ពិធីផ្សព្វផ្សាយសេចក្តីប្រកាសបែងចែកថវិកាជំនាញឆ្នាំ២០២៣ និងណែនាំរបៀបរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២៦ គោលការណ៍អនុវត្តថវិកាកម្មវិធី ២០២៣ និងឆ្នាំបន្ត បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយកស្តីទី អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានហិរញ្ញវត្ថុ តំណាងឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ។ពិធីនេះ បានប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំ ក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីនាយទាហានជំនាញ ហិរញ្ញវត្ថុ មកពីបណ្ដាកងឯកភាពនានា ចំណុះកងយោធពលខេមរភូមិន្ទចំនួន ១០១នាក់។
ក្នុងពិធីផ្សព្វផ្សាយនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន ជំនាញហិរញ្ញវត្ថុ មកពីបណ្ដាកងឯកភាពនានា ចំណុះឲ្យកងយោធពលខេមរភូមិន្ទ អញ្ជើញមកទទួលយកការផ្សព្វផ្សាយ សេចក្តីប្រកាស បែងចែកថវិកាជំនាញ ឆ្នាំ២០២៣ និងណែនាំរបៀប រៀបចំផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ ២០២៤-២០២៦ គោលការណ៍អនុវត្តថវិកាកម្មវិធី ២០២៣ និងឆ្នាំបន្ត ដើម្បីយកទៅអនុវត្ត នៅតាមបណ្តាកងឯកភាព ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា សម្រាប់ឆ្នាំនេះនិងឆ្នាំបន្ទាប់ទៀត។ ឯកឧត្តម លី កុសល បន្តទៀតថា៖ ក្នុងនាមស្ថាប័នហិរញ្ញវត្ថុ ចំណុះកងយោធពលខេមរភូមិន្ទ ជាសេនាធិការ ឲ្យមេបញ្ជាការតាមបណ្ដាកងឯកភាព ត្រូវត្រង់ត្រាប់ស្ដាប់ឲ្យបានច្បាស់លាស់ នូវជំនាញហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយចែកចាយជូន នូវឯកសារពាក់ព័ន្ធ ត្រូវឈ្វេងយល់ នូវនីតិវិធី ចៀសវាងមានការលំបាកដោះស្រាយ ដោយប្រការណាមួយ។ ដើម្បីត្រៀមអនុវត្តការងារកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុរៀបចំពិធីផ្សព្វផ្សាយនេះឡើង សម្រេចឲ្យបាននូវកាលានុវត្តភាពថ្មី ប្រចាំឆ្នាំ ដើម្បីចែករំលែកព័ត៌មានបទពិសោធន៍ និងឈ្វេងយល់ពីគ្នាទៅវិញទៅមក អំពីការកំណត់ និងការប្រើប្រាស់ថវិកាឲ្យសមស្របក្នុងការចូលរួមអនុវត្ត។ ឯកឧត្តម លី កុសល បានបញ្ជាក់ទៀតថា៖ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ប្តេជ្ញាអនុវត្តតាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ធ្វើឲ្យជីវភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទ បានទទួលជាប្រចាំ ប្រាក់បំប៉នជំនាញហ្វឹកហ្វឺន បន្តផ្ដល់ ប្រាក់ហូបបន្ថែមសម្រាប់សមរភូមិមុខ និងថវិកាថែទាំ គ្រឿងបំពាក់បច្ចេកទេសជាដើម។ ពិសេស ការបើកផ្ដល់ប្រាក់បៀវត្សឆាប់រហ័ស ទាន់ពេលវេលាមុនដំណាច់ខែនីមួយៗ និងពេលមានពិធីបុណ្យទានធំៗប្រចាំឆ្នាំ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ តែងតែបើកផ្ដល់ប្រាក់បៀវត្ស បានមុនតាមការកំណត់របស់ថ្នាក់លើជានិច្ច ជូនដល់ដៃយោធិនទូទាំងកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក លី កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងការពារជាតិ ដែលបានចូលរួមយ៉ាងសកម្មលើការងារកំណែទម្រង់ និងសូមបន្តការងារនេះឲ្យប្រព្រឹត្តទៅប្រកបដោយភាពម្ចាស់ការ ទទួលខុសត្រូវខ្ពស់ ពិសេសមានសង្គតិភាព ទៅនឹងរចនាសម្ព័ន្ធ គោលនយោបាយ ដែលជាគោលបំណងរបស់ ក្រសួងការពារជាតិ កម្មវិធី អនុកម្ម ព្រមទាំងចង្កោមសកម្មភាពដែលមានសួចនាករ និងគោលដៅសម្រាប់វាស់វែងលទ្ធផល នៅគ្រប់កម្រិតនីមួយៗទៀតផងដែរ ៕