នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម ជារដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម អស់លោកជារដ្ឋលេខាធិការក្រសួងពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល អគ្គនាយក ស្ថាប័នជំនាញពាក់ព័ន្ធ នឹងវិស្វករអ្នកជំនាញបច្ចេកទេសសំណង់ តំណាងមកពីសាមីស្ថាប័ន ក្រសួងដែនដី នគររូបនីកម្ម និងសំណង់ ជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អាគារអគ្គបញ្ជាការដ្ឋានថ្មី នៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ បឹងតាមោក "បឹងកប់ស្រូវ" សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នក្រុមវិស្វករជំនាញឯកទេសសាងសង់កំពុងធ្វើសកម្មភាពយ៉ាងមមាញឹកនៅទីនោះ។
តាមសេចក្តីរាយការណ៍របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងកិច្ចប្រជុំពិភាក្សាឆ្លងការងាររៀបចំប្លង់មេ ដើម្បីចាប់ផ្ដើមដំណើរការសាងសង់ អគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមជាមួយនឹងទីលានសម្រាប់ប្រារព្ធពិធី ផ្លូវការផ្សេងៗ របង និងផែនការសាងសង់អគ្គបញ្ជាការដ្ឋាន នឹងទីតាំងយុទ្ធសាស្ត្រយូអង្វែងរបស់កងយោធពលខេមរភូមិន្ទ នៅតំបន់បឹងតាមោក “បឹងកប់ស្រូវ" ដោយ ឯកឧត្តម បានបញ្ជាក់អំពី វឌ្ឍនភាពការងារនេះថា៖ ដើម្បីដំណើរការសាងសង់ទីតាំងអគ្គបញ្ជាការដ្ឋានថ្មី ក្រសួងការពារជាតិ បានបង្កើតគណៈកម្មការដើម្បីសិក្សា និងរៀបចំសាងសង់ទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ នៅតំបន់បឹងតាមោគ "បឹងកប់ស្រូវ" តាមលិខិតលេខ ០១៩ សសរ កពជ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើការ អនុវត្តតាមកិច្ចសន្យាខាងលើ អំពីការរៀបចំប្លង់មេ និងប្លង់សាងសង់។ គណៈកម្មការបានសហការជាមួយក្រុមការងារនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយបានធ្វើការប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាច្រើនលើក ច្រើនសារ នឹងធ្វើការប្រមូលផ្ដុំរាល់គំនិតជាច្រើនពីថ្នាក់ដឹកនាំ តាមរចនាបថ បច្ចេកទេសយោធា ព្រមទាំងបានដាក់ឆ្លង ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ គណៈកម្មការបានវាយតម្លៃឃើញថា ដើម្បីរៀបចំប្លង់មេ ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ត្រូវបានសិក្សាអំពីរចនាបថយុទ្ធសាស្ត្រយោធា ភូមិសាស្ត្រ និងសភាពការណ៍គ្រប់កាលៈទេសៈ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា៖ តាមការគ្រោងទុក សំណង់អាគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មីនេះ គ្រោងនឹងសង់លើផ្ទៃដីសរុបប្រមាណជាជាង ៧៤ ហិចតា ដែលមានប្លង់ទីតាំងរួម ចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី ១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអាគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ ជាន់.សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ២១៤៥ នាក់ "កៅអី".អាគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអាគារនៅលើ មានកម្ពស់ ៣ ជាន់។ នៅផ្នែកសងខាង នៃអាគាររដ្ឋបាល អគ្គបញ្ជាការថ្មី ក៏គ្រោងនឹងរៀបចំកន្លែងតាំងពិពណ៌របស់អគ្គបញ្ជាការដ្ឋាន. គ្រោងរៀបចំចំណតយានយន្តនៅផ្នែកសួនក្បែរផ្លូវខាងក្នុង ដែលអាចចតរថយន្តបានចំនួន ៦៦០ គ្រឿង និងរៀបចំចំណតទូចចក្រយានយន្ត នៅក្បែរផ្លូវជាប់របងសងខាង ដែលអាចចតទោចក្រយានយន្តបានចំនួន ៤៤០គ្រឿង។ ជាមួយគ្នានោះដែរគណៈកម្មការ បានគ្រោងសាងសង់នៅអាគារនិវេសនដ្ឋានសម្រាប់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ និងនាយសេនាធិការចម្រុះចំនួន ២ខ្នង អមសងខាង នៃអាគារ អដ្ឋកោណ បែកខាងក្រោយជាប់នឹងរបងតំបន់ទី ២។ រីឯតំបន់ទី៣ គ្រោងនិងសាងសង់ទីលាន និងវេទិកា សម្រាប់ធ្វើពិធីព្យុះហយាត្រា ក្នុងពិធីបុណ្យធំៗ និងអាគារស្នាក់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងការពារ កងអន្តរាគមន៍ និងទីបញ្ជាការកងពលតូច និងផ្ទះស្នាក់នៅរបស់កងអន្តរាគមន៍ រួមនឹងដីបម្រុងទុក្ខសម្រាប់ដាំដើមឈើ នឹងនៅមានហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដែលនឹងត្រូវសាងសង់ឡើងសម្រាប់អគ្គបញ្ជាការដ្ឋានថ្មីនេះ។ រហូតមកទល់ពេលនេះ ក្រោយពីបានសិក្សាលំអិតចប់សព្វគ្រប់ ក្រុមជំនាញបាន និងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការជីករណ្ដៅយកដី ដើម្បីចាក់បំពេញផ្ទៃបឹងលើទំហំដីសរុប ប្រមាណជាង ៧២ ហិចតា ដែលរហូតមកទល់ពេលនេះយើងបានចាក់បំពេញបានប្រមាណជា ៨០% ហើយ។
ក្នុងឱកាសចុះពិនិត្យមើលការងារសាងសង់ទីតាំងអគារអគ្គបញ្ជាការថ្មីនាពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់នូវអនុសាសន៍ ដល់គណៈកម្មការសាងសង់ និងក្រុមវិស្វករជំនាញបច្ចេកទេស សម្រាប់គម្រោងសាងសង់អាគាររដ្ឋបាល ទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនេះ នឹងមានការផ្លាស់ប្ដូរលើចំណុចជាច្រើន ទៅតាមការកែសម្រួល និងលក្ខខណ្ឌចាំបាច់ នៃតម្រូវការប្រើប្រាស់ថវិកា ដើម្បីធានាដល់ការសាងសង់ឲ្យមានទាំងគុណភាព សោភ័ណភាព សន្តិសុខនិងយុទ្ធសាស្ត្រយូរអង្វែងរបស់កងទ័ព ប្រកបដោយតម្លាភាព។ សម្ដេចពិជ័យសេនា បានសម្ដែងនូវការលើកសរសើរ ចំពោះក្រុមការងារបច្ចេកទេសរបស់គណៈកម្មការរៀបចំគម្រោងសាងសង់អគាររដ្ឋបាលថ្មី អគ្គបញ្ជាការដ្ឋាន ថាបានសហការគ្នាយ៉ាងល្អ ជាមួយស្ថាប័នជំនាញរបស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងការសិក្សាគម្រោងសាងសង់នេះរហូតចេញជាលទ្ធផលគួរជាទីមោទនៈ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឲ្យគណៈកម្មការរៀបចំគម្រោងសាងសង់អាគាររដ្ឋបាល ទីតាំងអគ្គបញ្ជាការដ្ឋានថ្មី និងសាមីស្ថាប័នជំនាញបច្ចេកទេសសាងសង់ ធ្វើយ៉ាងណា រួមគ្នាសិក្សាពិនិត្យពិចៃឲ្យបានល្អិតល្អន់ ទាំងស្ថានភាពលក្ខណៈភូមិសាស្ត្រគ្រប់ជ្រុងជ្រោយ អាកាសធាតុ ប្រព័ន្ធរំដោះទឹក ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង និងប្រព័ន្ធផ្លូវមេ ដែលអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍ ជាយថាហេតុប្រកបដោយយុទ្ធសាស្ត្រកងទ័ពយូរអង្វែង។ ជាមួយគ្នានេះដែរ សម្ដេច ក៏បានសំណូមពរដល់ក្រុមការងារសិក្សាគម្រោង និងក្រុមវិស្វករ ឯកទេសសាងសង់ ត្រូវសហការគ្នាឲ្យបានល្អក្នុងការរៀបចំសាងសង់អាគារដ្ឋបាល ទីតាំងអគ្គបញ្ជាការដ្ឋានថ្មីនេះ និងហេដ្ឋារចនាសម្ព័ន្ធដទៃៗទៀត ទៅតាមបទដ្ឋានកម្រិតនៃស្ថានភាពសេដ្ឋកិច្ច ភូមិសាស្ត្រ ដោយមិនត្រូវធ្វើអ្វីឲ្យហួសពីសមត្ថភាពដែលមាន ហើយធ្វើអ្វីដែលធំជាងមាឌ និងសមត្ថភាពរបស់យើងដែលមានបច្ចុប្បន្ននោះឡើយ។ សម្ដេចពិជ័យសេនា ក៏បានជំរុញឲ្យក្រុមការងារជំនាញបច្ចេកទេស ពន្លឿនការសិក្សាគម្រោង និងចាប់ផ្ដើមសាងសង់ ឲ្យបានឆាប់ និងស្របតាមលក្ខណៈបទដ្ឋានស្តង់ដាបច្ចេកទេសនៃសំណង់ មានទាំងគុណភាព សោភ័ណភាព ធានាដល់ការប្រើប្រាស់ជាយុទ្ធសាស្ត្រយោធាយូរអង្វែង ទៅថ្ងៃអនាគតសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕