ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដឹក​នាំ​ប្រតិភូ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​លទ្ធផល​ការ​ងារ​សាង​សង់​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​​សមុទ្រ​រាម​
នាយកដ្ឋានព័ត៌មាន(៣)
581
3018 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដឹក​នាំ​ប្រតិភូ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​លទ្ធផល​ការ​ងារ​សាង​សង់​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​​សមុទ្រ​រាម​

        បន្ទាប់​ពី​បាន​បើក​ការ​ដ្ឋាន​ សាង​សង់​ មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ អស់​រយៈ​ពេល​ ៨​​ខែ​កន្លង​ម​ក នៅ​ព្រឹកថ្ងៃ​ទី០​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ប្រតិភូ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​លទ្ធផល​ការ​ងារ​សាង​សង់​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​​សមុទ្រ​រា​ម នៅ​ខេត្ត​ព្រះ​សីហនុ​។ 

        អញ្ជើញ​អម​ដំណើរ​សម្តេច​ពិជ័យ​សេ​នា​ ទៀ បាញ់ នា​ឱកាស​នោះ​ដែល​មាន​ នាយ​ឧត្តម​សេនីយ៍ ​នាង ផាត រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ, ​នាយ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​ខភម, ​នាយ​ឧត្តម​សេនីយ៍​ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​​ចម្រុះ, ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​ ខ​ភ​ម​ និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ​ព្រម​ទាំង​មេប​ញ្ជាការ​កង​ទ័ព​ជើង​ទឹក​ ជើង​អាកាស ​កង​រា​ជអាវុធ​ហត្ថ ​អគ្គ​នាយក ​អគ្គនាយក​រង​ ព្រម​ទាំង​ឯកឧត្តម ​អស់​លោក​ជា​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋលេខា​ធិការ​មក​ពី​ក្រសួង ​ស្ថាប័ន​ មាន​ការ​ពាក់​ព័ន្ធ​ជា​ច្រើ​រូប​ទៀត​។ សូម​បញ្ជាក់​ថា​៖ នេះ​ជា​ដំណើរ​ចុះ​ពិនិត្យ​ការ​ងា​រ លើក​ទី​៥ ​នៅ​មូល​ដ្ឋាន​សមុទ្រ​រាម​ កង​ទ័ព​ជើង​ទឹក ​បន្ទាប់​ពី​ចាប់​ផ្តើម​អនុវត្ត​ផែន​ការ​សាង​សង់​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ម​កនោះ​។ រហូត​មក​ដល់​ពេល​នេះ ​លទ្ធផល​ នៃ​ការ​ងារ​សាង​សង់​មជ្ឈ​មណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​សម្រេច​បាន​ ៤០​% នៃ​គម្រោង​រួម ​។

      ក្នុង​​របាយ​​ការណ៍​​រប​​ស់មូល​​ដ្ឋាន​​សមុទ្រ​រាម​ បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ ក្នុង​​ដំណើរ​​កា​រ​សា​​ង​សង់​​មជ្ឈមណ្ឌល​​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រា​ម​នេះ ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​របស់​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​រាម ​ចាប់​តាំង​ពី​ពេល​មុន​ រហូត​ដល់បច្ចុប្បន្ន​ ហើយ​កន្ល​ង​ទៅ​ថ្មីៗ​នេះ ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​បាន​គាំទ្រ​ជួយ​ត​ភ្ជាប់​ប្រព័ន្ធ​ទឹ​កស្អាត ​និង​កំពុង​សម្រប​សម្រួល​ការ​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គីសនី​តង់​ស្យុង​ខ្ពស់​នា​ពេល​ខាង​មុខ​​ សម្រាប់​បម្រើ​ឲ្យ​ការ​ងារ​សាង​សង់​ អភិវឌ្ឍ​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម ​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់​ចាំ​បាច់​នា​ពេល​បច្ចុប្បន្ន​។​ បច្ចុប្បន្ន​នេះ​ ក្រុម​ការ​ងារ​សាង​សង់​ បាន​កំពុង​ពន្លឿន​ការ​ងារ​ សាង​សង់​របង​ព័ទ្ធ​ជុំវិញ​មជ្ឈមណ្ឌល ​សាង​សង់​កំពង់​ផែ ​សាង​សង់​អគារ​ស្នាក់​នៅ​ អគារ​ការិយាល័យ​ កន្លែង​ចត​រថយន្ត​ និង​ការ​ងា​របូម​ខ្សាច់​ ស្តា​ឃ្លង ក្នុង​សមុទ្រ។ ទទឹម​នឹង​ការ​ងារ​សាង​សង់​មជ្ឈមណ្ឌល​​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​​នេះ ​នៅ​តា​ម​បណ្ដោយ​ឆ្នេរ​មាត់​សមុទ្រ​រាម​ ក៏​មាន​​​គម្រោង​ការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ប្រមាណ​ជា​ង ៤០​០ម៉ែត្រ​ ផ​ងដែរ​។​ គម្រោង​អភិវឌ្ឍ​ តំបន់​ឆ្នេរ​សមុទ្រ​រាម​នេះ ​ជា​គំនិត​ផ្តួចផ្ដើម​ឡើង​របស់​ក្រសួង​បរិស្ថាន ​ដើម្បី​កែ​លម្អ​ សោភ័ណ្ឌ​ភាព​ឆ្នេរ​ ឲ្យ​ប្រែក្លាយ​ជា​តំបន់​ឆ្នេរ​ទេស​ចរ​ណ៍ និង​មាន​សក្តានុពល​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ មក​ទស្សនា​កំសាន្ត ​ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​រ​ស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​នេះ​។​ ការ​សាង​សង់​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ ដែល​លេច​ចេញ​ជា​រូប​រាង​នា​ពេ​លនេះ​ គឺ​​​ជា​​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​ និង​ជា​ប្រវត្តិសាស្ត្រ​នេះ ​ដែល​បាន​កកើត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ រវាង​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​(កម្ពុជា​-​ចិន)​ ក្នុង​គោល​ដៅ​ជួយ​ស្តារ​ និង​កសាង​លទ្ធភាព​ផ្ដល់​គ្រឿង​បំពាក់ ​សម្ភារៈ​ និង​គ្រឿង​បច្ចេក​ទេស​ ដើម្បី​លើក​កម្ពស់​សមត្ថភាព ​នាយ​នាវី​ នាយ​នាវី​រ​ង ពល​នាវឹក​ និង​អ្នក​ជំនាញ​បច្ចេក​ទេស​គ្រប់​ប្រភេទ​ របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ ឱ្យ​មាន​ជំរុំ ​បន្ទាយ​ ទី​បញ្ហាការ​ កន្លែង​ធ្វើ​ការ​ កន្លែង​ស្នាក់​នៅ​សម​រម្យ​ និង​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ដែន​ទឹក​ ដែន​កោះ ឆ្នេរ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​អោយ​បាន​គង់​វង្ស​ ស្រប​ទៅ​តាម​បទ​បញ្ជា ​ដែល​ក្រសួង​ការ​ពា​រជាតិ​ និង​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន​​។ ​សមិទ្ធផល​ នៅ​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ ដែល​កំពុង​ដំណើរ​ការ​សាង​សង់​នេះ​ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ ក្នុង​ចំណោម​សមិទ្ធផល ​ជា​ច្រើន​ ដែល​កង​យោធ​ពល​ខេមរភូមិន្ទ​សម្រេច​បាន ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន​ សំដៅ​ពង្រឹង​ និង​ពង្រី​ក​សមត្ថភាព​លើ​គ្រប់​ផ្នែក​ គ្រប់​វិស័យ ​ស្រប​តាម​ផែន​កា​រកែ​ទម្រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ។ 

        តាម​រយៈ​ការ​ចុះ​​ពិនិត្យ​​លទ្ធផល​​កា​រ​​ងារ​​សា​ង​​ស​ង់​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋា​នសមុទ្រ​រាម​ នា​​ពេ​ល​​នោះ ​សម្តេច​​ពិជ័យសនា ទៀ បាញ់ បាន​ធ្វើ​ការ​វាយ​តំលៃ​ខ្ព​ស់ ចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង​ របស់​គណៈកម្មការ​សាង​សង់​ ដែល​បាន​ដឹ​កនាំ​ការ​ងារ​ សហ​ការ​ ធ្វើ​អោយ​ការ​ងារ​សាង​សង់​ ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​រហូតម​ក​ដល់​ពេល​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ