អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ រួមសហការជាមួយនិងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ លើខ្លឹមសារអនុក្រឹត្យ ស្ដីពីនីតិវិធី និងលក្ខខណ្ឌ ការគ្រប់គ្រង ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។
ឧត្ដមសេនីយ៍ឯក សុន គឹមស៊ន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបំពាក់ តំណាង នាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានអញ្ជើញជាអធិបតីនៅក្នុងឱកាសនោះ និងបានឧទ្ទេសនាមធ្វើបទបង្ហាញ ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម បានថ្លែងថា៖ ការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបនូវចំណេះដឹងដល់នាយទាហាន ស្ថាប័នចំណុះក្រសួងការពារជាតិ ឱ្យយល់ដឹងអំពីការ គ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ក្នុងកងយោធពលខេមរភូមិន្ទ និងដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើស នៃការប្រើប្រាស់ អាវុធខុសច្បាប់ នៅក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម សុន គឹមស៊ន បានបញ្ជាក់ថា ដោយសារមរតកបន្សល់ នៃសង្គ្រាម បានអូសបន្លាយយ៉ាងយូរនៅប្រទេសកម្ពុជា ដែលមុននេះ ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ មិនមានការច្បាស់លាស់ នៅរាយប៉ាយពាសពេញប្រទេស និងធ្វើឲ្យបទល្មើស ការបាញ់បោះសេរី អំពើហឹង្សា ភាពអនាធិបតេយ្យ នៃការប្រើប្រាស់អាវុធខុសច្បាប់ ត្រូវបានកើតមានឡើងជាបន្តបន្ទាប់ ដោយសារអាវុធស្រាល។ ហើយដោយសារនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន សង្គ្រាមត្រូវបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ១៩៩៨ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានឱកាសរៀបចំ ការងាយស្រួលគ្រប់គ្រង និងការចុះបញ្ជីនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទ និងយកបានរក្សាទុកបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នៅតាមបណ្តាអង្គភាព និងមានច្បាប់ និងនីតិវិធី នៃការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ បានត្រឹមត្រូវ ធ្វើឲ្យបទល្មើស ការប្រើប្រាស់អាវុធខុសច្បាប់ ត្រូវបានកាត់បន្ថយចុះយ៉ាងច្រើន។ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់, កម្ពុជាមានការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ បានយ៉ាងល្អ ក្នុងនោះកងយោធពលខេមរភូមិន្ទ ក៏បានចូលរួមចំណែកយ៉ាងល្អផងដែរ។
ជាមួយគ្នានេះ ឧត្ដមសេនីយ៍ឯក សុន គឹមស៊ន ក៏បានធ្វើបទបង្ហាញ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ អនុក្រឹត្យលេខ ១៥៨ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០០៨។ ដែលអនុក្រឹត្យនេះ មាន ៥ជំពូក និងមាន ២២មាត្រា ហើយមានគោលបំណងការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ និងមានវិសាលភាពគ្របដណ្តប់ លើការគ្រប់គ្រង ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្ត្រី ក្នុងព្រះរាជាណាចក្រកម្ពុជា ៕