នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានបើកវគ្គបណ្តុះបណ្តាលថ្នាក់មធ្យមឋានលេខា និងសនាធិការផែនទី ជំនាន់ទី១ ឆ្នាំ២០២២ ដល់សិក្ខាកាម មកពីបណ្តាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក មុំ សោភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងសុន្ទរកថា ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក នាយកដ្ឋានភូមិសាស្ត្រ បានឲ្យដឹងថា៖ កាលពីឆ្នាំ២០១៩ កន្លងមក នាយកដ្ឋានភូមិសាស្ត្រ បានប្រែក្លាយពីវគ្គបំប៉នរយៈពេល៣ខែ ទៅជាវគ្គបណ្តុះបណ្តាលថ្នាក់បឋម រយៈពេល៩ខែ ហើយវគ្គនេះត្រូវបានពង្រីកប្រែក្លាយទៅជាវគ្គបណ្តុះបណ្តាលកម្រិតមធ្យមឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១ សំដៅអភិវឌ្ឍន៍ធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ។ ឆ្លើយតបលើកកម្ពស់សមត្ថភាព នាយទាហានលើវិស័យជំនាញភូមិសាស្ត្រ និងបច្ចេកទេសផែនទីឱ្យបានល្អ និងយល់ក្នុងការប្រើប្រាស់ផែនទី។ ហើយចេះបច្ចេកទេសធ្វើព្រំដែនជាមួយប្រទេសជិតខាង ដើម្បីចូលរួមក្នុងកម្មវិធីកែទម្រង់កងយោធពលខេមរភូមិន្ទ របស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង វគ្គមធ្យមជំនាន់ទី១នេះ មានរយៈពេល១៨ខែ ដែលមានសិក្ខាកាមរួមចំនួន ៧០រូប ដោយបានជ្រើសរើសពីគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ជាពិសេសកងឯកភាព បម្រើការងារប្រយុទ្ធ។
ឧត្តមសេនីយ៍ឯក មុំ សោភ័ណ្ឌ បានថ្លែងថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលមធ្យមឋានលេខា និងសេនាធិការផែនទីនៅពេលនេះ គឺជាការចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់កងយោធពលខេមរភូមិន្ទ អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម សំដៅពង្រីកពង្រឹងកងយោធពលខេមរភូមិន្ទមួយ មានគុណភាពខ្ពស់ សមត្ថភាពគ្រប់គ្រាន់សក្តិសមជាកងទ័ពអាជីពពិតប្រាកដបំរើបានល្អភារកិច្ចការពារមាតុភូមិ និងការអភិវឌ្ឍន៍ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។
ឯកឧត្តម បានលើកឡើងថា៖ កន្លងទៅថ្មីៗនេះ វិបត្តិជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងបន្តរីករាលដាល ឆ្លងបណ្តាប្រទេសនានា នៅលើពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត និងដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់ បានធ្វើឱ្យស្ថានភាពជំងឺកាចសាហាវនេះ មានភាពធូស្រាលរហូតបច្ចុប្បន្ននេះ និងបានសម្រេចបើកជាប្រក្រតីភាពប្រទេសឡើងវិញលើគ្រប់វិស័យ ដោយរស់នៅក្នុងបរិបទថ្មីនៃជំងឺកូវីដ-១៩ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ៣កុំ និង៣ការពារ។ តាងនាមសម្តេចពិជ័យសេនា ទៀ បាញ់, ឧត្តមសេនីយ៍ឯក មុំ សោភ័ណ្ឌ បានសំដែងនូវក្តីរីករាយចំពោះនាយទាហាន នាយទាហានរង ពលទាហាន ក្នុងនាយកដ្ឋានភូមិសាស្ត្រ ដែលបានពុះពារ ខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅពង្រីកវិស័យឯកទេសវិទ្យាសាស្ត្រមួយមានប្រសិទ្ធិភាពខ្ពស់ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធិភាព ដែលបានអនុវត្តយ៉ាងត្រឹមត្រូវតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន ក្នុងការចាត់តាំង បើកវគ្គហ្វឹកហ្វឺន បំប៉នវគ្គបណ្តុះបណ្តាលមធ្យមឋានលេខា ជំនាញភូមិសាស្ត្រ និងសេនាធិការផែនទី ពិសេសបានបណ្តុះបណ្តាល វគ្គបឋមឋានលេខា និងសេនាធិការផែនទី ទៅជាវគ្គបណ្តុះបណ្តាលមធ្យមឋានលេខា និងសេនាធិការផែនទី ជំនាន់ទី១ នាពេលនេះ ៕