នាយទាហាន នាយទាហានរង និងពលទាហាន ថ្មីបំពេញក្របខណ្ឌ ដែលមានស្នាដៃ ក្នុងការបំពេញការងារ បំរើជាតិ ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ចំនួនជាង ៦០០ នាក់ ត្រូវបានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ដល់កិត្តិយសតម្លើង និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ និងថ្នាក់ពលបាល ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លង កាលរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣នេះនៅឯបញ្ជាការដ្ឋានកាំភ្លើងធំ ក្រោមវត្តមាន នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។
ក្នុងអនុក្រឹត្យ និងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលអានដោយ លោកវរសេនីយ៍ទោ ឡេង គឹមហៃ តំណាងការិយាល័យបុគ្គលិក នៃបញ្ជាការដ្ឋានកាំភ្លើងធំ បានសម្រេចតម្លើងឋានន្តរសក្តិ ជូនដល់នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការចំនួនជាង ៦០០រូប ដែលក្នុងនោះរួមមាននាយទាហាន ថ្នាក់វរសេនីយ៍ឯក, វរសេនីយ៍ទោ, ថ្នាក់វរសេនីយ៍ត្រី និងថ្នាក់ពលបាលត្រី ជូនដល់ពលទាហានថ្មីបំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋានកាំភ្លើងធំ។
ថ្លែងក្នុងពិធីបំពាក់ឋានន្តរសក្តិ ឯកឧត្តម ណុប រតនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចសហការ រួបរួមសាមគ្គីគ្នាល្អ រវាងថ្នាក់ដឹកនាំ នឹងនាយទាហាន ពលទាហាន ទាំងអស់ក្នុងបញ្ជាការដ្ឋានភ្លើងធំ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ នៃយើងនាពេលកន្លងមក។ ឯកឧត្តម បានបញ្ជាក់ថា៖ តាមរយៈនៃការខិតខំបំពេញការងារ និងការហាត់ពត់លត់ដំខ្លួន ហ្វឹកហ្វឺននៅក្បួនច្បាប់យោធា,ជំនាញបច្ចេកទេសយោធា,ពិសេសជំនាញឯកទេសប្រើប្រាស់កាំភ្លើងធំ របស់ ពលទាហានថ្មី បំពេញក្របខណ្ឌនាពេលនេះ គឺជាមោទនភាពរបស់ជាតិ ដែលមានយោធិនជំនាញបន្ថែមទៀត មានវ័យក្មេង សម្រាប់បន្តវេនបម្រើឲ្យភារកិច្ចការពារជាតិ និងប្រជាជន ពីព្រោះថា កងទ័ពគឺជាធនធានមនុស្ស ដែលប្រកបដោយ មនសិកា ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្តេជ្ញាចិត្ត ប្ដូរផ្ដាច់ ការពារបូរណៈភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹងការត្រៀមខ្លួន លះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យបណ្ឌិត ណុប រតនា ក៏បានបញ្ជាក់ច្បាស់ៗ ជូននាយ និងពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំថា ជាជំហានថ្មីមួយទៀតនៃចក្ខុវិស័យ គោលនយោបាយការពារជាតិ គឺការកំណត់យកទិសដៅនៃការធ្វើទំនើបកម្មក្នុងកងទ័ព ហើយដំណើរការនៃទំនើបកម្មនេះ ក្លាយទៅជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត នៃកិច្ចការកែទម្រង់កងទ័ព ដែលបាននឹងកំពុងអនុវត្តដោយសម្រេចបាននៅសមិទ្ធផលជាច្រើនរួចមកហើយ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ នាយ ពលទាហានថ្មី បំពេញក្របខណ្ឌឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវ ដុសខាត់ចំណេះដឹង ជំនាញ ឲ្យបានជាប់ជាប្រចាំ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទាំងក្នុងពេលចំពោះមុខ និងតទៅអនាគត។ ឯកឧត្តម បានលើកឡើងថា ក្រោមម្លប់សន្តិភាព បានមកដោយសារនយោបាយឈ្នះឈ្នះ សម្ដេចតេជោ ហ៊ុន សែន ប្រទេសយើងមាន សន្តិភាព ការឯកភាពជាតិ ពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវបានទទួលការផ្ដល់ទំនុកចិត្ត បំពាក់ជូននូវឋានន្តរសក្តិ នៅពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ ឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានជំនាញកាំភ្លើងធំប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ចុះ ៕