នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តគម្រោងបច្ចេកវិទ្យា ព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: អេហ្វ អឹម អាយ អេស (FMIS) ដែលពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងជំនាញហិរញ្ញវត្ថុកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ ដោយផ្អែកលើការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តគម្រោងបច្ចេកវិទ្យា តាមប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណ: អេហ្វ.អឹម.អាយ.អេស (FMIS) ក្រុមការងារជំនាញហិរញ្ញវត្ថុ របស់កងយោធពលខេមរភូមិ្ទ បានរៀបចំរបៀបរបបការងារ គ្រប់គ្រងការបើកចែក និងការទូរទាត់សាច់ប្រាក់ ដើម្បីបើកបៀវត្សន៍ ជូនដល់កងយោធពលខេមរភូមិន្ទ ប្រាក់សោធននិវត្តន៍ ប្រាក់គោលនយោបាយសម្រាប់យោធិនពលី ពិការ និងយោធិនបាត់បង់សមត្ថភាពពលកម្ម តាមបច្ចេកវិទ្យា នៃប្រព័ន្ធព័ត៌មានវិទ្យា អេហ្វ.អឹម.អាយ.អេស.(FMIS) តាមការកំណត់នៃសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដើម្បីជំរុញការងារធ្វើកំណែទម្រង់ការគ្រប់គ្រង និងការអនុវត្តន៍ការបើកផ្តល់ថវិកា បៀវត្សន៍ ជូនដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និងការបើកផ្តល់ប្រាក់គោលនយោបាយ ជូនដល់យោធិនពលី.មរណ: និងពិការ តាមប្រព័ន្ធ អេហ្វ អឹម អាយ អេស (FMIS) ឲ្យបានទាន់ពេលវេលានោះ សាមីអង្គភាពកងយោធពលខេមរភូមិន្ទ ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់ព័ត៌មាន និងរៀបចំបែបបទសំណុំឯកសារ នៃការគ្រប់គ្រងទិន្នន័យទៅតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ឱ្យស្របតាមបែបផែននៃទំនើបកម្មនាសម័យបច្ចុប្បន្ន ហ្នឹងទៅអនាគត។ ឯកឧត្តម បានមានប្រសាសន៍ទៀតថា៖ កន្លងមកនេះក្រុមការងារ ជំនាញហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ បានធ្វើការងារ និងបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យបូកសរុបការងារ ការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទជារៀងរាល់ឆ្នាំ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមអ្វីដែលយើងធ្លាប់បានធ្វើតាមបែបបទជាលក្ខណៈឯកសារទូទាត់កាន់ផ្ទាល់ដៃ សរសេរដោយដៃ ឬវាយកុំព្យូទ័រ ដើម្បីរាយការណ៍ដោយផ្ទាល់ទៅកាន់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ។ ប៉ុន្តែបច្ចុប្បន្ននេះ សម័យទំនើបកម្ម ដែលទាមទារឱ្យសាមីស្ថាប័នអង្គភាពរដ្ឋទាំងអស់ រៀបចំបែបបទ លិខិតបទដ្ឋាននានា ទៅតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដែលទាន់សម័យបច្ចុប្បន្ននេះ។ ដើម្បីមានលក្ខណៈកាន់តែងាយស្រួល សម្រាប់ការបើកផ្ដល់ថវិកា បៀវត្សន៍ ជូនដល់កងយោធពលខេមរភូមិន្ទ បានទាន់ពេលវេលា និងឆាប់រហ័ស ឯកឧត្តម ម៉ឹង សំផន ក៏បានស្នើដល់គ្រប់ជំនាញពាក់ព័ន្ធទាំងអស់ ចាប់តាំងពីថ្នាក់ក្រសួង. អង្គភាពកងទ័ពទាំងបីប្រភេទ .គ្រប់បណ្ដាយោធភូមិភាគ .កងពលតូច .កងពលធំ និងបណ្ដាកងឯកភាពចំណុះកងយោធពលខេមរភូមិន្ទ និងទ័ពជំនាញទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសត្រូវយកចិត្តទុកដាក់ រក្សាឲ្យបានភាពចាំបាច់លាក់ការកងទ័ព ទាំងប្រភេទទ័ពសកម្ម ទ័ពបម្រុង ទ័ពប្រភេទ ១ ប្រភេទ ២។
ឯកឧត្តម ម៉ឹង សំផន ក៏បានរំលឹកដល់បណ្ដាកងឯកភាពទាំងអស់ទូទាំងកងយោធពលខេមរភូមិន្ទ ឱ្យយកចិត្តទុកដាក់ចាត់បញ្ជូននាយទាហានជំនាញហិរញ្ញវត្ថុរបស់ខ្លួន ទៅសិក្សាផ្នែកបច្ចេកវិទ្យាជំនាញ តាមប្រព័ន្ធព័ត៌មានវិទ្យា តាមការផ្តល់ឲ្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក៏ចាប់បញ្ជូននាយទាហានរបស់ខ្លួនឲ្យទៅសិក្សាបន្ថែម នៅជំនាញព័ត៌មានវិទ្យា FMIS នេះនៅតាមសាលា ឬគ្រឹះស្ថានសិក្សា ដែលមាននៅក្នុងប្រទេស ដើម្បីបង្កើនចំណេះដឹងលើវិស័យបច្ចេកវិទ្យា និងព័ត៌មានវិជ្ជា ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់កងយោធពលខេមរភូមិន្ទ ឲ្យទាន់នឹងសម័យទំនើបកម្មនាពេលបច្ចុប្បន្ននេះ នឹងទៅអនាគត ៕