន​កិច្ច ​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ប្រទេស​ចិន​ បាន​នាំ​មក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ជូន​ប្រទេស​ជាតិ​ និង​បាន​ពង្រឹង​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ក្រោ​យ​វិបត្តិ​ជំងឺ​កូវីដ​-​១៩ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ