ក្នុងឱកាសអនុញាតិឲ្យលោក អូលេ បាស្បាបណូវ (Oleg BAZBABNOV) នាយក នាយកដ្ឋានច្បាប់ នៃក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អូលេ បាស្បាបណូវ (Oleg BAZBABNOV) នាយក នាយកដ្ឋានច្បាប់ នៃក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី ដែលបានមកបំពេញការងារនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។
ឯកឧត្តម នាង ផាត បានចាត់ទុកថា វត្តមានរបស់លោកនាយក នាយកដ្ឋានច្បាប់ នៃក្រសួងការពារប្រទេស សហព័ន្ធរុស្ស៊ី ពិតជាបាននាំនូវការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេស និងកងទ័ពទាំងពីរ កម្ពុជា និងសហព័ន្ធរុស្ស៊ី។ ឯកឧត្តម បានបញ្ជាក់ថា យើងនៅមានកិច្ចការជាច្រើនទៀត ដែលធ្វើពិសេសក្រោយពីមានអនុសារណៈយោគយល់គ្នា រវាងក្រសួងការពារជាតិទាំងពីរ សម្រាប់ពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការក្រសួងការពារជាតិទាំងពីរ។
នៅក្នុងនាមសម្តេចពិជ័យសេនា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំង ខ.ភ.ម, ឯកឧត្តម នាង ផាត បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក ពិសេសការទទួលយកសិក្ខាកាមនាយទាហានកម្ពុជាទៅបណ្តុះបណ្តាលនៅសហព័ន្ធរុស្ស៊ី និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងនាយកដ្ឋានច្បាប់ នៃក្រសួងការពារប្រទេស សហព័ន្ធរុស្ស៊ី និងនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃក្រសួងការពារជាតិទាំងពីរ។
លោក អូលេ បាស្បាបណូវ (Oleg BAZBABNOV) បានលើកឡើងថា ប្រទេសយើងទាំងពីរ សហព័ន្ធរុស្ស៊ីនិង កម្ពុជា មានទំនាក់ទំនាក់ទាក់ទងគ្នាយូរលុងណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការនេះបន្តជា អចិន្ត្រៃយ៍ ពិសេសនៅលើការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ ខ.ភ.ម។ លោក បានបន្តថា បច្ចុប្បន្នសហព័ន្ធរុស្ស៊ី កំពុងសិក្សាក្នុងការសាងសង់សាលាហ្វឹកហ្វឺននៅកម្ពុជា។ ជាមួយគ្នានេះ លោក អូលេ បាស្បាបណូវ (Oleg BAZBABNOV) បានជម្រាបផងដែរ អំពីលទ្ធផលនៃជំនួបពិភាក្សាជាផ្លែផ្កា រវាងនាយកដ្ឋានច្បាប់ នៃក្រសួងការពារប្រទេស សហព័ន្ធរុស្ស៊ី ជាមួយនិងនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ ព្រមទាំងជាមួយនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ.ភ.ម នាអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជានេះ។ ហើយលោក បានបញ្ជាក់ថា លោកនឹងរង់ចាំទទួលប្រតិភូនាយកដ្ឋាននីតិកម្ម ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនាពេលខាងមុខឆាប់ៗនេះ ដើម្បីពង្រឹងពង្រីកកាន់តែខ្លាំងក្លាថែមទៀត នៃកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ពិសេសនៅលើផ្នែកច្បាប់ឲ្យកាន់តែប្រសើរឡើង ៕