ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ មានកិច្ចប្រជុំបូកសរុបរបាយការណ៏ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។ កិច្ចប្រជុំបាន ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានសមាសភាពចូលរួមក្នុងឱកាសនោះមាន នាយទាហាន ជាន់ខ្ពស់មកពីអគ្គបញ្ជាការ, បញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងកងរាជអាវុធហត្ថផងដែរ។
បើតាមរបាយការណ៏បានឲ្យដឹងថា៖ បណ្តាកងឯកភាពទូទាំង ខ.ភ.ម បានខិតខំប្រឹងប្រែង អនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធ្វើការអប់រំផ្សព្វផ្សាយ ការព្យាបាល ស្តារ នីតិសម្បទា សមាហរណកម្ម និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍន៍សង្គម។ ក្នុងមួយឆ្នាំ២០២២ លទ្ធផល បង្ក្រាប បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៦១៩លើក ឃាត់ខ្លួន ជនសង្ស័យបានចំនួន ១,៥៣៤នាក់ (ជនបរទេស២៨នាក់) ក្នុងនោះស្រី១៦១នាក់ ចាប់យកសម្ភារៈ និងវត្ថុតាំង បានមួយចំនួន។
ឆ្នាំ២០២២ដដែល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បណ្តាអង្គភាពចំណុះ និងកងរាជអាវុធហត្ថ បានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីបញ្ហាគ្រឿងញៀនសរុប បានចំនួន ៤ពាន់៨៧០លើក អ្នកចូលរួមសរុប ៣៤៩ ពាន់ ៣០៤នាក់ ស្ត្រី ១០ពាន់ ៤៥០នាក់។ ក្នុងរបាយការណ៏បានឲ្យដឹងបន្តទៀតថា៖ ក្រសួងការពារជាតិ ក៏បាន បញ្ជូនជនរងគ្រោះដោយថ្នាំញៀន ទៅទទួលការព្យាបាល ស្តារនីតិសម្បទា សមាហរណកម្ម នៅកងពលតូច ថ្មើរ ជើងលេខ ៣១ ចំណុះយោធភូមិភាគទី៣ សរុបចំនួន ២,២៨៦នាក់ ក្នុងនោះស្ត្រី ៦២នាក់ បានជាសះស្បើយ វិលចូលសង្គមវិញចំនួន២,០៨៩នាក់ ស្ត្រី ៥៦នាក់ និងបន្តស្នាក់នៅព្យាបាលចំនួន ១៩៧នាក់ ស្ត្រី០៦នាក់។
លទ្ធផលទទួលបានខាងលើ គឺដោយសារបណ្តាកងឯកភាពទូទាំងកងទ័ព មានការទទួលខុសត្រូវខ្ពស់ លើតួនាទី ភារកិច្ច តាមឋានានុក្រម ព្រមទាំងពង្រឹងគុណភាពការងារ និងបង្កើនសមត្ថភាព អនុវត្ត ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ដោយសកម្ម ប្រកបដោយនិរន្តរភាព លើការងារអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់ នាយទាហាន នាយទាហានរង និងពលទាហានតាមស្ថាប័ន និងអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងចូលរួមបង្ក្រាបការប្រើប្រាស់ ការចរាចរណ៍ ការជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងតាមកងឯកភាពនីមួយៗ បានរៀបចំផែនការអនុវត្ត ក្នុងអង្គភាព របស់ខ្លួនជាប្រចាំ ទាំងការអប់រំ ផ្សព្វផ្សាយ ទាំងការបង្ក្រាប និងការធ្វើតេស្តរកសារធាតុញៀន ទទួលបាននូវលទ្ធផលល្អប្រសើរ ៕