នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ស្មារតីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង អំពីសមទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤៤ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជំនះ៧មករា បានកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។ ទោះបីប្រទេសជាតិជួបនូវវិបត្តិជម្ងឺកូវិដ-១៩ក៏ដោយ ចំពោះកិច្ចអភិវឌ្ឍន៍ប្រទេស នៅតែបន្ត ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាជនក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទោះបីរយៈពេល ៤៤ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក។ សម្តេចពិជ័យសេនា បានបន្តថា៖ រយៈពេល ៤៤ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និងបានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ថ្វីបើយើងបានកំពុងរស់នៅយ៉ាងសុខសាន្ត និងមានមោទនៈភាពចំពោះសមទ្ធិផលលើគ្រប់វិស័យ ដែលយើងសម្រេចបានមកដល់ពេលនេះក្តី ក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ ខ្លោចផ្សាពីអតីតកាល ដែលធ្វើឲ្យប្រជាជាតិ យើងស្ទើរតែត្រូវវិនាសសូន្យ។ ស្មារតីជ័យជម្នះ៧មករា ១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាន នៃការគួបផំ្សយ៉ាងស្អិតរមួត រវាងកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះត្រូវបន្តទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ហើយត្រូវបានចាត់ទុកជានិច្ចក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ ព្រមទាំងបានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានគាំទ្រ គណបក្សប្រជាជនរយៈពេល៤៤ឆ្នាំមកនេះ។ សម្តេចពិជ័យសេនា ប្រកាសថា៖ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្តថែមទៀត ៕